ONE Championship
កីឡាជាតិ
ជាតិ
Demetrious Johnson តាំងចិត្ត​យកឈ្នះ​ឲ្យ​បាន​នៅ​សង្វៀន ONE:CENTURY ក្រុង​តូ​ក្យូ​
23, Sep 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ

​អត្ថបទ​៖ ស៊ី​ធី​

​នេះ​ជា​ផ្លូវ​ដ៏​លំបាក​មួយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship សម្រាប់​ជើង​ខ្លាំង​មកពី​អាមេរិក Demetrious Johnson ឬ «Mighty Mouse» ប៉ុន្តែ វីរបុរស​អាមេរិក​រូ​ប​នេះ​នឹងធ្វើ​ឲ្យ​ឈ្មោះ​របស់ខ្លួន​ល្បី​រន្ទឺ​ជាថ្មី​ម្ដងទៀត​។ Johnson ដែលជា​ជើងឯក​ទម្ងន់ Flyweight World Champion ចំនួន​១២​សម័យកាល​នឹង​បង្កើត​កេរ្តិ៍ឈ្មោះ​ដោយ​កិត្តិយស​ពេល​ជួប អ្នកលេង​គុន​ចម្រុះ​វ័យក្មេង​ហ្វីលីពីន  Danny Kingad ឬ «The King» នៅ​សង្វៀន  ONE: CENTURY PART I នា​ថ្ងៃអាទិត្យ​ទី ១៣ តុលា នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ខាងមុខ​។ Johnson ជើង​ខ្លាំង​មកពី​អាមេរិក ដែល​បាន​ហ្វឹកហាត់​ឥតឈប់ឈរ​រហូតដល់​ពេលនេះ​នឹង​បន្សល់ទុក​ស្នាដៃ​ល្អ​នៅ​ទីលាន Ryogoku Kokugikan នា​ទឹកដី​ជប៉ុន ក្នុង​គោលដៅ​កាន់តំណែង​ខ្សែក្រវាត់ World Title ស្វាគមន៍​ឆ្នាំ ២០២០​។​



«​ខ្ញុំ​ជឿជាក់ថា​ការប្រកួត​នេះ​ពិតជា​សំខាន់​ណាស់​។ វា​ជា​ប្រកួត​កម្រិត​ពិភពលោក Flyweight World Grand Prix Championship វគ្គ​ផ្ដាច់ព្រ័ត្រ​។ ក្រោយ​ចប់​ការប្រកួត​ខ្ញុំ​ចង់​ប្រមូល​ខ្សែក្រវាត់​ដើម្បី​បន្ថែម​ពីលើ​ខ្សែក្រវាត់​ដូចដែល​ខ្ញុំ​ធ្វើ​បានល្អ​នៅ ONE Flyweight World Champion ទល់នឹង Adriano Moraes អីចឹង​ដែរ​»​។ បុរស​វ័យ​៣៣​ឆ្នាំ ថ្លែង​បែបនេះ​។ Johnson បាន​រៀបរាប់ថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ណាស់​ត្រូវ​ប្រឈម​នឹង Danny Kingad​។ គេ​ចាញ់​តែម្ដង​គត់​ក្នុង​អាជីព​របស់គេ​រហូតដល់​ពេលនេះ ហើយ​ចាញ់​នោះ គឺ ចាញ់ Moraes​។ Danny ពិតជា​ខ្លាំងណាស់​។ តែ​ឥឡូវនេះ​ខ្ញុំ​ត្រៀម​រួចជាស្រេច​ហើយ ដើម្បី​ជួប​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​អាស៊ី​»​។



