កីឡាជាតិ
ជាតិ
អង្គរថាយហ្គឺរប៉ះសូលទីឡូអង្គរ ជាមួយក្តីរំពឹងអាចបំបែកកំណត់ត្រាអ្នកគាំទ្រ លោក Akihiro Kato លើកគ្រវីទង់ជាតិក្លិបអង្គរថាយហ្គឺរមុខអ្នកគាំទ្រកាលពីពេលកន្លងទៅ
× ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់សប្តាហ៍ទី២៣ ដោយនៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ មានការប្រកួតចំនួន៣គូ ដែលធ្វើឡើងនៅទីលានផ្សេងៗគ្នា។ ក្នុងនោះក្រុមអង្គរថាយហ្គឺរ ត្រូវតទល់ជាមួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នាសូលទីឡូអង្គរ ខណៈអគ្គិសនីកម្ពុជា និងកំពង់ចាមទទួលភ្ញៀវរៀងៗខ្លួន។
ក្រុមអង្គរថាយហ្គឺរដែលទើបអស់ឱកាសឡើងទៅប្រជែងដណ្តើមជើងឯក ត្រូវបើកទ្វារកីឡដ្ឋានខេត្តសៀមរាបស្វាគមន៍ក្រុមសូលទីឡូអង្គរ សម្រាប់ជំនួបសប្តាហ៍ទី២៣នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ នៅម៉ោង៣:៣០នាទីរសៀល។ ប្រធានក្លិបអង្គរថាយហ្គឺរលោក Akihiro Kato ជឿជាក់ការប្រកួតរវាងក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នានេះ នឹងអាចសាងកំណត់ត្រាថ្មីលើចំនួនអ្នកគាំទ្រ ដោយលោករំពឹងថា នឹងអាចទាក់ទាញអ្នកគាំទ្រចំនួន៥ពាន់នាក់។ ខណៈការប្រកួតកន្លងមករបស់អង្គរថាយហ្គឺរអាចទាក់ទាញអ្នកគាំទ្របានតែជាង៤ពាន់នាក់ប៉ុណ្ណោះ។
នាការប្រកួតជើងទី១ ក្រុមអង្គរថាយហ្គឺរ បានយកឈ្នះសូលទីឡូអង្គរក្នុងលទ្ធផល ៣-០។ បច្ចុប្បន្នអង្គរថាយហ្គឺរស្ថិតនៅលេខរៀងទី៤មាន៤២ពិន្ទុ ខណៈសូលទីឡូអង្គរស្ថិតនៅលេខរៀងទី១០មាន២៦ពិន្ទុ។
នៅម៉ោង៣:៣០នាទីរសៀលថ្ងៃសៅរ៍នេះដែរ អគ្គិសនីកម្ពុជាបើកទ្វារកីឡដ្ឋានខ្លួន ស្វាគមន៍ភ្ញៀវមកពីខេត្តតាកែវគីរីវង់សុខសែនជ័យ។ នេះជាឱកាសសម្រាប់គីរីវង់សុខសែនជ័យក្នុងការជម្រះបញ្ជីចាស់ជាមួយអគ្គិសនីកម្ពុជា ដែលបានយកឈ្នះពួកគេ ២-១ នៅជើងទី១លើទឹកដីខ្លួន។ នៅម៉ោងដំណាលគ្នានេះដែរ កំពង់ចាមប្រើកីឡដ្ឋានស្តាតចាស់ទទួលភ្ញៀវអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានយកឈ្នះពួកគេ ១៤-២ នៅជើងទី១៕
Tag:
អង្គរថាយហ្គឺរ
សូលទីឡូអង្គរ
Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com