សង្គមអន្តរជាតិ
អន្តរជាតិ
ក្រៅពីកាកសំណល់អាហារ លាមកមនុស្សមានផ្ទុកអ្វីទៀត?
× សំណល់មនុស្សមួយនេះ គឺជាផ្នែកមួយនៃរាង្គកាយដែលអាចបង្ហាញពីសុខភាពរបស់ខ្លួនយើងច្រើនណាស់ ជាពិសេសគឺសុខភាពនៃប្រព័ន្ធរំលាយអាហារ។ ភាគច្រើនមនុស្សដឹងថា លាមកគឺជាកាកសំណល់អាហារដែលបានហូប និងចម្រាញ់យកសារធាតុចិញ្ចឹមហើយ។ តែអ្វីដែលមនុស្សមួយចំនួនមិនបានដឹងនោះគឺ លាមកជាកាកសំណល់នៃសារពាង្គកាយមានជីវិតជាច្រើនទៀតដែលរស់នៅក្នុងខ្លួនប្រាណយើង។ ខាងក្រោមនេះគឺជាការបកស្រាយដោយគេហទំព័រព័ត៌មាន vox.com ៖
ពី៥០ភាគរយ ទៅដល់៨០ភាគរយនៃបរិមាណលាមកមនុស្ស (បើដកបរិមាណទឹកចេញ) មានផ្ទុកនូវបាក់តេរីជាច្រើនប្រភេទដែលជាអ្នកជួយជំរុញការរំលាយអាហារ។ បាក់តេរីខ្លះនៅមានជីវិត ចំណែកឯខ្លះទៀតបានងាប់ទៅហើយ។ វាក៏បានផ្ទុកនូវសរសៃសែលុយឡូសដែលទទួលបានមកពីការបរិភោគបន្លែផ្លែឈើផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កោសិកាពោះវៀន និងក្រពះ ក៏បានវត្តមានក្នុងលាមកផងដែរ ដោយសារចលនានៃការកិនអាហារ។
លាមកមានពណ៌ក្រម៉ៅពីព្រោះតែសារធាតុ Stercobilin និងសារធាតុទឹករំលាយអាហារដូចជាទឹកប្រម៉ាត់ជាដើម។ Stercobilin កើតឡើងពីកាកសំណល់នៃឈាមក្រហមដែលបានងាប់ទៅ។ បើវាគ្មានសារធាតុ Stercobilin នោះទេ លាមករបស់មនុស្សនឹងមានពណ៌ប្រផេះ ឬពណ៌ក្បែរ ស។
ប្រព័ន្ធបញ្ចេញកាកសំណល់រវាងបុរស និងស្ត្រីក៏បានលក្ខណៈខុសគ្នាបន្តិចបន្តួចផងដែរ។ នេះគឺដោយសារតែទំហំឆ្អឹងត្រគាក និងសារីរាង្គនៅខាងក្នុងឆ្អឹងត្រគាកនោះមានលក្ខណៈខុសគ្នា។ ដោយហេតុនេះ ពោះវៀនធំរបស់ស្ត្រីមានប្រវែងប្រមាណ១០សង់ទីម៉ែត្រវែងជាងពោះវៀនធំរបស់បុរស។ ហេតុដូចនេះ បុរសភាគច្រើនមានភាពងាយស្រួលក្នុងការបត់ជើងជាងស្ត្រី ដោយសារតែកាកសំណល់ក្នុងពោះវៀនធំស្ត្រីត្រូវការរយៈពេលយូរជាងក្នុងការធ្វើដំណើរ។
លាមកដែលគ្មានបញ្ហា គួរលិចចូលទៅក្នុងទឹកក្រោយពេលបត់ជើង។ បើលាមកនោះអណ្តែត ភាគច្រើនវាអាចមកពី ការស្រូបយកសារធាតុចិញ្ចឹមមិនសូវបានប្រសើរ ឬដោយសារមានសារធាតុឧស្ម័នច្រើននៅខាងក្នុង៕
© រក្សាសិទ្ធិដោយ thmeythmey.com