ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​ការពារជាតិ ឲ្យ​ថ្នាក់ក្រោម ផ្តោតលើ​សកម្មភាព​ក្រុមប្រឆាំង
23, Sep 2019 , 2:13 pm        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
ដោយ: ថ្មីៗ
​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច ទៀ បាញ់ បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ និង ថ្នាក់​ខេត្ត ផ្តោត​សំខាន់ ចំពោះ​មហិច្ឆតា​របស់​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​។ ការជំរុញ​របស់​សម្តេច ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣​ឆ្នាំ​២០១៩ របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​។



​បើតាម​ការចុះផ្សាយ​រប​ស់​ក្រសួងការពារជាតិ សម្តេច​រដ្ឋមន្ត្រី ប្រាប់​មន្ត្រី​ថា ក្រុមប្រឆាំង មិន​ចង់​ឲ្យ​ប្រទេស មាន​សុខសន្តិភាព និង​ការរីកចម្រើន​ឡើយ ដោយ​ពួកគេ ចង់​បង្កចលាចល ធ្វើ​ឲ្យ​ប្រទេស ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​។ លើសពីនេះ រដ្ឋមន្ត្រី​ការពារជាតិ បានលើកឡើង ពី​ភាពមិន​កោតក្រែង​របស់​លោក សម រង្ស៊ី ដែល​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ​។

​ក្រសួង​ពារ​ជាតិ បាន​សរសេរ​ពីស​ម្តី​របស់​សម្តេច​រដ្ឋ​មន្ត្រី យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​នេះហើយ ដែល​ក្រុមការងារ​ចុះជួយ​គ្រប់​ក្រុង ស្រុក ត្រូវ​ផ្សព្វផ្សាយ អប់រំ និង ណែនាំ​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ពួកគាត់​ចាញ់​ឧបាយកល​របស់​ក្រុម​ជ្រុលនិយម ដែលជា​ក្រុម​ឧទ្ទាម​រត់ចោលស្រុក​»​។


សម្តេច ទៀ បាញ់ ដឹកនាំកិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ត្រី​មាស​ទី៣​ឆ្នាំ​២០១៩​​ របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩

​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លើកឡើងថា លោក សម រង្ស៊ី និង​បក្សពួក មិន​ត្រឹមតែ​មានបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ តែ​ថែមទាំង​ចង់​ផ្តួលរំលំ​របបរាជានិយម​ថែមទៀត​។ លោក សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា អំពើ​នេះ អាច​នឹងត្រូវ​ផ្តន្ទាទោស​អស់​មួយជីវិត​។​

​លោក សម រង្ស៊ី កំណត់​ផែនការ​ថា លោក នឹង​ដឹកនាំ​កម្លាំង​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ លោក ចាត់ទុក ថ្ងៃទី​៩​វិច្ឆិកា​នេះ ថា​ជា​ឱកាស​ចុងក្រោយ​សម្រាប់​ការតស៊ូ​របស់លោក​។

​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ បាន​អំពាវនាវ​ពី​ក្រៅប្រទេស​មក ឲ្យ​កងកម្លាំងប្រដាប់អាវុធ ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល ហើយ​ចូលរួម​ជាមួយ​ក្រុម​រប​ស់លោក​។ អតីត​គណបក្សប្រឆាំង ប្រកាសថា បាន​ត្រៀម​ថវិកា ដើម្បី​ផ្ត​ត់​ផ្គង់​ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​ផ្តាច់ខ្លួន​ពី​រដ្ឋាភិបាល​៕


Tag:
 ទៀ បាញ់​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com