អត្ថបទពាណិជ្ជកម្ម
សិស្ស​-​និស្សិត​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន​១,៣៣៤​នាក់ ទទួល​វិញ្ញាបនបត្រ និង​សញ្ញាបត្រ ពី​លោក​គាត ឈន់ ប្រធាន​កិ​តិ្ត​យស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ
20, Sep 2019 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២០ ខែកញ្ញា ​ឆ្នាំ​២០១៩​នេះ  សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  បានរៀបចំ​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​ដល់​និស្សិត​ដែល​បញ្ចប់​ការសិក្សា ថ្នាក់​វិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ចំនួន ១,៣៣៤​នាក់​។ ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​នេះ រៀបចំឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក គាត ឈន់ ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​, ព្រមទាំង​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​អប់រំ យុវជន និង​កីឡា មាតាបិតា អាណាព្យាបាល សាស្ត្រាចារ្យ សិស្ស និស្សិត បុគ្គលិក​សិក្សា និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

​តាម​របាយការណ៍​សង្ខេប​របស់​ប្រធាន​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវបាន​បង្កើតឡើង និង​ចាប់ផ្តើម​ដំណើរការ​ដំបូង​នៅ​ឆ្នាំ​២០១១ ដោយមាន​ឈ្មោះថា «​វិទ្យាស្ថាន​ឯកទេស​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​» តាម​អនុក្រឹត្យ​លេខ ៣៧ អនក្រ​.​បក ចុះ​ថ្ងៃទី​២ ខែមីនា ឆ្នាំ ២០១១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។  នៅ​ឆ្នាំ​២០១៥ ក៏បាន​ប្រែក្លាយ​មកជា «​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​» នៅ​ឆ្នាំ​២០១៥ តាម​អនុក្រឹត្យ​លេខ ១២១ អនក្រ​.​បក ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ របស់​រាជរដ្ឋាភិបាល និង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​បេសកកម្ម​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស កម្រិត​ឧ​ត្ត​មសិ​ក្សា លើ​មុខជំនាញ​ដែលជា​សេចក្តីត្រូវការ​ចាំបាច់ សម្រាប់​រួមចំណែក​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា​។



​បច្ចុប្បន្ន សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​បន្ត​អនុវត្ត​យ៉ាងសកម្ម​នូវ​បេសកកម្ម កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស ស្របតាម​ចក្ខុវិស័យ​របស់ខ្លួន ដែល​ចង់​អភិវឌ្ឍ​ខ្លួន​ជា​ជំហានៗ​ទៅជា​«​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ឈានមុខ​មួយ​នៅ​កម្ពុជា ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​ពាក់ព័ន្ធ​ការគ្រប់គ្រង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​»​។ ក្នុងទិសដៅ​នេះ សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​យកចិត្តទុកដាក់​ជានិច្ច លើ​ការពង្រឹង និង​លើកកម្ពស់​គុណភាព​អប់រំ បណ្តុះបណ្ដាល គ្រប់​កម្រិត ដើម្បី​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៃ​ទីផ្សារការងារ និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច តាមរយៈ​ការអភិវឌ្ឍ​ផ្នែក​ទន់ និង​ផ្នែក​រឹង ស្របតាម​ស្តង់ដារ​គុណភាព​អប់រំ​ជាតិ ។

​ការអភិវឌ្ឍ​ផ្នែក​ទន់ គឺ​ផ្តោត​សំខាន់ លើ​ការកសាង និង​កែលម្អ​ផែនការ​យុទ្ធសាស្ត្រ​។ ផែនការ​សកម្មភាព និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​, អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​សិក្សា និង​គ្រូបង្រៀន​, អភិវឌ្ឍ​កម្មវិធីសិក្សា​, ពង្រឹងពង្រីក​កិច្ចសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង ពង្រឹង​វិន័យ​គ្រូ និង​សិស្ស​-​និស្សិត​ជាដើម ។ ចំណែក ការអភិវឌ្ឍ​ផ្នែក​រឹង គឺ​បាន​ផ្តោត​សំខាន់ លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​អគារសិក្សា​, បន្ទប់រៀន​, បន្ទប់​កុំព្យូទ័រ​, មូលដ្ឋាន​សម្ភារ​រូបវន្ត​,​គ្រឿង​បរិក្ខារ និង​សម្ភារ​ឧបទ្ទេស​គ្រប់​ប្រភេទ ដែល​គាំទ្រ​ដល់​ការបណ្តុះបណ្តាល ប្រកបដោយ​សង្គតិភាព និង​ប្រសិទ្ធភាព​។​



​លើសពីនេះ សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាននិងកំពុង​បន្ត :

