ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក​ធុ​យ ចាន់​ធួន ថា​ជំនាញ​បុរាណវិទ្យា​មានតម្លៃ​ខ្លាំង ក្នុងការ​បណ្តុះ​ស្មារតី​ជាតិនិយម និង​មោទកភាព​ជាតិ​
21, Sep 2019 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជីព​បុរាណវិទ្យា មិនមែន​ធ្វើការ​ក្នុង​ការិយាល័យ​មាន​ម៉ាស៊ីនត្រជាក់​នោះទេ តែ​អ្នកស្រាវជ្រាវ​បុរាណវិទ្យា តែងតែ​ចុះទៅ​ស្ថានីយ​ស្រាវជ្រាវ​ញឹកញាប់ ដែល​ស្ថិតនៅ​ព្រៃភ្នំ ទាំង​ហាលខ្យល់ ហាលភ្លៀង​។ ទោះ​អាជីព​នេះ មាន​ភាព​ហត់នឿយ​មែន តែ​អ្នកជំនាញ​បុរាណវិទ្យា មាន​ទីផ្សារការងារ​ច្រើន​គួរសម និង​មានតម្លៃ​ណាស់​សម្រាប់​ប្រទេសជាតិ​។ លោក ធុ​យ ចាន់​ធួន បណ្ឌិត​បុរាណវិទ្យា កំពុង​បារម្ភ​ពី​ការបាត់បង់​ធនធានមនុស្ស​ផ្នែក​បុរាណវិទ្យា ស្រប​ពេលដែល​មុខវិជ្ជា​ដ៏​សំខាន់​មួយ​នេះ មាន​និស្សិត​ចូលរៀន​តិច​ទៅៗ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។   

        
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖  




​ខុសពី​មុខវិជ្ជា គណនេយ្យ វិស្វកម្ម ស្ថាបត្យកម្ម និង​ព័ត៌មានវិទ្យា​ជាដើម ដែល​កំពុង​តែមាន​ប្រជាប្រិយភាព  ដោយបាន​ទាក់ទាញ​និស្សិត​រាប់ពាន់នាក់​ឲ្យ​ចូលរៀន នៅក្នុង​មួយឆ្នាំៗ​នោះ មុខវិជ្ជា​បុរាណវិទ្យា​ឯណោះ​វិញ មាន​និស្សិត​ខ្មែរ​រៀន ប្រមាណ​១០​នាក់​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ​។ តួលេខ ដ៏​ស្តួចស្តើង​នេះ បានធ្វើ​ឲ្យ លោក ធុ​យ ចាន់​ធួន បណ្ឌិត​បុរាណវិទ្យា​ផ្នែក​បុរេប្រវត្តិសាស្ត្រ និង​ជា​អ្នកស្រាវជ្រាវ​ដ៏​សកម្ម​ម្នាក់ ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​ភាព​កាន់តែ​ខ្សត់​នៃ​ធនធានមនុស្ស​ផ្នែក​បុរាណវិទ្យា នៅ​ថ្ងៃ​អនាគត​។ 
   
  រូបថតពីហ្វេសប៊ុកលោក ធុយ ចាន់ធួន

​លោក ធុ​យ ចាន់​ធួន បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ និង​ជា​អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ​។ លោក បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​បុរាណវិទ្យា គឺជា​ការសិក្សា​កេរដំណែល​ដែល​បន្សល់​ដោយ​មនុស្ស​។ ស្អី​ទៅ​កេរដំណែល គឺ​របស់របរ​ដូនតា ដែល​បន្សល់ទុក​ឲ្យ​យើង​រហូតមកដល់​សព្វ​ថ្ងៃ​។ អ្នកប្រវត្តិសាស្ត្រ​តែង​និយាយថា បុរាណវិទ្យា ជា​បិតា​នៃ​ប្រវត្តិសាស្ត្រ ព្រោះ​អ្នក​បុរាណវិទ្យា ជា​អ្នក​ទៅ​បើក ជីក​កកាយ និង​បង្ហាញ​វត្ថុ​ទាំងអស់​ហ្នឹង​។ ចំណែក​អ្នកប្រវត្តិសាស្ត្រ យក​របស់​ហ្នឹង​ទៅ​អាន និង​បកស្រាយ​បន្តទៀត​។ អ្វីដែល​សំខាន់​សម្រាប់​កិច្ចការ​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​នេះ គឺ​ជាតិ​សាសន៍​ណាក៏ដោយ ត្រូវតែ​រៀន​ផ្នែក​ប្រវត្តិសាស្ត្រ ឬ​បុរាណវិទ្យា ឲ្យ​បាន​យល់ច្បាស់​។ មូលហេតុ​អ្វី​? បើសិន​អត់​ដឹង​ប្រវត្តិសាស្ត្រ​ខ្លួន មិនដឹងថា​ខ្លួនឯង​ជា​ជាតិ​សាសន៍​ស្អី​ទេ​»​។ 
 
