ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មឈូសបុរាណសម័យព្រះបាទសូរ្យវរ្ម័នទី២នៅប្រាសាទបន្ទាយសំរ៉ែ កំពុងជួសជុល
22, Sep 2019 ,
9:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ មឈូសបុរាណមួយដែលស្ថិតនៅក្នុងប្រាសាទបន្ទាយសំរ៉ែ កំពុងទទួលបានការជួសជុលពីក្រុមអ្នកជំនាញ។ នេះជាមឈូសកម្រដែលគេមិនសូវប្រទះឃើញមានច្រើនទេនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជានៅតាមបុរាណដ្ឋានផ្សេងៗ។ ការជួសជុលមឈូសនេះ គឺជាផ្នែកមួយនៃការការអភិរក្សបេតិកភណ្ឌជាតិ ដើម្បីរក្សាទុកឱ្យអ្នកជំនាន់ក្រោយបានស្គាល់។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ជារឿងដ៏កម្រនិងភ្ញាក់ផ្អើលមួយដែរសម្រាប់មនុស្សទូទៅដែលមិនសូវដឹងពីវត្តមានមឈូសក្នុងប្រាសាទបុរាណ។ ការធ្វើមឈូសតម្កល់នៅតាមប្រាសាទមិនមានច្រើនទេ សម្រាប់នៅខេត្តសៀមរាបគេប្រទះឃើញ៣ឬ៤កន្លែងប៉ុណ្ណោះ ចំណែកនៅតាមប្រាសាទដែលអ្នកជំនាញបានរកឃើញនិងនៅមានទម្រង់ជាមឈូសនោះ គឺទី១នៅប្រាសាទបន្ទាយសំរ៉ែ និងមួយទៀតនៅប្រាសាទបឹងមាលា។
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលមឈូសបុរាណមួយដែលសង់ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ស្ថិតនៅប្រាសាទបន្ទាយសំរ៉ែ។ បច្ចុប្បន្នការងារនេះជិតរួចរាល់ហើយដែរ ក្នុងនោះអ្នកជំនាញសុំឱ្យភ្ញៀវទេសចរដែលមកដល់កន្លែងមឈូសនេះ ត្រូវថែរក្សាដោយមិនត្រូវប៉ះពាល់ឡើយ។
មន្ត្រីជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក ឡុង ណារី បានឱ្យដឹងថា ការជួសជុលមឈូសនេះដោយសារមឈូសជាវត្ថុសិល្បៈកម្រ ហើយបើយោងតាមការស្រាវជ្រាវកន្លងមក មានតែ២ទេក្នុងតំបន់ប្រាសាទ គឺនៅបន្ទាយសំរ៉ែដែលមានទំហំតូច គឺទំហំបណ្ដោយ៩០សង់ទីម៉ែត្រ កម្ពស់៧០សង់ទីម៉ែត្រ និងទទឹង៦០សង់ទីម៉ែត្រ និងនៅបឹងមាលាមានទំហំធំ រហូតដល់២០ម៉ែត្រ។ តាមការស្រាវជ្រាវ មឈូសនេះធ្លាប់បានជួសជុលម្ដងរួចមកហើយនៅសម័យបារាំងពីឆ្នាំ១៩៣៦ និង១៩៤០ តាមរយៈសាលាបារាំងចុងបូព៌ា។
យោងតាមឯកសាររូបភាពរបស់បារាំង ក្រោយជួសជុលហើយ មឈូសនៅប្រាសាទបន្ទាយសំរ៉ែនេះមានភាពរឹងមាំធម្មតា តែទើបនឹងបែកបាក់នៅសម័យសង្គ្រាមក្រោយមក។ លោក ឡុង ណារី បានទាញសេចក្ដីសន្និដ្ឋានថា មកពីកត្តាមនុស្សដែលលួចគាស់កកាយរកកំណប់ដែលល្បីតៗគ្នា ទើបធ្វើឱ្យមឈូសនេះពុកផុយនិងបែកបាក់ច្រើនបំណែក និងបំណែកខ្លះបានបាត់រកមិនឃើញ។ អ្នកគ្រប់គ្រងការដ្ឋានជួសជុលមឈូសលើកឡើងយ៉ាងដូច្នេះថា៖« យើងមិនដឹងថា ការខូតខាតនៃមឈូសដោយសារអ្វីទេ តែតាមការយល់ឃើញផ្អែកលើភស្ដុតាងនៃប្រាសាទមួយចំនួនសម័យនោះសម្បូរគេរកកំណប់ ដូច្នេះមឈូសក៏អាចមានការគាស់កកាយដែរ យើងក៏សម្រេចមកជួសជុលដើម្បីរក្សាទុកឱ្យក្មេងៗជំនាន់ក្រោយបានដឹងបានស្គាល់...»។
សម្រាប់ការជួសជុល ក្រុមអ្នកជំនាញវ័យក្មេងរបស់អាជ្ញាធរជាតិអប្សរា បានផ្តោតជាសំខាន់លើគុណភាពថ្ម ព្រោះថាអាយុកាលធ្វើឱ្យសាច់ថ្មមានភាពពុកផុយ ងាយរបេះ។ អ្នកជំនាញបានដកយកជាតិអំបិលចេញ និងព្យាបាលថ្មឡើងវិញ និងយកថ្មថ្មីជំនួសបំណែកដែលរកមិនឃើញ។ ជាមួយគ្នានេះដែរ បើតាមការសន្និដ្ឋានរបស់លោក ឡុង ណារី មឈូសដែលសង់នៅតាមប្រាសាទនេះ គឺសម្រាប់តម្កល់សពក្មេងដែលជាញាតិវង្សានុវង្សរបស់សេ្ដច ហើយការអះអាងមួយទៀតយល់ថា សង់សម្រាប់ដាក់មនុស្សធំទៅវិញ។
ប្រាសាទបន្ទាយសំរ៉ែ មានទីតាំងស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ឬនៅតាមផ្លូវទៅភ្នំបូក។ ប្រាសាទនេះសង់ឡើងពីថ្មបាយក្រៀមនិងថ្មភក់ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងបញ្ចប់ក្នុងរាជ្យក្សត្រយសោវរ្ម័ន។ សង់លើដីរាប បែរមុខទៅខាងកើត ប្រាសាទនេះនៅមានចម្លាក់ផុសស្អាតនៅឡើយ។ ក្រៅពីជួសជុលមឈូស អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក៏បានជួសជុលបង្កាន់ដៃនាគ ក៏ដូចជាគម្រោងអភិរក្សតាមផ្នឹមដែកដែលច្រេះៗឆ្លងពីសម័យដែលបារាំងជួសជុលជាដើម។
ក្នុងបុព្វហេតុដើម្បីរក្សាតម្លៃបេតិកភណ្ឌឱ្យអ្នកជំនាន់ក្រោយបានឃើញនិងស្គាល់ លោក ឡុង ណារី បានស្នើដល់ទេសចរជាតិនិងអន្ដរជាតិ ជួយការពារសម្បត្តិទាំងនេះតាមរយៈកុំប៉ះពាល់ឬអង្រួនបុរាណដ្ឋាននានា បង្ការកុំឱ្យមានហានិភ័យផ្សេងៗជាយថាហេតុ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
មឈូស
បន្ទាយសំរ៉ែ
ឡុង ណារី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម