អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន អះអាងថា ម៉ា​ល់​ឌី​វ​មិន​ជាប់ផុង​ក្នុង​«​អន្ទាក់​បំណុល​»​ខ្លួន​ឡើយ
22, Sep 2019 , 7:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ Abdulla Shahid (ឆ្វេង) និង លោក វ៉ាង យី (Wang Yi) ក្នុងទីក្រុងប៉េកាំង ថ្ងៃ ២០ កញ្ញា ២០១៩។ ប្រភពរូប៖ Xinhua
រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ Abdulla Shahid (ឆ្វេង) និង លោក វ៉ាង យី (Wang Yi) ក្នុងទីក្រុងប៉េកាំង ថ្ងៃ ២០ កញ្ញា ២០១៩។ ប្រភពរូប៖ Xinhua
ដោយ:
«​ម៉ា​ល់​ឌី​វ មិន​ជាប់ផុង​ក្នុង​អន្ទាក់​បំណុល​ចិន​ទេ​» ។ ប្រមុខ​ការទូត​ចិន ប្រាប់​សម​ភាគី​ម៉ា​ល់​ឌី​វ បែបនេះ ខណៈ​កង្វល់​ទាក់ទង​នឹង​បំណុល​កើនឡើង​ខ្លាំង ដ្បិត​ប្រទេស​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ដែលមាន ផលិតផល​ក្នុងស្រុក​សរុប​ត្រឹម ៤,៥៩​ពាន់​លាន​ដុល្លារ (២០១៧) នេះ ត្រូវបាន​រាយការណ៍​ថា ជំពាក់​លុយ​ចិន​ដល់​ទៅ ៣​ពាន់​លាន​ដុល្លារ​។​

 
​ទើប​ឈ្នះ​ការបោះឆ្នោត​សភា កាលពី​ខែមេសា គណបក្ស​ប្រជាធិបតេយ្យ​ម៉ា​ល់​ឌី​វ ព្រួយបារម្ភ​ថា បំណុល​របស់​ប្រទេស​ខ្លួន​ជំពាក់​ចិន អាច​ស្មើ​ដល់ ៣​ពាន់​លាន​ដុល្លារ ។ ការណ៍​នេះ អាច​បង្ក​ហានិភ័យ​ដល់​សេដ្ឋកិច្ច​ម៉ា​ល់​ឌី​វ ។ 
 
​អំឡុង​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ លោក Adbulla Yameen ដែលមាន​ទំនោរ​រក​ចិន ក្រុង​ប៉េកាំង​បាន​វិនិយោគ​លុយរាប់​រយ​លាន​ដុល្លារ ក្រោម​ផែនការ​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​វិថី របស់​ចិន ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ 
 
​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ម៉ា​ល់​ឌី​វ Abdulla Shahid ក្នុង​ទីក្រុង​ប៉េកាំង លោក វ៉ាង យី (Wang Yi) គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​របស់​ចិន​ជាមួយ​ម៉ា​ល់​ឌី​វ នឹងមិន​ប្រែប្រួល​ឡើយ ទោះ​មានការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ថ្មី​ក្តី​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​សុក្រ ទី​២០ កញ្ញា ប្រមុខ​ការទូត​ចិន​រូបនេះ កត់សម្គាល់ថា​៖«​កិច្ចសហប្រតិបត្តិការ​របស់​ចិន​ជាមួយ​ម៉ា​ល់​ឌី​វ មាន​គោលដៅ​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាជន​ម៉ា​ល់​ឌី​វ ដោយ​គ្មាន​បំណង​នយោបាយ និង​ចង់បាន​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​អ្វី​ឡើយ​»​។ លោក សង្កត់ធ្ងន់ថា ការ​លើកឡើងថា «​ម៉ា​ល់​ឌី​វ​ជាប់ផុង​ក្នុង​អន្ទាក់​បំណុល​ចិន​» គឺជា​ការចោទប្រកាន់​ដោយ​ខ្វះ​មូលដ្ឋាន​ទាំងស្រុង​។ 
 
​តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​រដ្ឋមន្ត្រី Shahid បញ្ជាក់ថា គ្មាន​ប្រទេស​ណាមួយ​ក្នុង​ពិភពលោក  មានចិត្ត​ល្អ​ដូច​ចិន​ជួយ​អភិវឌ្ឍ​ម៉ា​ល់​ឌី​វ ។ ត្រង់នេះ លោក និយាយ​ដល់ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ខ្វាត់ខ្វែង​ក្នុងប្រទេស​នេះ ក្រោម​ការផ្តល់​កម្ចី និង​ជំនួយ​ជាច្រើន​របស់​ក្រុង​ប៉េកាំង​។ 
 
​គួរ​កត់សម្គាល់ថា ចិន ទទួលរង​ការរិះគន់​ជាខ្លាំង ជាពិសេស​ពី​សំណាក់​បណ្តា​ប្រទេស​លោកខាងលិច ពាក់ព័ន្ធ​នឹង​រឿង​ផ្តល់​លុយ​កម្ចី​ដល់​ប្រទេស​ក្រីក្រ ជាមួយ​បំណុល​ដែល​គ្មាន​និរន្តរភាព ដ្បិត​ពួកគេ​គ្មាន​លទ្ធភាព​សងលុយ​វិញ​រួច ។  អ្នកជំនាញ អះអាងថា ក្រុង​ប៉េកាំង​ចង់​ប្រើប្រាស់​បំណុល​ទាំងនេះ​ដើម្បី​ពង្រីក​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​៕
 
 

Tag:
 ម៉ា​ល់​ឌី​វ​
  ចិន​
  អន្ទាក់​បំណុល​
© រក្សាសិទ្ធិដោយ thmeythmey.com