​បើតាម លោក ធុ​យ ចាន់​ធួន ការ​ថមថយ​ចំនួន​និស្សិត​សិក្សា​មុខវិជ្ជា​នេះ ក៏​ព្រោះ អាជីព​ជា​អ្នកស្រាវជ្រាវ​បុរាណវិទ្យា មិនមែនជា​អាជីព​ដែល​ធ្វើការ​ក្នុង​ម៉ាស៊ីនត្រជាក់ ដូច​អាជីព​មួយចំនួន​នោះទេ​។ អ្នកសិក្សា​មុខវិជ្ជា​នេះ ត្រូវតែមាន​ឆន្ទៈ​ខ្ពស់ និង​បេះដូង​ស្រឡាញ់​ជាតិ ពិតប្រាកដ ព្រោះ​អាជីព​នេះ មិនមែន​ងាយស្រួល​ឡើយ ពោលគឺ​ត្រូវតែ​ចុះទៅ​ស្ថានីយ​ប្រវត្តិសាស្ត្រ នៅ​ព្រៃភ្នំ ដើម្បី​គាស់កកាយ​រក​វត្ថុតាង​ផ្សេងៗ ដែល​ដូនតា​បាន​បន្សល់ទុក​។ 
 
​តាមពិតទៅ ដ្បិត​ជា​មុខវិជ្ជា​មិនសូវ​ល្បី តែ​ជំនាញ​បុរាណវិទ្យា ពិតជា​សម្បូរ​ការងារ​ធ្វើ និង​ប្រាក់ខែ​ខ្ពស់​ផងដែរ​។ បើតាម​លោក ធុ​យ ចាន់​ធួន និស្សិត​បុរាណវិទ្យា​នៅពេល​បញ្ចប់​សិក្សា ពួកគេ​អាច​កិច្ចការ​ជា​អ្នក​អភិរក្ស​ប្រាសាទ ក្នុង​តំបន់​អង្គរ និង​តាម​ខេត្ត​នានា ជា​មន្ត្រីរាជការ មគ្គ​ទេ្ទ​សក៍​ប្រាសាទ និង​ជា​អ្នកសិក្សា​ស្រាវជ្រាវ​។ 
 
​ហេតុអ្វី​លោក ធុ​យ ចាន់​ធួន ចាប់ចិត្ត​អាជីព​បុរាណវិទ្យា​?
​មាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ លោក ធុ​យ ចាន់​ធួន បាន​ចាប់ចិត្ត​រៀន​ជំនាញ​បុរាណវិទ្យា​នេះ​តាំងពី​ថ្នាក់​វិទ្យាល័យ ពោលគឺ​គ្រា​ដែល​លោក​បានឃើញ​សិលាចារឹក នៅ​ភ្នំ​សំបុក​ខេត្តក្រចេះ ប៉ុន្តែ​លោក​អាន​អក្សរ​នោះ​មិន​ដាច់​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅ​កា​រិ   ល័យ​របស់លោក ក្នុង​រាជបណ្ឌិត្យសភាកម្ពុជា បុរស​រាង​ខ្ពស់ សម្បុរ​សណ្តែកបាយ និង​សក់ស្កូវ​រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ​៖«​កាល​គ្រូ​នៅ​ខេត្តក្រចេះ​ហ្នឹង គ្រូ​ឡើងទៅ​ភ្នំ​សំបុក ឃើញ​ប្រាសាទ ឃើញ​សិលាចារឹក ចេះតែ​ឆ្ងល់ ហើយ​គេ​ថា​ហ្នឹង​អក្សរ​ខ្មែរ តែ​ខ្មែរ​ឥឡូវ​អាន​មិន​ដាច់​ខ្លួន​ផង មក​អួតថា ខ្លួន​ជា​ខ្មែរ​ស្អី​! អាហ្នឹង​ជា​ចម្ងល់​។ អ៊ីចឹង​ហើយ ទើប​ធ្វើ​ខ្ញុំ​មក​រៀន​មហាវិទ្យាល័យ​អក្សរសាស្ត្រ មនុស្សសាស្ត្រ និង​មហាវិទ្យាល័យ​បុរាណវិទ្យា​»​។ 
 