​ទី​១. ធ្វើ​ទំនើប​នីយកម្ម​កម្មវិធីសិក្សា និង​ធ្វើ​ប​ច្ចុ​ប្បក​ម្ម​ឯកសារ​បណ្តុះបណ្តាល​។
​ទី​២. បង្កើន​ការវិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត គាំទ្រ​ការបណ្តុះបណ្តាល និង​សិក្សា​ស្រាវជ្រាវ​។​
​ទី​៣. សម្រិតសម្រាំង​ការជ្រើសរើស​សិស្ស​-​និស្សិត ឱ្យចូល​រៀន និង​ជំរុញ​លើកទឹកចិត្ត​សាស្ត្រាចារ្យ ក្នុងការ​ស្រាវជ្រាវ និង​ផ្សារភ្ជាប់​ទ្រឹស្តី ទៅនឹង​ការអនុវត្ត ទៅក្នុង​ការបង្រៀន​តាម​មុខវិជ្ជា​នីមួយៗ​។
​ទី​៤. លើកកម្ពស់​ការយល់ដឹង និង​ការចូលរួម​អនុវត្ត ពី​សិស្ស​-​និស្សិត សាស្ត្រាចារ្យ និង​បុគ្គលិក​សិក្សា សំដៅ​លើកស្ទួយ និង​ជំរុញ​ការគោរព​«​សីលធម៌ សុជីវធម៌ និង គុណធម៌​» របស់​សង្គម​ខ្មែរ ។

​ទន្ទឹមនេះ សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏មាន​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​រយៈ​ខ្លី និង មធ្យម​ផងដែរ ដោយ​ផ្តោតលើ​ជំនាញ​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​,​វិជ្ជាជីវៈ​គណនេយ្យ និង​វិជ្ជាជីវៈ​ភ្នាក់ងារ​អចលនវត្ថុ ផងដែរ​។



​ជាមួយ​នោះ ទន្ទឹមនឹង​ការគាំទ្រ និង​ការតម្រង់ទិស​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​នឹង​ការចូលរួម​គាំទ្រ ពី​តួអង្គ​ពាក់ព័ន្ធ សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន និង​កំពុង​បន្ត ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​ជាតិ​-​អន្តរជាតិ​សំខាន់ៗ រួមមាន​៖ គណកម្មកា​រមូល​ប​ត្រ​កម្ពុជា​, ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​, សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​, សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ និង​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, សាកលវិទ្យាល័យ​ឆាល​ស្ទឺ​ត ប្រទេស​អូស្ត្រាលី​, ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​អន្តរជាតិ Oracle, ស្ថាប័ន Inspire Professional ប្រទេស​ម៉ាឡេស៊ី និង​ស្ថាប័ន ACCA Cambodia, ក្រុមហ៊ុន និង​ធនាគារ​ធំៗ​ជាតិ​-​អន្តរជាតិ ដូចជា ក្រុមហ៊ុន EY, KPMG, PWC, Deloitte, ABA Bank, May Bank, CIMB Bank និង​ធនាគារ​កាណាឌីយ៉ា​ជាដើម ។ កិច្ចសហប្រតិបត្តិការ​ទាំងនេះ បានផ្តល់​កាលានុវត្តភាព សម្រាប់​តម្រង់ទិស​ការ​អភិវឌ្ឍ​កម្មវិធីសិក្សា​ផង និង​ជា​ថ្នាល​ពិសោធន៍ សម្រាប់​ផ្សារភ្ជាប់​ការសិក្សា និង​ការអនុវត្ត​ជាក់ស្តែង​ផង និង​ផ្តល់ឱកាស​ការងារ សម្រាប់​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ទៀតផង​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ លោក គាត ឈន់ ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន និង​កំពុង​សហការគ្នា​ជិតស្និទ្ធ ជាមួយ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងការ​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​ជូន​មន្ត្រីរាជការ និង សាធារណជន​។ ជាពិសេស​សម្រាប់​អនុវត្ត ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា គួរឱ្យកត់សម្គាល់ ព្រមទាំង​ទទួលបាន​ការគាំទ្រ ពី​ក្រសួង​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន អង្គការ សាធារណជន សិស្ស​-​និស្សិត សាស្ត្រាចារ្យ អាណាព្យាបាល និង​ការទទួលស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង កីឡា និង គណៈកម្មការ​ទទួលស្គាល់​គុណភាព​អប់រំ​កម្ពុជា (​គ​.​ទ​.​ក​) លើ​គុណភាព​អប់រំ និង​បណ្តុះបណ្តាល ដែល​កំពុង​បន្តដំណើរ​ឆ្ពោះទៅមុខ ក្នុងទិសដៅ​ដ៏​ត្រឹមត្រូវ ប្រកបដោយ​គុណភាព និង​សក្តានុពល​។​



​ទន្ទឹមនេះ កិត្តិ​បរិរក្ស​បណ្ឌិត ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ  បាន​គូសបញ្ជាក់ថា ដោយមាន​ការគាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​អគ្គបណ្ឌិត​សភាព​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ តាមរយៈ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​, ជា​ប្រធាន​ក្រុមការងារ​កសាង​សមត្ថភាព នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ជា​អនុប្រធាន​ប្រចាំការ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​, សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាននិងកំពុង​បង្កើន​កិច្ចសហការ​សស្រាក់សស្រាំ​ជាមួយ អង្គភាព​ជំនាញ​សំខាន់ៗ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដូចជា វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ និង លេខាធិការដ្ឋាន​ក្រុមការងារ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​គោលបំណង​បង្កើន​ការចូលរួមចំណែក​ក្នុង​ការងារ​កសាង​និង​អភិវឌ្ឍ​សមត្ថភាព​ជូន​មន្ត្រីរាជការ និង សាធារណជន លើ​ជំនាញ​ចាំបាច់​សម្រាប់​ការគ្រប់គ្រង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ ជាពិសេស សម្រាប់​ការអនុវត្ត​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឱ្យសម្រេចបាន​ជោគជ័យ​ច្រើន​ថែមទៀត ។​

