កីឡាជាតិ
ជាតិ
គ្រួសារ​សម្តេច សុខ អាន ចំណាយ​ថវិកា​រៀបចំ​ការប្រកួត​ប៉េតង់ ដើម្បី​រំលឹក​គុណ​ឪពុក​
20, Sep 2019 , 4:45 pm        
រូបភាព
លោក ស សុខា (រាប់ពីឆ្វេងទី៦)ថតរួមគ្នាជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា, រូបភាពទាំងអស់ពីអគ្គនាយកដ្ឋានកីឡា
លោក ស សុខា (រាប់ពីឆ្វេងទី៦)ថតរួមគ្នាជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា, រូបភាពទាំងអស់ពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា រៀបចំ​ការប្រកួត​កីឡា​ប៉េតង់ ដណ្តើមពាន​រង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន ប្រចាំឆ្នាំ​២០១៩ ដែលមាន​កីឡាករ​កីឡាការិនី​ជាង​៣០០​នាក់​ចូលរួម​។ ក្រៅពី​អភិវឌ្ឍ​កីឡា​ប៉េតង់​ឲ្យ​កាន់តែ​រីកចម្រើន ការប្រកួត​នេះ ក៏​ជាការ​រំលឹក​គុណ​សម្តេច សុខ អាន ដែលជា​ស្ថាបនិក​ផងដែរ​។



​ដើម្បី​រំលឹក​គុណ​សម្តេច សុខ អាន ដែលជា​ស្ថាបនិក​និង​ជាម​នុស្ស​សំខាន់​មួយរូប ក្នុង​ការជួយ​អភិវឌ្ឍ​កីឡា​ប៉េតង់​កម្ពុជា​ឲ្យ​មាន​ភាព​ល្បី​រន្ទឺ​ទាំង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា នឹង​រៀបចំ​ការប្រកួត​កីឡា​ប៉េតង់ ដើម្បី​ដណ្តើមពាន​រង្វាន់​របស់​សម្តេច​។ បើតាម​លោក ស សុខា ប្រធាន​សហព័ន្ធ ថវិកា​ដែល​ចំណាយ​លើ​ការរៀបចំ​ពានរង្វាន់​នេះ ជា​ថវិកា​របស់​ក្រុមគ្រួសារ​សម្តេច សុខ អាន​។​


លោក ស សុខា បោះប៊ូលជានិមិត្តរូប ដើម្បីបើកការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន, រូបពីអគ្គនាយកដ្ឋានកីឡា

«​ពានរង្វាន់​សម្ដេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧​កើតឡើង​ក្រោម​ការ​ជ្រោមជ្រែង និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រុមគ្រួសារ​សម្ដេច សុខ អាន ដើម្បី​រំលឹក​ដល់​គុណូបការៈ​របស់​សម្ដេច ដែលជា​ស្ថាបនិក​និង​បាន​ចូលរួម​អភិវឌ្ឍន៍​កីឡា​ប៊ូល និង​ប៉េតង់​នៅ​កម្ពុជា​។ គុណ​របស់​សម្តេច​បាន​បង្កើត​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​ដល់​យើងទាំងអស់គ្នា​ដែលជា​អ្នកជំនាន់ក្រោយ​»​។ លោក ស សុខា លើកឡើង​បែបនេះ​ក្នុង​ពិធី​បើក​ការប្រកួត​ពានរង្វាន់​ស​ម្តេច​វិបុល​បញ្ញា សុខ អាន នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​។​

​នេះ​ជា​លើក​ទី​៧​ហើយ ដែល​សហព័ន្ធ​បានរៀបចំ​ពានរង្វាន់​នេះ ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​មកពី​តាម​បណ្តា​ខេត្ត​នានា បានបង្ហាញ និង​បញ្ចេញ​សមត្ថភាព ដើម្បី​សម្រេច​គោលបំណង ដែល​ចង់​ក្លាយជា​កីឡាករ​ជម្រើសជាតិ​នាពេល​អនាគត​។ សម្រាប់​លោក ស សុខា ពានរង្វាន់​នេះ គឺជា​ការរួមចំណែក​អភិវឌ្ឍន៍​កីឡា​ប៉េតង់​កម្ពុជា ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។



«​ក្រោម​ការយកចិត្តទុកដាក់ និង​ទស្សនៈ​វែងឆ្ងាយ​របស់​សម្ដេច សុខ អាន បាន​បង្កើតអោយមាន​យុវជន​ថ្នាល​អាយុ​ក្រោម​១៧​ឆ្នាំ ក្នុងការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខ​។ រាជរដ្ឋាភិបាល​តែឯង​មិនអាច​សម្រេច​ទិសដៅ នៃ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ឡើយ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់ គឺជា​កម្លាំង​ស្នូល​ក្នុងការ​រៀបចំ​ផែនការ​ក្នុងការ​សម្រេច​ទិសដៅ​នេះ​»​។ នេះ​ជាការ​បន្ថែម​របស់លោក ស សុខា ដែល​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព គោរព​បទ​បញ្ហា​ការប្រកួត និង​ឈរលើ​គោលការណ៍ Fair Play​។    

​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច សុខ អាន សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បាន​លេចចេញ​ជា​រូបរាង​នៅ​ឆ្នាំ​១៩៩១​។ ក្រោយ​ដំណើរការ​២៨​ឆ្នាំ ប៉េតង់​កម្ពុជា​បាន​សាង​ស្នាដៃ​យ៉ាងច្រើន​នៅ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​៧២ ប្រាក់​៩៣ និង​សំរឹទ្ធ​១០៣៕


Tag:
 ​ប៉េតង់​
  សុខ អាន​
  ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com