កីឡាជាតិ
ជាតិ
រដ្ឋ​ចំណាយ​ថវិកា​ជាង​២០០​លាន​រៀល លើកទឹកចិត្ត​ម្ចាស់​ជ័យលាភី​៣​ប្រភេទ​កីឡា
22, Sep 2019 , 2:18 pm        
រូបភាព
ដោយ:
​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង​២០០​លាន​រៀល ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ គ្រូបង្វឹក លើ​៣​ប្រភេទ​កីឡា ដែល​ដណ្តើមបាន​មេដាយ​ក្នុងការ​ប្រកួត​កម្រ​តិ​ពិភពលោក អាស៊ី និង​អាស៊ីអាគ្នេយ៍​។ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ធ្វើជា​អធិបតីភាព​ក្នុងការ​ប្រគល់​ថវិកា​នេះ បាន​បញ្ជាក់ថា មានតែ​កម្ពុជា​ទេ​ដែល​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ាន​។



​ថវិការដ្ឋ​ចំនួន​២០៩,៦០០,០០០​រៀល​(​ប្រហាក់ប្រហែល​៥២,៤០០​ដុល្លារ​)​ត្រូវបាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​យកទៅ​ប្រគល់ជូន​ដល់​ម្ចាស់​ជ័យលាភី​លើ​ប្រភេទ​កីឡា​កាយ​វប្បកម្ម រាំ និង​ចំបាប់ ដែល​ដណ្តើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​កន្លងទៅ​។ ការប្រគល់​ថវិកា​លើកទឹកចិត្ត​នេះ ធ្វើឡើង​ក្រោម​វត្តមាន​របស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។


​ថវិកា​ចំនួន​៤០​លាន​រៀល​ត្រូវបាន​ចំណាយ​លើ​មេដាយមាស​ពិភពលោក​របស់​កីឡាករ សំបូរ សុភ​ណ្ឌ ដែល​ដណ្តើម​ក្នុងការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨​។ ក្នុងនោះ សំបូរ សុភ​ណ្ឌ ទទួលបាន​២០​លាន​រៀល ខណៈ​លោក ស៊ឹម សុក​មង្គល​រស្មី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជា ដែល​ឈរ​ជា​គ្រូបង្វឹក​ទទួលបាន​២០​លាន​រៀល​ស្មើគ្នា​។

​មេដាយមាស​របស់​កីឡាករ សំបូរ សុភ​ណ្ឌ បាន​បង្កើត​ឲ្យ​មានការ​ចោទប្រកាន់​គ្នា​រវាង​ម្ចាស់​ជ័យលាភី និង​ក្រសួង​អប់រំ ហើយ​មាន​មន្ត្រី​សហព័ន្ធ​និង​កីឡាករ​មួយចំនួន​ប្រកាស​លាឈប់​។ សុភ​ណ្ឌ បាន​ចោទប្រកាន់​ក្រសួង​អប់រំ​ថា បាន​កិបកេង​ថវិកា​ខ្លួន​ចំនួន​១០០​លាន​រៀល ព្រោះ​រូបគេ​យល់ថា មេដាយមាស​ខ្លួន​ត្រូវ​ទទួលបាន​១២០​លាន​រៀល ដូចដែល​បងប្រុស​ខ្លួន ធ្លាប់​ទទួល​កន្លងមក​។ ភ្លាមៗ​នោះ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​ចេញមុខ​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ ដោយ​អះអាងថា ក្រសួង​មិន​កិបកេង​ថវិកា​របស់​កីឡាករ​រូបនេះ​ទេ​។

​ក្រោយ​រឿង​ដ៏​ចម្រូងចម្រាស​នេះ កីឡាករ​ជម្រើសជាតិ​មួយចំនួន​រួមមាន​កីឡាករ សំបូរ ន​ន់​, សំបូរ ណាន និង ណុំ សុ​បិ​ន្ត ជាដើម​បានប្រកាស​លាឈប់​ពី​អាជីព​ជា​កីឡាករ​។ ជាមួយគ្នា​នោះ​លោក តឹក ប៊ុន​វី ក៏បាន​លាលែង​ពី​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​ផងដែរ​។ ក្រោយ​លាលែង​ពី​តំណែង​លោក តឹក ប៊ុន​វី បាន​ទម្លាយ​រឿង​ផ្ទៃក្នុង​សហព័ន្ធ ដោយ​ចោទប្រកាន់​លោក ស៊ឹម សុក​មង្គល​រស្មី ប្រធាន​សហព័ន្ធ​ថា ជា​បុគ្គល​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រើប្រាស់​កីឡាករ​ធ្វើជា​មុខ​ជំនួញ​។


​ក្នុងឱកាស​ប្រគល់​ថវិកា​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​អះអាង​ជាថ្មី​នៅ​ចំពោះមុខ​កីឡាករ​ម្ចាស់​ជ័យលាភី គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​ថា ក្រសួង​អប់រំ​មិនដែល​កិបកេង​ថវិកា​លើកទឹកចិត្ត​របស់​ម្ចាស់​ជ័យលាភី​នោះទេ​។ ទោះ​មិន​សំដៅលើ​បុគ្គល​ណា​ម្នាក់ តែ​ការលើកឡើង​បែបនេះ លោក​ទំនង​ចង់​សំដៅលើ​កីឡាករ​កាយ​វប្បកម្ម សំបូរ សុភ​ណ្ឌ ដែល​បាន​ចោទប្រកាន់​ក្រសួង​កាលពីពេល​កន្លងទៅ​។ លោក​បាន​បន្ថែមថា ក្រសួង​អប់រំ​គ្រាន់តែ​ជា​អ្នក​កាន់​ឯកសារ​ប៉ុណ្ណោះ មិនមែនជា​អ្នក​កាន់​លុយ​នោះទេ ដោយ​លោក​ប្រៀបធៀប​ក្រសួង​អប់រំ​ទៅ​ទូដែក ដែល​គ្មាន​លុយ​។​

​ចំណែក​កីឡា​ចំបាប់​ដែល​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​៤ និង​សំរឹទ្ធ​៨​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ហ្វីលីពីន​ទទួលបាន​ថវិកា​លើកទឹកចិត្ត​សរុប​ចំនួន​១៣៦,៦០០,០០០​រៀល ក្នុងនោះ​មេដាយមាស​ទទួលបាន​៩​លាន​រៀល​, មេដាយប្រាក់​៨​លាន​រៀល និង​សំរឹទ្ធ​៧​លាន​រៀល​។ កីឡា​រាំ ក្រោយ​ដណ្តើម​មេដាយ​សំរឹទ្ធ​១​លើ​វិញ្ញាសា​រាំ​ជា​គូ​ក្នុង​ការប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០១៨ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៣៣​លាន​រៀល ដោយ​កីឡាករ​និង​គ្រូបង្វឹក​ម្នាក់ៗ​ទទួលបាន​១១​លាន​រៀល​។

​លោក ស សុខា បាន​បញ្ជាក់ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​មានតែ​កម្ពុជា​នោះទេ ដែល​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​ច្រើនជាងគេ​។ ជាមួយគ្នា​នោះ លោក​បាន​ជំរុញ​ឲ្យ​កីឡាករ​ម្ចាស់​ជ័យលាភី និង​មិន​ជ័យលាភី​ទាំងអស់​ត្រូវ​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ត្រៀម​ការ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​លើក​ក្រោយៗ​ទៀត ពិសេស​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕




Tag:
 ស សុខា​
  ចំបាប់​
  កាយ​វប្បកម្ម​
  រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com