ជាតិ
សម្តេច ហេង សំរិន កំពុងចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ីអឺរ៉ុប នៅប្រទេសកាហ្សាក់ស្ថាន សម្តេចហេង សំរិន និងប្រតិភូ នៅក្នុងជំនួបជាមួយប្រតិភូរដ្ឋសភាប្រទេសកាហ្សាស្ថាន (រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហេង សំរិន)
× ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ីអឺរ៉ុប នៅសាធារណរដ្ឋកាហ្សាក់ស្ថាន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ«ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់តំបន់យូរ៉ាស៊ា៖ កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ»។ នេះបើតាមគេហទំព័រក្រសួងព័ត៌មាន។
តាមប្រភពដដែល កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ីអឺរ៉ុប នេះគឺជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់មួយ សម្រាប់ពិភាក្សាលើប្រធានបទកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈ យោបល់ ក្នុងការការពារផលប្រយោជន៍ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមូហភាពសង្គមនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។
នៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាកម្ពុជា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងសមភាគីដែលជាប្រធានសភា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន, ប្រធានសភាពិគ្រោះយោបល់នៃសាធារណរដ្ឋអ៊ីស្លាមអ៊ឺរ៉ង់ និងគ្រោងជួបជាមួយសមភាគីចិន រុស្សី និងកូរ៉េខាងត្បូងផងដែរ។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការចូលរួមពីសភាតំបន់អាស៊ី និងអឺរ៉ុបប្រមាណ៦០ប្រទេស និងអង្គការសង្កេតការណ៍អន្តរជាតិធំៗប្រមាណ៩អង្គការ ដែលនៅក្នុងនោះជាប្រធានសភាមាជាង៤០ប្រទេស ចូលរួមផងដែរ។ សូមរំឭកដែរថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី១ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសរុស្ស៊ី នៅឆ្នាំ២០១៦ លើកទី២ នៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៧ និងលើកទី៣ ធ្វើឡើងនៅប្រទេសតួកគី នៅឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com