ជាតិ
សេដ្ឋកិច្ច
ព្រោះដាំ​បន្លែ​គីមី​ខាត កសិករ​ស្រុក​ស្អាង ងាក​មក​ដាំ​ប​ន្លែ​សរីរាង្គ​វិញ​
23, Sep 2019 , 4:19 pm        
រូបភាព
​កណ្តាល​៖ គេ​ស្គាល់​ស្រុក​ស្អាង ជា​តំបន់​ដាំ​បន្លែ​មួយ​ធំ​របស់​ខេត្តកណ្តាល​។ ជាមួយគ្នានេះ គេ​កត់សម្គាល់ថា តំបន់​នេះ ដាំ​បន្លែ​ដោយ​ប្រើ​ថ្នាំពុល​គីមី​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ប្រជាកសិករ​មួយចំនួន​ក្នុងស្រុក​មួយ​នេះ បាន​ងាក​មក​ដាំ​បន្លែ​សរីរាង្គ​វិញ​។ កសិករ​ទាំងនោះ អះអាងថា ការដាំ​បន្លែ​សរីរាង្គ​ផ្ដល់​ផលចំណេញ​ប្រសើរ​ជាង និង​មិន​ប្រឈម​ការខាតបង់​ដូច​បន្លែ​គីមី​ឡើយ​។​



អត្ថបទទាក់ទង

​កន្លងមក បន្លែ​ដែល​ដាំ​ក្នុងស្រុក​ស្អាង​ស្ទើរ​ទាំងស្រុង ត្រូវបាន​គេ​ជឿជាក់ថា​សុទ្ធសឹង​ជា​បន្លែ​ប្រើប្រាស់​ជី និង​ថ្នាំពុល​គីមី​គ្មាន​ស្តង់ដារ និង​បច្ចេកទេស​ត្រឹមត្រូវ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ ទំហំនៃការដាំបន្លែដោយប្រើ​ថ្នាំ​គីមីក្នុងស្រុក​នេះ បាន​ធា្ល​ក់​ចុះ​ទៅវិញ ព្រោះ​មាន​កសិករ​មួយចំនួន បាន​រួមគ្នា​បង្កើតជា​ក្រុម មក​ដាំ​បន្លែ​សរីរាង្គ​ដែលមាន​សុវត្ថិភាព​ខ្ពស់ ចំពោះ​អ្នក​បរិភោគ​ដែល​ទទួលស្គាល់ ពី​មណ្ឌល​ពិសោធន៍ នៃ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​។ ការដាំ​បន្លែ​សរីរាង្គ​នេះ ក៏​កំពុង​រីក​រាលដាល​កាន់តែ​ល្អប្រសើរ ក្នុងស្រុក​ស្អាង​ផងដែរ​។


ចម្ការបន្លែសរីរាង្គ នៅក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

​អ្វីដែល​ជំរុញ​ឲ្យ​ប្រជាកសិករ​ក្នុង​តំបន់​នេះ ផ្លាស់ប្តូរ​ពី​ការដាំ​បន្លែ​គីមី​ទៅជា​បន្លែ​សរីរាង្គ​វិញ  គឺ​ការដាំ​បន្លែ​គីមី​ខាត​ច្រើន ដោយ​តម្លៃនៅលើទីផ្សារ​គ្មាន​លំនឹង ព្រោះ​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​បន្លែ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​។ ក្រុម​អ្នក​ប្តូរ​ពី​ការដាំ​បន្លែ​គីមី​ទៅ​បន្លែ​សរីរាង្គ​ទាំងនោះ អះអាងថា ការដាំ​បន្លែ​សរីរាង្គ ធ្វើឱ្យ​ពួកគេ​ទទួលបាន​ប្រាក់ចំណេញ​ទ្វេដង​ទៅវិញ ព្រោះតម្លៃ​បន្លែ​សរីរាង្គ​នេះខ្ពស់ជាង និងមានស្ថិរភាព ដោយបានកំណត់​យ៉ាងច្បាស់​លាស់ជាមួយ​អ្នកបញ្ជា​ទិញ​។​    ​    ​    ​    ​

