ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិស្សឆ្នើម ចាន់ ម៉េងជូ៖ គ្រួសារក្រមិនមែនជាឧបសគ្គក្នុងការរៀនបាននិទ្ទេសល្អទេ ពីខាងឆ្វេង លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងយុវតី ចាន់ ម៉េងជូ
× សៀមរាប៖ ក្លាយជាក្មេងកំព្រាតាំងពីរៀនថ្នាក់ទី៧ តែយុវសិស្ស ចាន់ ម៉េងជូ មិនអស់សង្ឃឹមក្នុងការសិក្សាឡើយ។ យុវតីរូបនេះនៅតែជឿលើការអប់រំដែលអាចកែប្រែជីវិតខ្លួន ក៏ដូចជាស្ថានភាពគ្រួសារឱ្យល្អប្រសើរឡើងវិញ។ ក្នុងជីវិតរស់នៅជាមួយជីដូនជីតា ម៉េងជូ បានខិតខំប្រឹងរៀនសូត្រ និងតែងទទួលបានការលើកទឹកចិត្តពីគ្រួសារ លោកគ្រូអ្នកគ្រូ មិត្តភក្ដិ និងអ្នកនៅជុំវិញខ្លួន និងរហូតទទួលបាននិទ្ទេសA ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ។ សម្រាប់យុវតីរូបនេះ គ្រួសារក្រីក្រ លំបាក មិនមែនជាឧបសគ្គក្នុងការរៀនឱ្យបាននិន្ទេសល្អឡើយ តែវាអាស្រ័យលើការខិតខំរបស់ខ្លួនឯងតែប៉ុណ្ណោះ។
សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ អ្នកនាង អ៊ីសា រ៉ហានី ជាមួយយុវសិស្ស ចាន់ ម៉េងជូ សិស្សនៃវិទ្យាល័យ ហ៊ុន សែន សៀមរាបដូចតទៅ៖
លោក លី លឹមហេង ជាជីតាបានឱ្យដឹងថា ចៅស្រីលោករៀនពូកែតាំងពីថ្នាក់ទី១មក និងបានមករស់ជាមួយលោកតាំងពីឪពុកដែលជាកូនបង្កើតរបស់លោក បានស្លាប់កាលពី៥ឆ្នាំមុនដោយសារជំងឺ។ លោកតាបន្តថា ម៉េងជូ ជាក្មេងស្ងៀមស្ងាត់ ប្រាកដប្រាជា ឧស្សាហ៍ព្យាយាម និងស្ដាប់បង្គាប់។ បច្ចុប្បន្ន ម្ដាយរបស់ ម៉េងជូ ជាកម្មករធ្វើការនៅប្រទេសថៃ និងបានចេញទៅធ្វើការនៅទីនោះតាំងពីប្ដីមិនទាន់ស្លាប់មកម្លេះ។
ជាអាណាព្យាបាល លោក លឹមហេង ប្រាប់ថាលោកសប្បាយរីករាយជាខ្លាំងពេលចៅបាននិន្ទេសA ព្រោះថានេះជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ចៅស្រីលោក។ យ៉ាងណាលោកតានៅតែមានចិត្តអាណិតចៅស្រីកំព្រាមួយនេះ និងខិតខំធ្វើឱ្យអ្វីៗដើម្បីឱ្យចៅបានសប្បាយចិត្ត។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី២០ កញ្ញា បានរៀបចំពិធីប្រគល់រង្វាន់សម្រាប់និទ្ទេសA និងសិស្សនិទ្ទេសB ដែលក្នុងនោះសិស្សនិន្ទេសA មានចំនួន៣៨នាក់ និងសិស្សនិទ្ទេសB ចំនួន១៩០នាក់ (ស្រី១០៥នាក់)។ សម្រាប់សិស្សនិទ្ទេសAទទួលបានម៉ូតូម៉ាក WAVE ម្នាក់មួយគ្រឿង លិខិតសរសើរ ប្រេងសាំង៣០លីត្រ និងថវិកា២០ម៉ឺនរៀល រីឯសិស្សនិទ្ទេស B ទទួលបានថវិកាម្នាក់២០០ដុល្លារ។ រង្វាន់ទាំងអស់គឺជាការផ្តល់ជូនដោយសម្ដេច ទៀ បាញ់ រដ្ឋបាលខេត្ត រួមនិងសម្បុរសជនមួយចំនួនទៀត៕
Tag:
សិស្សនិទ្ទេសA
បាក់ឌុប
ចាន់ ម៉េងជូ
© រក្សាសិទ្ធិដោយ thmeythmey.com