ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ព្រោះដាំបន្លែគីមីខាត កសិករស្រុកស្អាង ងាកមកដាំបន្លែសរីរាង្គវិញ
23, Sep 2019 ,
4:19 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
កណ្តាល៖ គេស្គាល់ស្រុកស្អាង ជាតំបន់ដាំបន្លែមួយធំរបស់ខេត្តកណ្តាល។ ជាមួយគ្នានេះ គេកត់សម្គាល់ថា តំបន់នេះ ដាំបន្លែដោយប្រើថ្នាំពុលគីមី។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺប្រជាកសិករមួយចំនួនក្នុងស្រុកមួយនេះ បានងាកមកដាំបន្លែសរីរាង្គវិញ។ កសិករទាំងនោះ អះអាងថា ការដាំបន្លែសរីរាង្គផ្ដល់ផលចំណេញប្រសើរជាង និងមិនប្រឈមការខាតបង់ដូចបន្លែគីមីឡើយ។
អត្ថបទទាក់ទង
អ្នកដាំបន្លែជាច្រើនក្នុងស្រុកស្អាង ប្រើថ្នាំពុលគីមីខ្លាំង និងមិនត្រូវបច្ចេកទេស
កន្លងមក បន្លែដែលដាំក្នុងស្រុកស្អាងស្ទើរទាំងស្រុង ត្រូវបានគេជឿជាក់ថាសុទ្ធសឹងជាបន្លែប្រើប្រាស់ជី និងថ្នាំពុលគីមីគ្មានស្តង់ដារ និងបច្ចេកទេសត្រឹមត្រូវ។ ប៉ុន្តែបច្ចុប្បន្ននេះ ទំហំនៃការដាំបន្លែដោយប្រើថ្នាំគីមីក្នុងស្រុកនេះ បានធា្លក់ចុះទៅវិញ ព្រោះមានកសិករមួយចំនួន បានរួមគ្នាបង្កើតជាក្រុម មកដាំបន្លែសរីរាង្គដែលមានសុវត្ថិភាពខ្ពស់ ចំពោះអ្នកបរិភោគដែលទទួលស្គាល់ ពីមណ្ឌលពិសោធន៍ នៃមន្ទីរកសិកម្មខេត្តកណ្តាល។ ការដាំបន្លែសរីរាង្គនេះ ក៏កំពុងរីករាលដាលកាន់តែល្អប្រសើរ ក្នុងស្រុកស្អាងផងដែរ។
ចម្ការបន្លែសរីរាង្គ នៅក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
អ្វីដែលជំរុញឲ្យប្រជាកសិករក្នុងតំបន់នេះ ផ្លាស់ប្តូរពីការដាំបន្លែគីមីទៅជាបន្លែសរីរាង្គវិញ គឺការដាំបន្លែគីមីខាតច្រើន ដោយតម្លៃនