ជាតិ
សេដ្ឋកិច្ច
ចិន​សន្យា​ជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​កម្ពុជា ស្រប​ពេលដែល​ចំនួន​ភ្ញៀវទេសចរ​ធ្លាក់ចុះ​
22, Sep 2019 , 11:34 am        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
​ចិន​នឹង​ជួយ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​អភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​ទេសចរណ៍​ដល់​កម្ពុជា ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​ដល់​អ្នកជំនាញ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើ​ឡើង ខណៈពេលដែល​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​ធ្លាក់ចុះ ជាពិសេស​ក្នុង​ខេត្តសៀមរាប​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​។ 
 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ពិតជា​ចាំបាច់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ឆ្លើយតប​ចំពោះ​កំណើន​ទេសចរណ៍​នៅ​កម្ពុជា ពោលគឺ​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ដោយ​មើលឃើញ​ពី​ចំណុច​នេះ​លោក ថោង ខុន ស្នើ​ឲ្យ​ភាគី​ចិន​ជួយ​ដល់​កម្ពុជា ទាំង​ការផ្តល់​អាហារូបករណ៍ ទាំង​ការវិនិយោគ​បង្កើត​សាលា​បណ្តុះបណ្តាល​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​។​
 
​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖ «​វិស័យ​ទេសចរណ៍​ជា​វិស័យសេដ្ឋកិច្ច​មួយ​ដែល​ត្រូវ​ការជំនាញ​ច្បាស់លាស់  ទើប​អាច​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាព និង​និរន្តរភាព​បាន​។ កម្ពុជា មាន​ផែនការ​បំពាក់បំប៉ន និង​បណ្តុះបណ្តាល​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​បុគ្គលិក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ប្រមាណ ៥០​ភាគរយ នៅ ឆ្នាំ​២០២០ និង ១០០​ភាគរយ នៅ​ឆ្នាំ ២០២៥»​។​
 
​បើតាម​លោក ថោង ខុន កម្ពុជា ត្រូវការ​បំពាក់បំប៉ន​ផ្នែក​ជំនាញ​វិជ្ជា​វៈ​ទេសចរណ៍​ដល់​បុគ្គលិក​បម្រើការ​ក្នុង​វិស័យនេះ​ប្រមាណ ១​លាន​២​សែន​នាក់ ដើម្បី​ឆ្លី​យ​តប​នឹង​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ១១​លាន​នាក់ និង​ភ្ញៀវ​ក្នុងស្រុក រាប់លាន​នាក់ នា​ឆ្នាំ​២០២៥​។​ជាការ​ឆ្លើយតប ភាគី​ចិន​បាន​យល់ស្រប​ចំពោះ​ការលើកឡើងរ​ស់លោករ​ដ្ឋ​មន្ត្រី​កម្ពុជា ហើយ​សន្យា​ជំរុញ​ការអនុវត្ត​អនុស្សារណៈ​យោគយល់​គ្នា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
 
​ក្រសួងទេសចរណ៍​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ជាមួយ​សាកលវិទ្យាល័យ ហេ​ណា​នណ​ក​ម៉​ល (Henan Normal University) និង​សាលា​បណ្តុះបណ្តាល​បច្ចេកទេស  ឧស្សាហកម្ម​ធុន​ស្រាល​គ័ង​ស៊ី​ទី​០២ (Guangxi Second Light Industry Senior Technical School) និង​ក្រុមហ៊ុន​វិនិយោគ​ការអប់រំ​ហាន​ស៊ី​ខ្វាង​ស៊ី (Guangxi Hansi Education Investment Co. Ltd.) របស់​ចិន កាលពី​ថ្ងៃទី ២១ ខែកញ្ញា​។​
 
​គួរ​បញ្ជាក់ថា ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចូល​ទស្សនា​តំបន់​អង្គរ នៅ​ចន្លោះ​ខែមករា​ដល់​ខែសីហា​មាន​ត្រឹម​ចំនួន ១​លាន ៥៥​ម៉ឺន​នាក់ ដែល​បាន​ធ្លាក់ចុះ​ប្រហែល ១១​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៨ ហើយ​ចំណូល​ពី​ការលក់​សំបុត្រ ធ្លាក់ចុះ​អស់​ជិត ១២​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ផងដែរ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ គ្រឹះស្ថាន​អង្គរ​ដែលជា​ក្រុមហ៊ុន​រដ្ឋ​គ្រប់គ្រង​លើ​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​។​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com