កសិករ ឆេង សុខឃឹម ដាំបន្លៃសរីរាង្គ ក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
    ​    ​    ​    ​    ​    ​    ​    ​    ​
​អ្នកស្រី  ឆេង សុខ​ឃីម ជា​អ្នក​ដាំ​បន្លែ​សរីរាង្គ នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង បាន​ប្តូរ​ពី​ការដាំ​បន្លែ​គីមី​ទៅ​ដាំ​បន្លែ​សរីរាង្គ​វិញចាប់ពី​ឆ្នាំ​២០១៦ មក​។ មុននឹង​ឈានដល់​ការដាំ​បន្លែ​សរីរាង្គ កសិករ​រូបនេះ បាន​ដាំ​បន្លែ​ដោយ​ប្រើ​ថ្នាំ​គីមី​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ផងដែរ​។ ក្រៅពី​បាន​យល់ដឹង​ច្រើន ពី​ការដាំ​បន្លែ​គីមី​ធ្វើ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុខភាព​អ្នក​ផលិត អ្នក​ទទួលទាន និង​បំពុល​ដល់​បរិស្ថាន​ហើយ​នោះ កត្តា​ធំ​បំផុត​ដែល​ជំរុញ​អ្នកស្រី សុខ​ឃឹម ឲ្យ​ងាក​មក​ដាំ​បន្លែ​សរីរាង្គ​មកទល់​បច្ចុប្បន្ន គឺ​បន្ទាប់ពី​ដាំ​បន្លែ​គីមី​ខាត​ច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​រដូវ​ជាប់​គ្នា​មក​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ឆេង សុខ​ឃីម ដោយ​លោកស្រី បន្ថែមថា មូលហេតុ​ដែល​បន្លែ​គីមី​ខាត ព្រោះ​តម្លៃ​បន្លែ​ប្រភេទ​នេះ​នៅលើ​ទីផ្សារ គឺ​ប្រែប្រួល ឬ​គ្មាន​លំនឹង ដោយ​រដូវ​ខ្លះ អាច​ឈានដល់​តម្លៃ​ជាង​១​ម៉ឺន​ក្នុង​មួយ​គីឡូ​ក្រោម ប៉ុន្តែ​រដូវ​ខ្លះ​មានតម្លៃ​ត្រឹម ៣០០ ទៅ ៥០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូ​ក្រោម​។

​អ្នកស្រី សុខ​ឃីម ពន្យល់​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ដូច្នេះ​ថា​៖«​ពេល​ដល់​រដូវ​សម្បូរ​បន្លែ​គីមី ដែល​មកពី​តំបន់​ខេត្ត​ផ្សេងៗ​គ្នា  ពិសេស​បន្លែ​នាំចូល​ពី​វៀតណាម ធ្វើ​ឲ្យ​បន្លែ​គីមី​ចុះ ថោក​រហូត​មាន​កសិករ​យើង​មួយចំនួន​មិន​លក់ ហើយ​សុខចិត្ត​ភ្ជួរ​ចោល​»​។ កសិករ​វ័យ​៤០​ឆ្នាំ​រូបនេះ បានបញ្ជាក់​ទៀតថា​៖«​រដូវ​ដែល​បន្លែ​គីមី​លក់បាន​ថ្លៃ មិនអាច​និយាយថា​ចំណេញ​នោះទេ   ព្រោះ​ការចំណាយ​ថ្លៃដើម​ក៏​កាន់តែច្រើន​ផងដែរ  ដូចជា​ចំណាយ​ទៅលើ​ថ្លៃ​ថ្នាំ​គីមីកសិកម្ម និង​ថ្លៃ​កម្លាំង​ពលកម្ម​ជាដើម​»​។​


លោក ស្រេង គួយ ដាំបន្លែសរីរាង្គ ក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