​លោក ធុ​យ ចាន់​ធួន អ្នកស្រាវជ្រាវ​ខ្មែរ​លេចធ្លោ​ម្នាក់ ដែល​បង្កើត​ស្នាដៃ​សំខាន់ៗ​សម្រាប់​ប្រទេសជាតិ 
​លោក ធុ​យ ចាន់​ធួន គឺជា​អ្នក​បុរាណវិទ្យា​ដ៏​សកម្ម​ម្នាក់ ដែល​ប្រឡូក​ការងារ​ស្រាវជ្រាវ​បុរាណវិទ្យា​ជាច្រើន ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។  ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​លោក ធុ​យ ចាន់​ធួន ល្បីល្បាញ​ខ្លាំង​នោះ គឺ​លោក​ជា​អ្នក​រកឃើញ​ឡ​ស្លដែក​បុរាណ​ខ្មែ រ​ចំនួន​៧៩​ទីតាំង នៅ​បែក​ខាងជើង​នៃ​ប្រទេស​កម្ពុជា ដែល​វា​ជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត នៃ​ភាពរុងរឿង​នា​សម័យអង្គរ​។ 
 
​លោក​បាន​រៀបរាប់​បែបនេះ​ថា​៖​​«​កាលពី​ឆ្នាំ​២០១០ គ្រូ​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​មហាវិទ្យាល័យ​បុរាណវិទ្យា និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ថ្ងៃមួយ ក៏​ជិះឡាន​ខ្លួនឯង ទៅ​ស្ថានីយ​ម្លូព្រៃ នៅ​ស្រុក​ឆែប​។ អូ​! ផ្លូវ​លំបាក​ណាស់ មានន័យថា អត់​មាន​ផ្លូវ ផ្លូវ​ចាស់ ផ្លូវ​បុរាណ ផ្លូវ​រទេះគោ​ហ្នឹង គ្រូ​មាន​ឡាន​មួយ ក៏​ជិះ​ទៅតាម​ផ្លូវ​ហ្នឹង សល់​៤​គីឡូម៉ែត្រ​ដល់​ឆែប ក៏​ឃើញ​ការដ្ឋាន       រដ្ឋាភិបាល កំពុងតែ​កាប់​ពង្រីក​ផ្លូវ ក៏​ប្រទះឃើញ​បំពង់​ធំៗ នៅពេល​ឃើញ​អា​អិ​ច​គេ​កាប់ ឃើញ​ស្អីហ្នឹង​ខ្មៅ​ម្ល៉េះ​។ ពេល​ហ្នឹង គ្រូ និង​កូនសិស្ស​៥​នាក់ ក៏បាន​ឈប់ ហើយ​ប្រាប់​អ្នកធ្វើ​ផ្លូវ​ឲ្យ​ឈប់​ធ្វើ​កន្លែង​ហ្នឹង ក្រោយមក គ្រូ​ក៏​ជូនដំណឹង​ទៅ​មេភូមិ​ស្រុក រហូតដល់​រដ្ឋាភិបាល ពេល​ហ្នឹង​ក៏​ល្បី​រឿង​ហ្នឹង​ភ្លាម ថា​គ្រូ រកឃើញ​ឡ​ស្លដែក​សម័យបុរាណ​»​។  
 
​ក្រោយមក លោក​បានស្នើ​ទៅ​រដ្ឋាភិបាល សុំ​ដី​នៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ ដែល​បច្ចុប្បន្ន​ជា​ឧ​ទ្យា​ជាតិ​រាជបណ្ឌិត្យសភា​តេ​ជោ​សែន​ឫស្សី​ត្រឹប ដើម្បី​ស្រាវជ្រាវ​លម្អិត រហូតមកដល់​បច្ចុប្បន្ន​។  
​បើតាម​លោក​សាស្ត្រាចារ្យ ឡ​ស្លដែក​បុរាណ ដែល​លោក​បាន​រកឃើញ​មាន​ចំនួន ១៩៥ ស្ថិតនៅ​ចំនួន​៧៩​ទីតាំង នៅ​ភាគ​ខាងជើង​ប្រទេស គឺជា​ដើមចម​នៃ​ភាពរុងរឿង នៃ​អាណាចក្រ​ខ្មែរ​។ លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖ «​គ្រូ​បានធ្វើ​កាលបរិច្ឆេទ គឺ​មុន​សម័យអង្គរ​ទៀត​។ មាន​តាំងពី​ឆ្នាំ​៦៣៧ នៃ​គ្រិស្តសករាជ នៅក្នុង​សម័យ​ចេនឡា​។ ដោយសារ​មាន​ដែក ទើប​គេ​អាច​កាប់​ថ្ម​បាន​។ ការអភិវឌ្ឍន៍​នា​សម័យអង្គរ​បាន​លុះត្រាតែ ប្រាកដ​ហើយ មាន​បាយ​ញ៉ាំ កសិកម្ម អ្នកដឹកនាំ​ល្អ ឈ្លាសវៃ ពូកែ ក្លាហាន​ខ្លាំងក្លា​។ បន្ទាប់ពី​ហ្នឹង គឺ​បដិវត្តន៍​បច្ចេកទេស​។ ខ្មែរ​យើង​ចេះ​ស្លដែក ចេះ​ចម្រាញ់​ដែក ចេះ​ទាញយក​ដែក​ពី​រ៉ែ​ធម្មជាតិ តាំងពី​សម័យមុន​អង្គរ​បន្តិច​មកម្ល៉េះ​។ ខ្មែរ​យើង​យក​ដែក ទៅ​កាប់​ដុំថ្ម​ធ្វើជា​ប្រាសាទ​។ គេ​តែង​ច្រើន​ថា ដាវ​អើយ​ដាវ​ដែក ដាវ​ល្អ​ចម្លែក ដែក​កំពង់ស្វាយ ពីមុន​មិនមែន​ខេត្តព្រះវិហារ​ទេ គឺ​ខេត្ត​កំពង់ស្វាយ​។ ហើយ​កំពង់ធំ ជា​ខេត្ត​អា​សន្ទុក​»​។ 
 
