កីឡាជាតិ
ជាតិ
ជំនួបទាំងនៅកីឡដ្ឋានវិសាខា និងស្តាតចាស់នាថ្ងៃនេះ មិនមែនចាប់ផ្តើមពីនាទី ទី១នោះឡើយ សកម្មភាពប្រកួតរវាងក្រុមវិសាខា(អាវខៀវ)ជាមួយព្រះខ័នរាជស្វាយរៀង, រូបភាពពីក្លិបបាល់ទាត់វិសាខា
× ក្រុមបាល់ទាត់វិសាខា ត្រូវស្វាគមន៍ព្រះខ័នរាជស្វាយរៀង នាជំនួបសប្តាហ៍ទី២៣នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅម៉ោង៦ល្ងាច ក្រោយក្រសួងការពារជាតិ ប៉ះភ្នំពេញក្រោននៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង៣:៣០នាទីរសៀល។ តាមពិតការប្រកួតទាំងពីរគ្រោងរៀបចំនៅថ្ងៃទី២២ កញ្ញា តែត្រូវបានលើកពេលដោយសារភ្ញៀងធ្លាក់ខ្លាំងពេក។
ការប៉ះគ្នារវាងក្រុមវិសាខា ជាមួយព្រះខ័នរាជស្វាយរៀង ប្រៀបបានការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពោលគឺបើស្វាយរៀងអាចយកឈ្នះម្ចាស់ផ្ទះវិសាខានៅល្ងាចនេះ ពួកគេ នឹងក្លាយជាម្ចាស់ជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគរដូវកាលឆ្នាំ២០១៩ ទាំងនៅសល់៣ប្រកួត។ ដូច្នេះវិសាខា ទាមទារយកឈ្នះព្រះខ័នរាជស្វាយរៀងដាច់ខាត បើពុំនោះទេពួកគេនឹងអស់ឱកាសឡើងទៅប្រជែងដណ្តើមជើងឯក។
មុនជំនួបដ៏ជក់ចិត្តខាងលើ ក្រុមស្ថិតនៅលេខរៀងទី៧ក្រសួងការពារជាតិ ត្រូវប្រជែងដណ្តើមលេខរៀងទី៦ជាមួយភ្នំពេញក្រោននៅម៉ោង៣:៣០នាទីរសៀល នាកីឡដ្ឋានស្តាតចាស់។ នេះគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ដ្បិតក្រុមទាំងពីរសុទ្ធឱកាសឡើងទៅប្រជែងជើងឯក និងសូម្បីតែលេខ៣។
តាមកាលវិភាគប្រកួតរបស់គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)ការប្រកួតទាំងពីរគូខាងលើត្រូវឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។ ប៉ុន្តែដោយសារមានភ្ញៀងធ្លាក់ខ្លាំង និងមានទឹកដក់នៅលើទីលានមិនអាចបន្តការប្រកួតបាន ទើប CNCC រួមជាមួយថ្នាក់ដឹកនាំនៃក្លិបទាំងពីរបានសម្រេចលើកការប្រកួត ដែលដំណើរការបានជាង១៥នាទី មកប្រកួតនៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមបន្តពីនាទី ដែលបានផ្អាកកាលពីថ្ងៃអាទិត្យ។
ក្រុមការពារតំណែងជើងឯកណាហ្គាវើលបានអស់ឱកាសឡើងទៅប្រជែងដណ្តើមជើងឯកនៅឆ្នាំនេះ បន្ទាប់ពីពួកគេបញ្ចប់លទ្ធផលស្មើ ១-១ ជាមួយបឹងកេត នាជំនួបនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េកាលពីថ្ងៃអាទិត្យ។ នៅម៉ោងដំណាលគ្នានោះដែរ ក្រុមអាស៊ីអឺរ៉ុបបានយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៤-២។
សម្រាប់ការប្រកួត៣គូកាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមម្ចាស់ផ្ទះរងបរាជ័យទាំងអស់។ ក្នុងនោះកំពង់ចាមដែលប្រើប្រាស់កីឡដ្ឋានស្តាតចាស់ធ្វើទឹកដីចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិ ៤-០ ខណៈម្ចាស់ផ្ទះអគ្គិសនីកម្ពុជាចាញ់គីរីវង់សុខសែនជ័យ ២-១។ ជ័យជម្នះជួយឲ្យគីរីវង់សងសឹកអគ្គិសនីកម្ពុជា ដែលយកឈ្នះពួកគេ ២-១ នៅជើងទី១បានសម្រេចផងដែរ។ ចំណែកការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាប សូលទីឡូអង្គរបានឈ្នះអង្គរថាយហ្គឺរក្នុងលទ្ធផល ២-១ ដើម្បីសងសឹក ដែលពួកគេបានចាញ់ ៣-០ នៅជើងទី១។
សម្រាប់ពានរង្វាន់ប្រចាំខែសីហា ខ្សែប្រយុទ្ធ ដាវ នីម នៃក្លិបគិរីវង់សុខសែនជ័យ ជាប់ជាកីឡាករឆ្នើម រីឯគ្រូបង្វឹកសញ្ញាតិស្កុតឡែន លោក Nestor Conor របស់ព្រះខ័នរាជស្វាយរៀង ជាប់ជាគ្រូបង្វឹកឆ្នើម៕
Tag:
ព្រះខ័នរាជស្វាយរៀង
វិសាខា
Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com