​បន្ទាប់ពី​ដាំ​បន្លែ​គីមី​ខាត​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា កសិករ​ម្នាក់ទៀត គឺ លោក ស្រេង គួ​យ បានសម្រេច​ចិត្ត​មក​ដាំ​បន្លែ​សរីរាង្គ​វិញ នៅ​ចុងឆ្នាំ​២០១៨​មក​។ តាម​បទពិសោធន៍​ដាំ​បន្លែ​គីមី​ជិត​២០​ឆ្នាំកន្លងមក លោក ស្រេង គួ​យ ដែលជា​កសិករ​នៅ​ភូមិ​ស្វាយ​រំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង បាន​អះអាងថា ទីផ្សារ​បន្លែ​គីមី គឺ​ឡើង​ចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្មាន​តម្លៃ​ច្បាស់លាស់​ណាមួយ​ដែល​កសិករ​អាច​កំណត់ ឬ​ជជែក​គ្នា​បានជា​មួយ​ទីផ្សារ​។​

​កសិករ​រូបនេះ រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ឧទាហរណ៍​ថ្ងៃនេះ ស្ពៃ​តឿ​យើង​លក់បាន​៣០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម ប៉ុន្តែ​ស្អែក​ឡើង​យើង​លក់​ស្ពៃ​តឿ​ដដែល​នេះ បាន​តម្លៃ​ត្រឹម​១០០០ ទៅ ១៥០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម​។ ហើយ​តម្លៃ​នេះ​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​រហូត​ត្រឹម​តម្លៃ​៥០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម​ក៏មានដែរ​»​។ លោក​បញ្ជាក់ថា​៖«​តម្លៃ​គីមី​ធ្លាក់​ថ្លៃ​មាន​រយៈពេល​វែង​ជាង​នៅពេល​បន្លែ​ឡើងថ្លៃ​។ ប្រសិនបើ​ថ្ងៃ​ហ្នឹង​បន្លែ​មានតម្លៃ​ខ្ពស់ ហើយ​យើង​លក់​មិនទាន់ ក្នុង​ថ្ងៃ​ហ្នឹង​ទេ បន្លែ​គីមី​ទាំងនោះ​នឹង​បន្ត​ធា្ល​ក់​ថ្លៃ​រហូត​ដល់ពេល​បន្លែ​មិនសូវ​សម្បូរ បាន​ឡើងថ្លៃ​មកវិញ​»​។

​ក្រោយ​រៀបរាប់​ចប់ កសិករ​វ័យ​៥៨​ឆ្នាំ​រូបនេះ ក៏បាន​ប្រៀបធៀប​តម្លៃ​គីមី​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ជាមួយ​បន្លែ​សរីរាង្គ  ដោយ​លោក​បាន​អះអាងថា បន្លែ​សរីរាង្គ​មានតម្លៃ​ល្អប្រសើរ​និង​ថេរ ដែល​ស្ថិតនៅក្នុង​កិច្ចសន្យា​ជាទី​ផ្សារ​។ បើតាម​លោក ស្រេង គួ​យ ការដាំ​បន្លែ​សរីរាង្គ​ដែល​អាច​ធ្វើបាន​យ៉ាង​ល្អ មាន​ភាពល្អប្រសើរ និង​ទទួលបាន​តម្លៃ​ជាក់លាក់​ណាមួយ​គឺ​ការ​ចងក្រង​គ្នា​ជា​ក្រុម​។


លោក នៅ កែវ ប្រធានបណ្តុំកសិករដាំបន្លែសរីរាង្គ ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

