ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខ​ការទូត​ខ្មែរ នឹង​យក​បញ្ហា​ពិភពលោក ព័ត៌មាន​ក្លែងក្លាយ និង​ច្បាប់​អន្តរជាតិ ថ្លែង​នៅ​UN
21, Sep 2019 , 8:59 pm        
រូបភាព
រូបភាពពីក្រសួងការបរទេស
រូបភាពពីក្រសួងការបរទេស
​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​លើកយក​បញ្ហា​ពិភពលោក និង​ព័ត៌មាន​ក្លែងក្លាយ ថ្លែង​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៤ នា​ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ​២០១៩​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​។

 
​មុននឹង​និយាយ​ពី​បញ្ហា​ក្នុង​ពិភពលោក លោក ប្រាក់ សុខុន នឹងធ្វើ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​ផ្ដោតលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ជាពិសេស​សមិទ្ធិផល​សំខាន់ៗ​ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ បន្ថែម​ពីនេះ​ប្រមុខ​ការទូត​ខ្មែរ ក៏​លើកយក​ពី​កិច្ចប្រឹងប្រែង​របស់​កម្ពុ​ជា ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ភេរវកម្ម អំពើ​ជ្រុលនិយម​និង​អ​ច​ន្តិ​និយម និង​ការគំរាមកំហែង​សន្តិសុខ​មិន​ប្រពៃណី​ជាដើម​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​សរសេរថា ៖«​ឯកឧត្ដម ក៏​នឹង​រំលេច​បញ្ហា​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ពហុភាគី​និយម តួនាទី​ច្បាប់​អន្តរជាតិ ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ព័ត៌មាន​ក្លែងបន្លំ និង​បញ្ហា​តំបន់​និង​អន្តរជាតិ​ដែលមាន​ផលប្រយោជន៍​និង​ការព្រួយបារម្ភ​រួម នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ផងដែរ​»​។ 
 
​រដ្ឋមន្ត្រីការបរទេស​រូបនេះ និង​គណៈប្រតិភូ​ចូលរួម​កិច្ចពិភាក្សា មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ពីថ្ងៃ​ទី ២៤ ដល់​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​ទីក្រុង​ញូវយ៉ក​។​ប្រធានបទ​នៃ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ លើក​ទី​៧៤​នេះ​គឺ «​ជំរុញ​កិច្ចប្រឹងប្រែង​ពហុភាគី សម្រាប់​ការលុបបំបាត់​ភាពក្រីក្រ ការអប់រំ​ប្រកបដោយ​គុណភាព សកម្មភាព​អាកាសធាតុ និង​បរិ​យា​ប័ន្ន​»​។​
 
​គណៈប្រតិភូ​កម្ពុជា ក៏​នឹងចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រៅផ្លូវការ​នៃ​សន្និសីទ​ស្ដីពី​អន្តរ​កម្ម និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​តំបន់​អាស៊ី (CICA) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ (NAM) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍ​តិចតួច (LDCs) កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ដៃគូ​សហប្រតិបត្តិការ​អា​ស៊ី (ACD) កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្រៅផ្លូវការ (IAMM) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៤ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (IUMM) ព្រមទាំង​កិច្ចប្រជុំ​ជាច្រើន​ទៀត​៕
 
​ក្រៅពីនេះ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏មាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក ថូ​ម៉ាស ភេ​ទ្រី​សេក (Tomas Petricek) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឆែក និង​លោក សឺរ​ហ្គេ​យ ឡាវ​រ៉ូ​វ (Sergey V. Lavrov) រដ្ឋមន្ត្រីការបរទេស​នៃ​សហព័ន្ធរុស្ស៊ី​ទៀតផង​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com