ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ សន្តិភាព​កម្ពុជា ស្ថិតនៅក្នុង​ភាពផុយស្រួយ ដោយសារ​ការគំរាមកំហែង​ពី​មហាអំណាច​
21, Sep 2019 , 1:08 pm        
រូបភាព
​ភ្នំពេញ​៖ សន្តិភាព​កម្ពុជា ក៏​ស្ថិតនៅក្នុង​ភាពផុយស្រួយ ដោយសារ​ការគំរាមកំហែង​ពី​ប្រទេស​មហាអំណាច​ដែរ​។ នេះ​ជាការ​លើកឡើង​របស់​មេ​ដឹកនាំ​កម្ពុជា នៅក្នុង​សារលិខិត​នៃ​ទិវា​សន្តិភាព​អន្តរជាតិ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២១ កញ្ញា​នេះ​។​
​តាមរយៈ​សារលិខិត​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ការវិវត្តន៍​ដ៏​ស្មុគស្មាញ ហើយ​មិនអាច​ប៉ាន់ស្មាន​ជាមុន នៃ​សភាពការណ៍​ជុំវិញ​ពិភពលោក ជាពិសេស​ការប្រកួតប្រជែង​រវាង​មហាអំណាច ដើម្បី​ការពារ​ផលប្រយោជន៍​នយោបាយ សេដ្ឋកិច្ច និង​យោធា​នេះ កំពុង​នាំមក​នូវ​ការគំរាមកំហែង ចំពោះ​សន្តិភាព​ទាំង​ក្នុង​កម្រិត​តំបន់ និង​សកល​។ បើតាម​សម្ដេច ហ៊ុន សែន កម្ពុជា ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​រងគ្រោះ ដោយសារ​ការ​ប្រជែង​អំណាច​នេះដែរ​។​
 
​សារលិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​២១ កញ្ញា​នេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ទន្ទឹមនេះ សន្តិភាព​របស់​កម្ពុជា ក៏​ស្ថិតនៅក្នុង​លក្ខណៈ​ផុយស្រួយ ដោយសារតែ​មានការ​គំរាមកំហែង និង​ការបន្ត​យាយី និង​អន្តរាគមន៍​ចូល​កិច្ចការ​ផ្ទៃក្នុង​ឥតឈប់ឈរ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ជាពិសេស​ពី​បណ្ដា​ប្រទេស​មហាអំណាច និង​ប្រទេស​លោកខាងលិច​មួយចំនួន​»​។​
 
​លើកឡើង​បែបនេះហើយ មេដឹកនាំ​កម្ពុជា បាន​អះអាង​បន្ត​ក្នុងន័យនេះ​ថា ការ​យី​យា​កម្ពុជា ពី​សំណាក់​ម​ជ្ឍ​ដាន​ខាងក្រៅ គឺធ្វើឡើង​តាមរយៈ​ការយក​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ធ្វើជា​លេស​។ «​ទោះបី​កម្ពុជា ស្ថិតនៅក្រោម​សម្ពាធ​នៃ​ការគំរាមកំហែង​ដាក់ទណ្ឌកម្ម ក្រោមលេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល នៅតែ​ស្ថិតនៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​…​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​អមដោយ​ការ​រំឭក​ពី​គុណសម្បត្តិ​ខ្លួន ក្នុងការ​ប្រឹង​រំដោះប្រទេស​ពី​សង្គ្រាម រហូតដល់​ការអភិវឌ្ឍ​បច្ចុប្បន្ន​។​
 
​ម្ដង​ហើយ​ម្ដងទៀត រដ្ឋាភិបាល​អាមេរិក និង​អន្តរជាតិ​តែងតែ​ចោទ​កម្ពុជា រិត​ដ្បិត​សិទ្ធិសេរីភាព​ពលរដ្ឋ ជាពិសេស​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នកនយោបាយ សកម្មជន​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​ជាដើម ដែលនាំឱ្យ​ធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ជាក់ស្ដែង អាមេរិក តាមរយៈ​មន្ត្រី​ការបរទេស​ខ្លួន កាលពីពេល​ថ្មីៗ​នេះ បាន​ថ្លែង​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ដោះលែង​សកម្មជន​បក្សប្រឆាំង​។​
អត្ថបទទាក់ទង
​ដោយឡែក​ខាង​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ក​ន្ល​ង​មក ក៏​តែងតែ​ចេញមុខ​រិះគន់​លើ​ការអនុវត្ត​ច្បាប់ ដែល​រំលោភបំពាន​សិទ្ធិមនុស្ស ទៅលើ​អ្នកមាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ដែរ​។ ប៉ុន្តែ​ការលើកឡើង​របស់​អាមេរិក និង​អន្តរជាតិ​នេះ ត្រូវបាន​រដ្ឋាភិបាល និង​អ្នកការពារ​សិទ្ធិមនុស្ស​កម្ពុជា ចេញមុខ​ច្រានចោល​ជា​បន្តបន្ទាប់ ដោយ​ចាត់ទុក​ពាក្យសម្តី​របស់​អន្តរជាតិ​ទាំងនោះ គឺជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ក្នុង​គោលបំណង​ប្រឆាំង​និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​រដ្ឋាភិបាល​កម្ពុជា ៕
 

Tag:
 ​ហ៊ុន សែន​
  នយោបាយ​
  ការបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com