​លោក គាត ឈន់ បានបញ្ជាក់​បន្ថែមថា ប្រជាជន​កម្ពុជា កំពុង​ទទួល​អត្ថប្រយោជន៍​ពី​សុខ សន្តិភាព ពេញ    បរិបូណ៌ លើ​ផ្ទៃ​ប្រទេស ដែលជា​អត្ថ​មនុញ្ញផល ពី​គោលនយោបាយ “​ឈ្នះ​-​ឈ្នះ​” របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ សុខសន្តិភាព​នេះ គឺជា​បុព្វ​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ដែល​បានធ្វើឱ្យ​កម្រិតជីវភាព​របស់​ប្រជាជន កាន់តែ​ប្រសើរឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

​ទន្ទឹម​នោះ លោក គាត ឈន់ បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុងស្ថិត​នៅក្នុង​បរិការណ៍​តំបន់ និង​ពិភពលោក ដែល​រចនា​ទៅដោយ​ការវិវត្ត រីកចម្រើន​កាន់តែខ្លាំង​ឡើង នៃ​«​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​» និង​បាន​ស្តែងឡើង​តាមរយៈ «​បដិវត្ត​ឧស្សាហកម្ម​ទី ៤.០» ដែល​កំពុង​ក្លាយជា​កម្លាំងចលករ​គ​ន្លឹះ​ចម្បង​មួយ មាន​ឥទ្ធិពល​ដល់​ការកំណត់​និន្នាការ​សង្គម​-​សេដ្ឋកិច្ច ពី​គ្រប់​ទិដ្ឋភាព ពិសេស ទាំង​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​របស់​សកលលោក​ទាំង​មូល​។ ការរីកចម្រើន​ផ្នែក បច្ចេកវិទ្យា នឹង​ជំរុញ​ល្បឿន និង​ភាព​ស៊ីជម្រៅ​នៃ​ការបង្កើត​ឧបករណ៍ និង​កម្មវិធី​ស្វ័យប្រវត្តិកម្ម ដែល​អាច​ជំនួស​ដល់​កម្លាំង និង​បញ្ញា​មនុស្ស​យ៉ាង​សម្បើម​។ ក្នុង​បរិការណ៍​នេះ ការអប់រំ​គឺជា​ការ​កត្តា​កំណត់​ដ៏​សំខាន់ សម្រាប់​ធានា​ជោគវាសនា និង​ការអភិវឌ្ឍ​ប្រកបដោយ​ចី​ភាព​របស់​សង្គមជាតិ​។ តាម     រយៈ​នេះ​«​ការអភិវឌ្ឍ​ធនធានមនុស្ស​មានគុណ​ភាព បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​» គឺជា​កិច្ចការ​ចាំបាច់​សម្រាប់​ក​ម្ពុ​ជា ដើម្បី​ចូលរួមចំណែក​ប្រកបដោយ​ជវភាព និង​ឧត្តមភាព នៅក្នុង​សមាហរណកម្ម​ដោយ​ពេញលេញ ទៅក្នុង​តំបន់ និង​ពិភពលោក​។​



​ក្នុងន័យនេះ លោក គាត ឈន់ ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សិស្ស និង​និស្សិត​ជ័យលាភី​ថ្នាក់​វិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទាំង ១,៣៣៤ នាក់ និង​បាន​ផ្តាំផ្ញើ និង​លើកទឹកចិត្ត​ដល់​សិស្ស និង និស្សិត​ជ័យលាភី​ទាំងអស់ បន្ត​ខិតខំ​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍ ពី​ការអនុវត្ត​ការងារ​ជាក់ស្តែង នៅក្នុង​ការដ្ឋាន​ការងារ​ប្រចាំថ្ងៃ និង​ត្រូវ​តស៊ូ ព្យាយាម អត់ធន់ ប្រកបដោយ​សីលធម៌ និង​បុ​រេ​សកម្ម រួម​នឹង​ការច្នៃប្រឌិត​ខ្ពស់ ដើម្បី​ដុសខាត់ និង​ហ្វឹកហ្វឺន ចំណេះដឹង​របស់ខ្លួន ឱ្យ​កាន់តែ​រឹងមាំ និង​ស្ទាត់ជំនាញ សម្រាប់​ឆ្លើយតប ដោយ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព ទៅនឹង​តម្រូវការ​ទីផ្សារការងារ និង​សង្គមជាតិ សំដៅ​ដោះស្រាយ​ទប់ទល់​គ្រប់​បញ្ហា​ប្រឈម​ចំពោះមុខ​ផង និង​បង្កបង្កើត​ស្នាដៃ​ល្អៗ​សម្រាប់​សង្គមជាតិ​កម្ពុ​ជា​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com