​ក្រៅពី​ស្រាវជ្រាវ​រកឃើញ​ឧស្សាហ​ដែក​សម័យបុរាណ នាពេល​ថ្មីៗ​នេះ បណ្ឌិត ធុ​យ ចាន់​ធួន បាន​ស្រាវជ្រាវ​រកឃើញ​ប្រាសាទ ៤៣ នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ដែលជា​អតីត​រាជធានី​ខ្មែរ​នៅ​សម័យ​ចេនឡា​។ បើតាម​សាស្ត្រាចារ្យ ដែលមាន​អត្តចរិត​ម៉ត់ចត់​រូបនេះ ប្រាសាទ​ដែល​រកឃើញ​ទាំងនេះ បច្ចុប្បន្ន​សល់​តែ​គ្រឹះ ប៉ុន្តែ​មាន​ផ្តែរ ហោជាង ជញ្ជាំង រូបសំណាក​ខ្លះ និង​លិង្គ​ខ្លះ​ជាដើម​។  លោក​សង្កត់ធ្ងន់ថា ទីនេះ គឺ​ទីក្រុង​ស​ម្ភុ​បុ​រៈ ដែលជា​អតីត​រាជធានី​ខ្មែរ​សម័យ​ចេនឡា​ន​ទឹក ខណៈ​រាជធានី​នគរ​ចេនឡា​គោក ស្ថិតនៅ​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ បច្ចុប្បន្ន​។  
 
​ក្នុង​វ័យ​៤៧​ឆ្នាំ លោក ធុ​យ ចាន់​ធួន មានបំណង​ស្រាវជ្រាវ​របកគំហើញ​ថ្មីៗ​ទៀត ដើម្បី​បណ្តុះ​ស្នារ​តី​យុវជន ឲ្យ​មាន​មោទកភាព​ចំពោះ​ដូនតា​របស់ខ្លួន ដែល​បាន​បន្សល់ទុក​នូវ​កេរដំណែល​យ៉ាង​សម្បើម សម្រាប់​ជា​ប្រយោជន៍​ខ្មែរ​ជំនាន់​ក្រោយ​។ លើសពីនេះ លោក​ជំរុញ​ឲ្យ​និស្សិត​ខ្មែរ ដែល​ចូលចិត្ត​លើ​ការស្រាវជ្រាវ​បុរាណវិទ្យា គួរតែ​ចូលរៀន​មុខវិជ្ជា​បុរាណវិទ្យា ដោយ​កុំ​បារម្ភ​ពី​ទីផ្សារការងារ ព្រោះ​បច្ចុប្បន្ន​ធនធានមនុស្ស​ផ្នែក​បុរាណវិទ្យា កំពុង​តែមាន​តិច ស្រប​ពេលដែល​កម្ពុជា សម្បូរ​ប្រាសាទ និង​តំបន់​អភិរក្ស​ជាច្រើន​។ បើតាម​បណ្ឌិត​បុរាណវិទ្យា​រូបនេះ ក្រៅពី​សម្បូរ​ការងារ ការសិក្សា​មុខវិជ្ជា​បុរាណវិទ្យា ពិតជា​មានតម្លៃ​ដ៏​មហិមា ក្នុងការ​បណ្តុះ​ស្មារតី​ជាតិនិយម និង​មោទកភាព​ជាតិ​ផងដែរ​៕     


     
 



Tag:
 ធុ​យ ចាន់​ធួន​
 ​បុរាណវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com