ជាតិ
បាក់ឌុប
សង្គមជាតិ
យុវសិស្ស ជូក វ៉ាខីម យកបាននិទ្ទេសA ឱ្យវិទ្យាល័យ២៨មករា ដែលអាក់ខាន៨ឆ្នាំមកហើយ
× សៀមរាប៖ យុវសិស្ស ជូក វ៉ាខីម សិស្សនិទ្ទេសA តែមួយគត់សម្រាប់វិទ្យាល័យ២៨មករា ស្រុកស្រីស្នំ ខេត្តសៀមរាប។ ការប្ដេជ្ញាចិត្ត និងខំសិក្សារៀនសូត្រ វ៉ាខីម ទទួលបានលទ្ធផលគួរជាទីមោទនចំពោះលទ្ធផលដែលទទួលបានពីការប្រឡងមធ្យមសិក្សាទុតិយភូមិបាក់ឌុបឆ្នាំ២០១៩ ដោយបានបំបែកកំណត់ត្រាសិស្សនិទ្ទេសA ប្រចាំវិទ្យាល័យ២៨មករា ដែលនៅតំបន់រៀងដាច់ស្រយាលមួយក្នុងខេត្តសៀមរាប និងជាវិទ្យាល័យដែលមិនធ្លាប់មានិន្ទេសនេះរយៈពេល៨ឆ្នាំមកហើយ។ វ៉ាខីម និងគ្រួសារ សប្បាយចិត្តរហូតស្រក់ទឹកភ្នែក។
អ្នកសារព័ត៌មានមានឱកាសបានជួបយុវសិស្ស ជូក វ៉ាខីម នាឱកាសពិធីទទួលរង្វាន់សិស្សនិទ្ទេសA និងនិទ្ទេសB នារដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២០ កញ្ញា។ យុវសិស្សរូបនេះប្រាប់ថាមានមោនកភាពជាខ្លាំងនិងស្រក់ទឹកភ្នែក ពេលគ្រូប្រាប់ថា ខ្លួនទទួលបាននិទ្ទេសA។ និទ្ទេសA ជាអ្វីដែល វ៉ាខីម ធ្លាប់ប៉ងកន្លងមក ព្រោះថាគេចង់បំណែកកំណត់ត្រាសិស្សនិទ្ទេសA ប្រចាំវិទ្យាល័យ២៨មករា ស្រុកស្រីស្នំ ដែលមិនធ្លាប់មានប្រវត្តិបានសោះនារយៈពេល៨ឆ្នាំមកនេះ។ វ៉ាខីម បញ្ជាក់ថា ខ្លួនជាសិស្សជំនាន់ទី៩ និងបានសិក្សាស្វែងយល់ពីការរៀនសូត្ររបស់រាមច្បងមុនៗ និងខំរៀនបន្ថែមរហូតបាននិន្ទេសល្អបែបនេះ។
វ៉ាខីម មានឪពុកឈ្មោះ ជុំ ជិន ជាកសិករ និងជាជាងជួសជុលគោយន្ត។ លោក ជុំ ជិន ដែលជូនកូនមកទទួលរង្វាន់នៅពេលនោះបានប្រាប់ថា លោកស្រក់ទឹកភ្នែករំភើបពេលកូនបាននិទ្ទេសល្អ។ ជាកសិកររវល់នឹងការងារច្រើន លោកមិនធ្លាប់គិតទាល់តែសោះតែកូនទទួលបាននិទ្ទេសល្អបែបនេះ គ្រាន់តែធ្លាប់ដឹងថាកូនរៀនបានចំណាត់ល្អៗប្រចាំឆ្នាំ។
យុវសិស្ស វ៉ាខីម បានជាប់អាហារូបករណ៍ស្វ័យប្រវត្តិនៅសាកលវិទ្យាល័យបាត់ដំបង ផ្នែកគណិតវិទ្យា តែគេបានបោះបង់ទៅវិញ ព្រោះកំពុងជាប់រៀនត្រៀមប្រឡងរៀនផ្នែកវេជ្ជបណ្ឌិតនៅសាលាក្រហមនារាជធានីភ្នំពេញ។ លោក ជុំ ជិន ដែលជាឪពុកក៏មិនហាមឃាត់អ្វីនោះដែរ លោកថារៀនជំនាញអ្វីគឺអាស្រ័យលើកូនតែប៉ុណ្ណោះ៕
Tag:
និន្ទេសA
បាក់ឌុប
ស្រីស្នំ
© រក្សាសិទ្ធិដោយ thmeythmey.com