ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំវេទិកាតុមូលក្រោមប្រធានបទ «ការចូលរួមរបស់ក្មេងស្រីក្នុងការសម្រេចចិត្តក្នុងប្រទេសកម្ពុជា» នាមជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា-កូរ៉េ (CKCC) ដែលមានអ្នកចូលរួមប្រមាណ ២៥០នាក់។ ក្នុងកិច្ចពិភាក្សានេះ បានផ្ដោតសំខាន់លើការធ្វើសេចក្ដីសម្រេចចិត្តរបស់ក្មេងស្រី និងការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយបែបវិជ្ជមាន។
ដើម្បីអបអរសាទរទិវាក្មេងស្រីអន្តរជាតិ ដែលប្រារព្ធនៅថ្ងៃទី១១ ខែតុលាជារៀងរាល់ឆ្នាំ អង្គការភ្លែនអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ កញ្ញានេះ បានរៀបចំវេទិកាតុមូលក្រោមប្រធានបទ «ការចូលរួមរបស់ក្មេងស្រីក្នុងការសម្រេចចិត្តក្នុងប្រទេសកម្ពុជា»។ កិច្ចពិភាក្សានេះ មានវាគ្មិនចូលរួមចំនួន ៦នាក់ មកពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងកិច្ចការនារី, ស្ថានទូតអូស្ត្រាលី, ស្ថានទូតអង់គ្លេស, តំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា និងតំណាងបណ្ដាញកុមារអ្នកតស៊ូមតិ។
លោក យី គីមថាន នាយកប្រចាំប្រទេសស្ដីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីចូលរួមចំណែកក្នុងការប្រារព្ធទិវាក្មេងស្រីអន្តរជាតិ ជាពិសេសការចូលរួមក្នុងការសម្រេចចិត្តរបស់ក្មេងស្រី។ នាយកប្រចាំប្រទេសស្ដីទីរូបនេះ បន្តថា៖ «កិច្ចពិភាក្សាខាងលើនេះ ក៏លើកឡើងពីប្រព័ន្ធផ្សព្វផ្សាយ ដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយអំពីភាពវិជ្ជមាន និងការលើកទឹកចិត្តក្មេងស្រី ដើម្បីធ្វើជាគំរូដល់ក្មេងស្រីដទៃ ឲ្យមានការជឿជាក់លើខ្លួនឯង»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា នៅឆ្នាំ២០១៧ មានរបាយការណ៍មួយបានបង្ហាញថា ជាងពាក់កណ្ដាលនៃក្មេងស្រីអាយុ ១០ ដល់១៧ឆ្នាំ មិនមានភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងនោះទេ ហើយជាលទ្ធផលពួកគាត់មិនចាប់យកឱកាស និងមិនសូវចូលរួមក្នុងសកម្មភាពសង្គម។
លោក យី គីមថាន អះអាងថា៖ «ប្រព័ន្ធផ្សព្វផ្សាយបែបវិជ្ជមាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្មេងស្រី។ ព្រោះព័ត៌មានអនឡាញសព្វថ្ងៃ ធ្វើឲ្យក្មេងស្រីអាចស្វែងយល់ពីភាពជាគំរូ និងភាពជោគជ័យ ដែលអាចឲ្យក្មេងស្រីមានភាពជឿជាក់ និងលើកទឹកចិត្តដល់ក្មេងស្រី»។
សូមបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ ២០០២ ដោយបានជួយដល់កុមារជាងកន្លះលាននាក់ និងគ្រួសាររបស់ពួកគេ តាមរយៈកម្មវិធីដូចជា៖ គាំពារ និងអភិវឌ្ឍកុមារតូច, កិច្ចការពារកុមារ, ទឹកស្អាត និងអនាម័យ, អាហារូបត្ថម្ភ, ការអប់រំថ្នាក់បឋមសិក្សា និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ អង្គការភ្លែនអន្តរជាតិកំពុងធ្វើប្រតិបត្តិការនៅក្នុង ១៧ ខេត្ត-រាជធានី ក្នុងចំណោម ២៥រាជធានី-ខេត្ត៕