កីឡាជាតិ
ជាតិ
ជឹម រតនៈ មន្ត្រីប៉ូលិស និងជាអតីតខ្សែបម្រើភ្នំពេញក្រោនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជឹម រតនៈ ពេលនៅជាកីឡាករភ្នំពេញក្រោន និងពេលបំពេញតួនាទីជាមន្ត្រីប៉ូលិស។ ប្រភពរូបថត៖ Kampuchea Party Republican និងហ្វេសប៊ុកឈ្មោះ មេបក្ស អ៊ូតាំង
× លោក ជឹម រតនៈ អតីតខ្សែបម្រើភ្នំពេញក្រោន និងបច្ចុប្បន្នជាមន្ត្រីប៉ូលិស បានទទួលមរណភាពក្នុងអាយុ៣៣ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមការផ្សាយរបស់ TVFB ដែលបានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ លោក ជឹម រតនៈ បានជិះម៉ូតូ ហើយប៉ះទង្គិចជាមួយរថយន្តដឹកដីធុនធំ ហើយបានកៀបក្រោមរថយន្ត។ មន្ត្រីប៉ូលិស និងជាអតីតកីឡាកររូបនេះ បានទទួលមរណភាព មុនពេលដែលពលរដ្ឋនាំគ្នាប្រឹងជួយសង្គ្រោះដើម្បីបញ្ជូនទៅមន្ទីរពេទ្យ។
ជឹម រតនៈ ត្រូវបានមិត្តរួមអាជីពដាក់រហស្សនាមថា «ស្វា»។ គេធ្លាប់បានលើកពានខេមបូឌានលីគជាមួយភ្នំពេញក្រោន កាលពីរដូវកាលឆ្នាំ២០១០ និង២០១១ និងជាសមាជិកម្នាក់ដែលបានជួយឲ្យភ្នំពេញក្រោន ជាប់ចំណាត់ថ្នាក់លេខ២ក្នុងពានរង្វាន់ AFC President’s Cup កាលពីឆ្នាំ២០១១ ផងដែរ។
នាការប្រកួតវគ្គជម្រុះពានរង្វាន់សម្តេច ហ៊ុន សែន នៅកីឡដ្ឋានខេត្តកំពង់ធំ កាលពីឆ្នាំ២០១១ រតនៈ បានរងរបួសកាលដ៏ធ្ងន់ធ្ងរ ដោយសារការប៉ះទង្គិចជាមួយអ្នកចាំទីខេត្តកំពង់ធំ ហៀង សេងហុង ក្រោយបានប្រកួតបានជាង២០នាទី។
រតនៈ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ ខណៈលទ្ធផលនៃការប្រកួតនាពេលនោះ ភ្នំពេញក្រោន បានយកឈ្នះកំពង់ធំ ៦-១។
ក្រោយមក រតនៈ បានបញ្ចប់អាជីពជាកីឡាកររបស់ខ្លួន ហើយចូលបម្រើការជាមន្ត្រីប៉ូលិស។ យើងមិនមានព័ត៌មានលម្អិតទាក់ទងនឹងស្ថានភាពគ្រួសាររបស់អតីតកីឡាកររូបនេះឡើយ ប៉ុន្តែបើតាមហ្វេសប៊ុក ក្រោមគណនីឈ្មោះ «មេបក្ស អ៊ូតាំង» លោក រតនៈ តែងតែបង្ហោះរូបរីករាយជាមួយភរិយា និងកូនតូចៗ២នាក់។
ទៀង ទីនី, គួច សុគម្ភៈ, ឃឹម បូរី, សុន សុបញ្ញា, ហុង រតនា, សួង វីរៈ, ចាន់ ឆាយ៉ា, ធុល សុធារិទ្ធ ជាដើម ស្ថិតក្នុងចំណោមមិត្តរួមជំនាន់របស់ លោក ជឹម រតនៈ ពេលកាលនៅជាកីឡាករ៕
© រក្សាសិទ្ធិដោយ thmeythmey.com