អត្ថបទពាណិជ្ជកម្ម
តើ​ការ​រឹតបណ្តឹង​គោលនយោបាយ​វិនិយោគ​ក្រៅប្រទេស​របស់​ចិន អាច​ប៉ះពាល់​វិស័យ​អ​ច លន​ទ្រព្យ​នៅ​កម្ពុជា​ដែរ​ទេ​?
23, Sep 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​អចលនទ្រព្យ​កម្ពុជា បាន​ស្គាល់​ពីស​ន្ទុះ​កំណើន​យ៉ាង​ឆាប់រហ័ស និង​ខ្លាំងក្លា​បំផុត ដែល​ការវិនិយោគ​ធំៗ មិនមែន​ស្ថិត​នៅតែ​ក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រីកដុះដាល​នៅតាម​ទីប្រជុំជន ខេត្ត និង​ក្រុង​សំខាន់ៗ តាម​ជាយដែន និង​តំបន់​ជាប់មាត់​សមុទ្រ​ផងដែរ ក្នុងនោះ​មាន ក្រុងព្រះសីហនុ ប៉ោយប៉ែត​និង​បាវិត​ជាដើម​។  បណ្តា​ខេត្ត​-​ក្រុង​ទាំងនេះ គឺ​សុទ្ធតែ​មានការ​សាងសង់​ច្រើន និង​មាន​តម្រូវ​ការទិញ​-​ជួល​កើន​ឡើងជា​លំដាប់ ដែល​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ បន្ត​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។ 
​មូលហេតុ​ដ៏​ចម្បង​មួយ ដែល​ជំរុញ​ដល់​កំណើន នៃ​វិស័យ​អចលនទ្រព្យ​នេះ គឺ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ជាពិសេស​វិនិយោគិន​ចិន​។
 
​ប៉ុន្តែ​រយៈពេល ២ ឆ្នាំ​កន្លងទៅ នៅពេលដែល​ប្រទេស​ចិន បាន​អនុវត្ត​គោលនយោបាយ ថ្មី​ដែល​រឹតត្បិត​ការហូរ​ចេញ​ក្រៅ នៃ​ការវិនិយោគ​ដែល​នាំ​យកលុយ​ចេញពី​ប្រទេស​ចិន ទៅ​ក្រៅប្រទេស​នោះ គេ​មើលឃើញថា គោលនយោបាយ​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​វិនិយោគ​របស់​វិនិយោគិន​ចិន​នៅក្រៅ​ប្រទេស ក្នុងនោះ​ក៏មាន​ប្រទេស​ប្រទេស​កម្ពុជា​ផងដែរ​។ អ្នកជំនាញ​អចលនទ្រព្យ​មួយចំនួន មានការ​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់ ដោយសារតែ​គោលនយោបាយ​ថ្មី​របស់​ចិន​នេះ​។​
 
​លោក​បណ្ឌិត គីម ហ៊ាង ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Keller Williams Cambodia បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា ការ​រឹតបណ្តឹង​គោលនយោបាយ​របស់​ចិន បានធ្វើ​ឲ្យ​មានការ​ថយចុះ នៃ​ការទិញ​ខុន​ដូ​ពី​សំណាក់​ជនជាតិ​ចិន​នៅ​កម្ពុជា​។ លោក​មើលឃើញថា លំហូរ​ចូល​នៃ​ជន​ជាតិចិន និង​វិនិយោគ​ពី​ប្រទេស​ចិន​បាន​ជំរុញ​តម្លៃ​ដី ឲ្យ​កើនឡើង​ខ្ពស់​ខ្លាំង​ក្នុងពេល​កន្លងមក​។ 
 
