កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d’Or សម្រាប់​អ្នកចាំទី នឹង​បង្កើត​លើកដំបូង​នៅ​ឆ្នាំ ២០១៩​នេះ​
21, Sep 2019 , 10:55 am        
រូបភាព
ទស្សនា​វ​ដ្តី​កីឡាបាល់ទាត់​បារាំង (France Football magazine) បានប្រកាស​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​ថា ពានរង្វាន់ Ballon d’Or សម្រាប់​អ្នកចាំទី​នឹង​ផ្តល់​ឲ្យ​ជា​លើកដំបូង​នៅ​ឆ្នាំ ២០១៩​នេះ​។​



ពានរង្វាន់​ថ្មី​នេះ​នឹងត្រូវ​ដាក់ឈ្មោះ Yashin Trophy ដោយ​យកឈ្មោះ​តាម​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​សូ​វៀត (​សព្វថ្ងៃ​រុស្ស៊ី​) លោក Lev Yashin ដែលជា​អ្នកចាំទី​តែមួយ​រូប​គត់​ដែល​បានឈ្នះ Ballon d'Or​។

Yashin ដែល​កើត​ក្នុង​ក្រុង​មូ​ស្គូ និង​ទទួលមរណភាព​ក្នុង​វ័យ​៦០ ពោលគឺ​ក្នុង​តាំងពី​ឆ្នាំ​១៩៩០ បាន​លេង​ឲ្យ​ក្រុម Dynamo Moscow រយៈពេល​២១​រដូវ​កាល ហើយ​ឈ្នះ Ballon d'Or ក្នុង​ឆ្នាំ​១៩៦៣ ក្នុងនាម​ជា​អ្នកចាំទី​ឆ្នើម​ជាងគេ​លើ​លោក​។​

  
     Lev Yashin (ឆ្វេង) ក្នុងជំនួបរវាងជម្រើសជាតិសូវៀតទល់ស៊ុយអែតនៃព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៥៦
Ballon d’Or សម្រាប់​កីឡាករ​បុរស​ឆ្នើម​បាន​បង្កើត​ឡើងជា​លើកដំបូង​តាំងពី​ឆ្នាំ​១៩៥៦ ហើយ​លោក Stanley Matthews ជា​អ្នកឈ្នះ​ជ័យលាភី​នេះ​មុនគេ​។ Matthews ដែលជា​កីឡាករ​បាល់ទាត់​សញ្ជាតិ​អង់គ្លេស ទទួលបាន​សំឡេងឆ្នោត​តាមរយៈ​អ្នកសារព័ត៌មាន ចំនួន​៤៧​សំឡេង នាំមុខ​គូប្រជែង Alfredo Di Stéfano ៣​សំឡេង​។​
 
​ក្រោយ​បង្កើតឡើង​រយៈពេល​៦២​ឆ្នាំ នៅ​ឆ្នាំ​២០១៨ ពាន​នេះ​បានផ្តល់​សម្រាប់​ស្ត្រី​ផងដែរ ដោយ​កីឡាការិនី​លោក Ada Hegerberg របស់​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស និង​ក្លិប Lyon ជា​អ្នកទទួលបាន​លើកដំបូង​។​
 
​បេក្ខភាព​៣​នាក់​ចុងក្រោយ​ដើម្បី​ប្រជែង​ពាន Ballon d'Or សម្រាប់​ឆ្នាំ​២០១៩​នេះ នឹងត្រូវ​បង្ហាញ​នៅ​ថ្ងៃទី​២១ ខែតុលា មុន​ប្រកាស​ជ័យលាភី​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​ក្នុង​ក្រុងប៉ារីស ប្រទេស​បារាំង​។​
 
​អ្វីដែល​ពិសេស​នោះ ទស្សនា​វ​ដ្តី​បាល់ទាត់​បារាំង​ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ នឹង​បន្ថែម​ពាន Ballon d'Or មួយទៀត​សម្រាប់​អ្នកចាំទី​ឆ្នើម​ដោយ​ដាក់ឈ្មោះថា Yashin Trophy ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៩​នេះ​។​
 
​សូមបញ្ជាក់ថា បេក្ខភាព​១០​រូប​សម្រាប់​ប្រជែង​ពាន Ballon d'Or បានបង្ហាញ​រួចហើយ ដោយ​ក្នុងនោះ​ក៏មាន​ឈ្មោះ​អ្នកចាំទី​ក្រុម Liverpool ម្នាក់​ផងដែរ​គឺ​កីឡាករ Alisson Becker៕
 

 

Tag:
 Ballon d’Or
  France Football magazine
© រក្សាសិទ្ធិដោយ thmeythmey.com