Johnson មិន​ងាយស្រួល​ប៉ុន្មាន​ទេ​នៅ​សង្វៀន ONE Championship ពេល​បង្ហាញខ្លួន​លើកដំបូង​កាល​ខែ មីនា នាវ​គ្គ ៨ នាក់​ចុងក្រោយ​។ «Mighty Mouse» ត្រូវ​រង​ការឈឺ​ចាប់ពី​សំណាក់​កីឡាករ​ជប៉ុន  Yuya Wakamatsu  មុនពេល​រូបគេ​យកឈ្នះ​ដោយសារ​ក្បាច់​ចូល​ឃ្លេ​។ ៤ ខែ​កន្លះ​ក្រោយមក Johnson បាន​យកឈ្នះ Tatsumitsu Wada ដែលជា​មិត្ត​រួម​ជាតិ​របស់ Yuya នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ អ្នកលេង​គុន​ចម្រុះ​អាមេរិក​រំលឹក​ដូច្នេះ​ថា ៖« World Grand Prix មាន​រឿងរ៉ាវ​ជាច្រើន​ដែល​ត្រូវធ្វើ​។ ខ្ញុំ​បាន​ត្រៀមលក្ខណៈ​តាំងពី​ខែ មករា មកម្ល៉េះ​។ ខ្ញុំ​ប្រកួត​នៅ​ខែ មីនា ហើយក៏​បន្ត​ហ្វឹកហាត់​ទៀត​ដើម្បី​ប្រកួត​នៅ​ខែ សីហា​។ ខ្ញុំ​រង់ចាំ​ការប្រកួត​ផ្ដាច់ព្រ័ត្រ ហើយ​ទោះ​ចាញ់ ឬ ឈ្នះ​ខ្ញុំ​ពេញចិត្ត​ចំពោះ​អ្វីដែល​ខ្ញុំ​បានធ្វើ​»​។

Johnson បានដាក់​វិន័យ​តឹងរ៉ឹង​ខ្លួនឯង​ដើម្បី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship ព្រោះ​គូប្រកួត​របស់ខ្លួន​មិនធម្មតា​ឡើយ​។ Kingad ជា​កីឡាករ​វ័យក្មេង​ដែល ស្រេកឃ្លាន​នឹង​ជ័យជម្នះ​មកពី​ក្លិប Team Lakay នា​ក្រុង Baguio ប្រទេស​ហ្វីលីពីន​។ Kingad ទើប​មាន​អាយុ ២៣ ឆ្នាំ ប៉ុន្តែ​គេ​ធ្វើ​បានល្អ​ដូចជា​ក្បាច់​ចាប់ ក្បាច់​សម្លាប់​វូ​ស៊ូ និង ធ្វើ​ចលនា​បានល្អ​ណាស់​។
​កីឡាករ​ហ្វីលីពីន​រូបនេះ​មានកំណត់​ត្រា​គួរ​ឲ្យ​សរសើរ​ដោយ​ឈ្នះ ១៤ និង ចាញ់ ១ លើក​ប៉ុណ្ណោះ​គិត​ត្រឹម​ពេលនេះ​។ យ៉ាងណាក្ដី Johnson សង្កត់ធ្ងន់ថា​៖«​ការពិត​ណាស់ គ្រប់គ្នា​សុទ្ធ​តែមាន​ចំណុចខ្សោយ ។ បើ​ស្វែងយល់​ចំណុចខ្សោយ​បាន យើង​នឹងមាន​ប្រៀប​។ នោះ​ជា​វិធី​ដែល​យើង​ត្រូវតែ​ធ្វើ​»​។



​ជាមួយគ្នា​នោះ Johnson រំលឹកថា ៖«​ខ្ញុំ​ដឹង​ច្រើន​អំពី​ក្លិប Team Lakay​។ មិត្ត​រួម​ក្រុម​របស់ខ្ញុំ Bibiano Fernandes បាន​ប្រកួត​ច្រើនដង​ទល់នឹង​សមាជិក​ក្រុម​នេះ តាំងពី​រូបគេ​ចូលប្រឡូក​នៅ​សង្វៀន ONE​។ ពួកគេ​ជា​កីឡាករ​ល្អៗ ប៉ុន្តែ ក៏​នៅមាន​ចន្លោះប្រហោង​ដែរ​។ ខ្ញុំ​មានបទពិសោធន៍​ច្រើនជាង Kingad ហើយ​ខ្ញុំ​បាន​ប្រកួត​ជាមួយ​កីឡាករ​អស្ចារ្យ​ជាច្រើន​ដែរ​។ ការប្រកួត​របស់រប​ស់​ខ្ញុំ​ល្អ​លើសពី​ល្អ​ទៅទៀត​។ ខ្ញុំ​ជា​កីឡាករ​ខុសពី អ្វីដែល Kingad មាន​។ ដូច្នេះ​យើង​រង់​ចាំមើល​ទាំងអស់គ្នា​។ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នកគាំទ្រ​បានឃើញ​រឿង​ល្អ​បំផុត​»​។​

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​



© រក្សាសិទ្ធិដោយ thmeythmey.com