​ការវិនិយោគ​ផ្ទា​ល់ពី​ប្រទេស​ចិន នៅ​កម្ពុ​ជាមាន​ទំហំ ៤០% នៃ​ទុនវិនិយោគ​បរទេស​សរុប​។ ដូច្នេះ​ការដែល​ប្រទេស​ចិន ចេញ​គោលនយោបាយ​ថ្មី​នេះ អាចធ្វើ​ឲ្យ​វិស័យ​អចល​ទ្រព្យ​រង​នៅ​ផលប៉ះពាល់​ផ្នែក​ណាមួយ (​តិច ឬ​ច្រើន​) ដោយសារតែ​ប្រទេស​កម្ពុជា ត្រូវ​ថយចុះ​ប្រភព​ទ្រ​ង​ទ្រង់​មួយ​យ៉ាងសំខាន់ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​វិស័យ​អចលនទ្រព្យ​មាន​កំណើន​ឡើង​។​
 
​ទោះយ៉ាងណា ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ចិន ប្រហែល​អាចជា​ចំណុច​ល្អ​មួយ​សម្រាប់​ទីផ្សារ​កម្ពុជា​។ អ្នកជំនាញ​បាន​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​រយៈពេល​វែង សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុងស្រុក​។ បណ្ឌិត គីម ហ៊ាង បញ្ជាក់ថា គោលនយោបាយ​ថ្មី​នេះ អាចធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​លំនឹង ដោយហេតុថា​យើង មិនគួរ​ពឹង​ផ្អែកលើ​ការវិនិយោគ​ពី​ប្រទេស​តែមួយ​ខ្លាំងពេក​។ មានន័យថា កម្ពុជា​ត្រូវធ្វើ​ឲ្យ​មាន​តុល្យភាព នៃ​ការវិនិយោគ​ពី​បរទេស ដែល​នឹង​ផ្តល់​ផល​ល្អ​សម្រាប់​ទីផ្សារ​កម្ពុជា​ទាំងមូល នៅពេល​អនាគត​។ 
 
​លោក Paul Ellender អ្នកគ្រប់គ្រង​ក្រុមហ៊ុន Freer Properties ក៏​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​គោលនយោបាយ​របស់​ចិន​នេះដែរ​។ លោក​បារម្ភ​ថា ដោយសារតែ​ប្រទេស​ចិន គឺជា​អ្នកវិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ហើយ​ប្រសិន​ចិន​ជួប​បញ្ហា​ណាមួយ​នោះ វា​នឹង​ជះឥទ្ធិពល​កម្រិត​ណាមួយ ដល់​ប្រទេស​កម្ពុជា ដោយសារតែ​កម្ពុជា មិនទាន់​បានធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឲ្យ​បាន​រឹងមាំ​នៅឡើយ​។ 
 
​ប្រហែលជា​ផ្នែក​ខ្លះ អាចនឹងទទួល​រង​ផលប៉ះពាល់​។ ទោះយ៉ាងណា ការវិនិយោគ​របស់​ចិន​នឹង​នៅតែ​បន្ត​ទៅមុខ ដោយសារ​កម្ពុជា ជា​ប្រទេស​ដែល​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច គោលនយោបាយ ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​។ នេះ​ជា​អះអាង​របស់លោក Paul​។ 
 
​ទោះយ៉ាងណា លោក ឃាង ពុ​ទ្ធី ប្រធាន​សមាគម​អចលនទ្រព្យ​កម្ពុជា មើលឃើញថា ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ចិន អាច​ផលប៉ះពាល់​លើ​ទីផ្សារ​កម្ពុជា​តិចតួច​ប៉ុណ្ណោះ ប្រសិនបើ​មាន​។ លោក​បញ្ជាក់ថា​៖ «​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ ដែល​បង្ហាញថា​កំណើនសេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​ទេ  ប៉ុន្តែ​មាន​គម្រោង​ជាច្រើន កំពុង​ចូល​មកជា​បន្តបន្ទាប់​»​។ 
​លោក​ជឿជាក់ថា វិនិយោគិន​បរទេស និង​អ្នកជំនួញ ជាពិសេស​មកពី​ប្រទេស​ចិន នឹង​បន្ត​ហូរ​ចូលមក​កម្ពុជា​ថែមទៀត​៕ 
 
​អត្ត​បទ​ពាណិជ្ជកម្ម​
 

© រក្សាសិទ្ធិដោយ thmeythmey.com