ពិធីពូនភ្នំខ្សាច់ មិនមែនធ្វើឡើងតែក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះទេ។ តាមទំនៀមទម្លាប់ខ្មែរ ការពូនភ្នំខ្សាច់ អាចធ្វើឡើងនៅក្នុងពិធីបុណ្យអ្វីក៏បានដែរ មានដូចជា បុណ្យចូលឆ្នាំ បុណ្យមាឃបូជា បុណ្យវិសាខបូជា និង បុណ្យបច្ច័យបួន ជាដើម។
ភ្នំខ្សាច់ ឬចេតិយខ្សាច់ ហៅតាមភាសាបាលីថា វាលុកចេតិយ។ ចេតិយខ្សាច់ គឺជាគំនរខ្សាច់ដែលត្រូវបានគេពូនជារាងចេតិយ ដើម្បីឧទ្ទិសដល់ព្រះចូឡាមុនីចេតិយរបស់ព្រះពុទ្ធអង្គ។ ចូឡាមណីចេតិយ គឺជាចេតិយដែលតម្កល់នូវព្រះកេសានិងព្រះចង្កូមកែវរបស់ព្រះពុទ្ធ ដែលស្ថិតនៅឯស្ថានតាវត្តិង្សឯណោះ។ ស្ថានតាវត្តិង្ស គឺជាស្ថានសួគ៌មួយ ក្នុងចំណោមស្ថានទេវលោកជាច្រើនទៀត ដែលគ្រប់គ្រងដោយ ព្រះឥទ្ធ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
ព្រះកេសា គឺជាសក់របស់ព្រះពុទ្ធ ហើយព្រះចង្កូមកែវ គឺជាព្រះទន្តស្រួចរបស់ព្រះអង្គ។ ព្រះទន្ត មានន័យថាធ្មេញ។
កាលពីព្រះពុទ្ធអង្គ ចេញសាងព្រះផ្នួសនៅព្រះជន្ម២៩វស្សា ព្រះអង្គក៏បានកាត់ព្រះកេសាដោយខ្លួនឯង ហើយព្រះកេសានោះ ត្រូវបានទេវតា នាំយកទៅតម្កល់ទុកនៅឯចូឡាមណីចេតិយ។ ចំណែក ព្រះចង្កូមកែវ ត្រូវបានទេវតាបាននាំទៅតម្កល់ទុកក្នុងចេតិយនេះដូចគ្នា គឺនៅពេលដែល ព្រះពុទ្ធទ្រង់បរិនិព្វាន (រលត់សង្ខារ) ហើយព្រះសពត្រូវបានរំលាយដោយព្រះអគ្គី (ភ្លើង)។ ដូច្នេះ ភ្នំខ្សាច់ដែលត្រូវបានធ្វើឡើង គឺតំណាងឲ្យព្រះចេតិយ ដែលបញ្ចុះនូវព្រះកេសានិងព្រះចង្កូមកែវនៃព្រះសម្មាសម្ពុទ្ធនេះឯង។
បុរាណបណ្ឌិតយើង បានពន្យល់ថា ការពូនភ្នំខ្សាច់ គឺជាការរឭកដល់ព្រះចូឡាមណីចេតិយ។ ការរឭកដល់ព្រះចូឡាមណីចេតិយ គឺជាការរឭកដល់ព្រះកេសានិងព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ ការរឭកដល់ព្រះសារីរិកធាតុ គឺដូចជាការរឭកដល់តួអង្គផ្ទាល់នៃព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គមានគុណជាអនេកប្បការចំពោះសត្វលោក ពោលគឺគុណទាំងបី រួមមាន បញ្ញាគុណ ករុណាគុណ និង វិសុទ្ធគុណ។ ការរឭកដល់គុណព្រះពុទ្ធនេះហើយ ដែលធ្វើឲ្យយើងកើតចិត្តជ្រះថ្លាចំពោះព្រះអង្គ ដែលជាហេតុនាំឲ្យកើតកុសលផលបុណ្យ។
ម្យ៉ាងទៀត ដោយអំណាចនៃការពូនភ្នំខ្សាច់ ដែលឧបកិច្ចដល់ព្រះចូឡាមណីចេតិយនេះ ក៏អាចឲ្យអ្នកទាំងឡាយ ដែលចូលរួមពូននោះ សុំអធ្យាស្រ័យដល់ពពួកសត្វ និងមនុស្ស ព្រមទាំងទេវតាទាំងពួង ក្នុងចក្រវាឡទាំងមូល ឲ្យលើកលែង និងអហោសកម្មដល់ខ្លួន ដែលធ្លាប់ប្រព្រឹត្តអំពើជាអកុសល ដល់សត្វលោកទាំងនោះ ក្នុងអតីតជាតិ ដោយអចេតនាណាមួយ។
ជាងនេះទៀត ដោយអានុភាពនៃសទ្ធាជ្រះថ្នាក្នុងការពូនភ្នំខ្សាច់ ដែលរឭកដល់ព្រះពុទ្ធអង្គ យើងក៏អាចប្រាថ្នាសុំសិរីសួស្តីទាំងឡាយឲ្យកើតមានដល់ក្រុមគ្រួសារ និងសហគមន៍ផងដែរ។
ប៉ុន្តែ បើទោះបីជាយើងផ្សងដូច្នេះក៏ពិតមែន តែយើងក៏ត្រូវតែខិតខំបំពេញកិច្ចទាំងឡាយណា ដែលនាំឲ្យរីកចម្រើនដែរ មិនមែនតាំងសេចក្តីប្រាថ្នាឡើង ហើយក៏ដេករង់ចាំលទ្ធផលនោះទេ។
ចាស់បុរាណតែងពោលទុកមកថា បើយើងបានពូនភ្នំខ្សាច់ គឺដូចជាយើង បានចូលរួមសាងសង់ព្រះចេតិយ ថ្វាយព្រះសម្មាសម្ពុទ្ធផ្ទាល់អ៊ីចឹងដែរ។ ហើយការរឭកដល់ព្រះចូឡាមណីចេតិយ ក៏ដូចជាការបូជាដល់ព្រះសម្មាសម្ពុទ្ធផ្ទាល់ដូចគ្នា៕