កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀងឡើងទៅជួបបឹងកេតនៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង កីឡាករ សុក សុវណ្ណ (ឆ្វេង)អបអរក្រោយព្រះខ័នរាជស្វាយរៀងឈ្នះកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ, រូបភាពពី SEA Games 2023
× ក្រោយយកឈ្នះភ្នំពេញក្រោនយ៉ាងប្រផិតប្រផើយដោយបាល់ប៉េណាល់ទី ព្រះខ័នរាជស្វាយរៀងត្រូវឡើងទៅប៉ះបឹងកេតនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង។ បើគ្មានការប្រែប្រួលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោនជឿជាក់ថា ការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយបឹងកេត នឹងអាចបញ្ចប់ក្នុងលទ្ធផលដូចក្រុមខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នាការប្រកួតដ៏ស្វិតស្វាយនៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី១៩ ខែកញ្ញា ក្រុមភ្នំពេញក្រោនបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយព្រះខ័នរាជក្នុងការប្រកួត៩០នាទី ទោះបីក្រុមទាំងពីរព្យាយាមបង្កើតឱកាស និងដាក់សម្ពាធគ្នាទៅវិញទៅមកក៏ដោយ។ លទ្ធផលនេះ ទាមទារឲ្យក្រុមទាំងពីរត្រូវទាត់បាល់ប៉េណាល់ទី ដើម្បីកាត់សេចក្តីរកចាញ់ឈ្នះ។
ឈានដល់ការទាត់បាល់ប៉េណាល់ ទីកីឡាករ យ៉ើ មូស្លីម បានសម្រេចគ្រាប់បាល់នាំមុខ ១-០ សម្រាប់ភ្នំពេញក្រោន មុន នេន សុធារ័ត្ន ផ្តល់ក្តីអស់សង្ឃឹមសម្រាប់ព្រះខ័នរាជស្វាយរៀង ក្រោយធ្វើមិនបានសម្រេចក្នុងការទាត់បាល់បើកឆាក។ អតីតកីឡាករបឹងកេត សុខ សុវណ្ណ សម្រេចគ្រាប់បាល់ទី២ឲ្យភ្នំពេញក្រោន មុនប្រធានក្រុម សឿយ វិសាល សម្រេចគ្រាប់បាល់តាមពីក្រោយ ២-១ ឲ្យព្រះខ័នរាជស្វាយរៀង។
អ៊ន ចាន់ប៉ូលីន បានបង្កើនការនាំមុខ ៣-១ ឲ្យភ្នំពេញក្រោន បន្ទាប់មក សុក សំណាង ធ្វើបានសម្រេចសម្រាប់ការទទួលរ៉ាប់រងបាល់ទី៣របស់ព្រះខ័នរាជស្វាយរៀង មុន វ៉ា សុខថន ធ្វើបានសម្រេចគ្រាប់ទី៤ ដើម្បីបង្កើនការនាំមុខសាជាថ្មី។ កីឡាករ សំអឿន ពិដោរ ដែលទើបត្រឡប់ចូលទីលានកាលពីពេលថ្មីៗក្រោយជាសះស្បើយពីរបួស ធ្វើបានយ៉ាងល្អក្នុងការទាត់បាល់ទី៤របស់ស្វាយរៀង។
ខ្សែការពារ សឿត បារាំង ដែលទទួលភារៈក្នុងការទាត់បាល់ចុងក្រោយរបស់ភ្នំពេញក្រោន មិនអាចទម្លុះរបាំងការពារដ៏រឹងមាំរបស់អ្នកចាំទី អាំ សុវណ្ណារ៉ាត់ បាននោះទេ ដែលបានហុចឱកាសឲ្យកីឡាករ ហូយ ផល្លីន រកគ្រាប់បាល់តាមស្មើ ៤-៤ ឲ្យព្រះខ័នរាជស្វាយរៀង។ សុវណ្ណារ៉ាត់ បានបន្តបំពេញតួនាទីយ៉ាងល្អ តាមរយៈការសង្គ្រោះបាល់ពីការទាត់របស់កីឡាករ ប្រាក់ ធីវ៉ា បានយ៉ាងល្អ បន្ទាប់មកកីឡាករ សួន សុវណ្ណ ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះ ៥-៤ ឲ្យព្រះខ័នរាជស្វាយរៀង។
ជ័យជម្នះនេះ ជួយឲ្យព្រះខ័នរាជស្វាយរៀងទទួលបានកៅអីឡើងទៅជួបបឹងកេតនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ ជាលើកដំបូង ហើយវាក៏ជាលើកទី១ផងដែរ សម្រាប់បឹងកេត ដែលបានឡើងមកវគ្គផ្តាច់ព្រ័ត្រ។ ព្រះខ័នរាជស្វាយរៀងធ្លាប់ឈ្នះជើងឯកបានចំនួន៤លើក(២០១១, ២០១២, ២០១៥, ២០១៧) និងជើងឯករងចំនួន១លើកនៅឆ្នាំ២០១៦ ខណៈបឹងកេតទទួលបានចំណាត់ថ្នាក់លេខ៣ចំនួន១លើកនៅឆ្នាំ២០១៤។
បើគ្មានការប្រែប្រួលនោះទេ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។ ប៉ុន្តែលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានបញ្ជាក់ថា ការប្រកួតសម្រាប់វគ្គផ្តាច់ព្រ័ត្រអាចនឹងមានការប្រែប្រួលពេលវេលាប្រកួត ដោយអាចនឹងរំកិលឲ្យលឿនជាងនេះ។
ក្រោយខកខានឱកាសក្នុងការដឹកនាំក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ លោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោនបានលើកឡើងថា ការប្រកួតរវាងក្រុមបឹងកេតជាមួយព្រះខ័នរាជស្វាយរៀង អាចនឹងបញ្ចប់ក្នុងលទ្ធផលដូចការប្រកួតរវាងភ្នំពេញក្រោនជាមួយស្វាយរៀង ដ្បិតក្រុមទាំងពីរអាចនឹងប្រើទម្រង់លេងបែបការពារច្រើនជាងប្រយុទ្ធ។ លោកបន្ថែមថា ក្រុមទាំងពីរមានសមត្ថភាព និងរៀបចំបានល្អដូចគ្នា បើក្រុមណាធ្វេសប្រហែសអាចនឹងទទួលរងបរាជ័យ៕
Tag:
Hun Sen Cup 2019
ព្រះខ័នរាជស្វាយរៀង
បឹងកេត
វិសាខា
ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com