​លោក នៅ កែវ ប្រធាន​ក្រុម​នៃ​អ្នក​ដាំ​បន្លែ​សរីរាង្គ​នៅ​ឃុំ​ស្វាយ​ប្រទាល លើកឡើងថា ការដាំ​បន្លែ​សរីរាង្គ​មិនអាច​ធ្វើ​តែមួយ​ឬ​ពីរ​គ្រួ​សារបាន​នោះទេ គឺ​ត្រូវ​ទាមទារ​ការប្រមូលផ្តុំ​គ្នា​ពី​១០​ទៅ​២០​គ្រួសារ​ក្នុង​មួយក្រុម ដើម្បី​ផ្គត់ផ្គង់​បន្លែ​ឱ្យ​ទីផ្សារ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey25  លោក បញ្ជាក់​ដូ​ច្នះ​ថា​៖««​ការបង្កើត​ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ​នេះ គឺ​បាន​ផ្សារភ្ជាប់​ជាមួយ​ទីផ្សារ និង​កំណត់​ថ្លៃ​រួចហើយ ដោយ​កសិករ​យើង​ចាំតែ​ផលិត​ឱ្យគេ​ជាមួយ​តម្លៃ​មួយ​ខ្ពស់​។ ទីផ្សារ​ក្រៅពី​ការ​អ្នកទិញ​បន្លែ​ហើយ  ក៏​ជា​អ្នកស្វែងរក​អ្នកបច្ចេកទេស​ពី​អង្គការ​ជំនាញ និង​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត រួមជាមួយ​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ក្នុងការ​បង្រៀន​ដល់​ក្រុម​កសិកម្ម​ផលិត​បន្លែ​សរីរាង្គ​ទាំងនោះ​»​។


អ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ

​បច្ចុប្បន្ន ស្រុក​ស្អាង មាន​កសិករ​៣០​គ្រួសារ ដាំ​បន្លែ​សរីរាង្គ និង​ប្រមាណ​៦០០​គ្រួសារ ដាំ​បន្លែ​សុវត្ថិភាព សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ ដែលជា​អ្នកបញ្ជា​ទិញ​បន្លែ​ទាំងនេះ យកទៅលក់​បន្ត​នៅតាម​បណ្តា​ផ្សារ​ទំនើប​នានា នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​អ្នកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ​។ អ្នកស្រី មានប្រសាសន៍ថា ក្រុម​អ្នក​ផលិត​បន្លែ​ទាំងនេះ​អាច​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ជិត​៣០០​គីឡូ​ក្រោម​ក្នុង​មួយថ្ងៃ​។


អ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ

​ប្រធាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ​រូបនេះ ប្រាប់​សារព័ត៌មាន ThmeyThmey25 ដូច្នេះ​ថា​៖«​តម្លៃ​បន្លែ​ទាំងនោះ​នៅលើ​ទីផ្សារ ដែល​ក្រុម​កសិករ​ទទួលបាន គឺ​ស្ថិតក្នុង​កិច្ចសន្យា​មួយ​ច្បាស់​រវាង​អ្នក​ផលិត​ជាមួយ​ទីផ្សារ​ដែល​គេ​ដឹង ស្គាល់ និង​ទុកចិត្តបាន​។  ដោយឡែក បន្លែ​គីមី​នៅលើ​ទីផ្សារ​គឺ​គ្មាន​លំនឹង​នោះទេ ថ្ងៃនេះ​លក់បាន​ថ្លៃ ស្អែក​ឡើង​គឺ​តម្លៃ ប្រាកដជា​ធ្លាក់ ដែល​ធ្វើឱ្យ​អ្នក​ផលិត​បន្លែ​តាម​មិនទាន់​ទីផ្សារ​បែបនេះ​។ បើ​បន្លែ​សរីរាង្គ​ដែល​កសិករ​បាន​ចុះ​កុងត្រា​ជាមួយ​ទីផ្សារ​តម្លៃ​៤០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម ទោះ​បន្លែ​គេ​ដទៃ​ធ្លាក់​ថ្លៃ​នៅត្រឹម​៥០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម ក៏​បន្លែ​សរីរាង្គ​នៅ​រក្សាបាន​តម្លៃ​៤០០០​រៀល​ដដែល​»៕




Tag:
 បន្លែ​
  គីមី​
  សរីរាង្គ​
  ស្អាង
© រក្សាសិទ្ធិដោយ thmeythmey.com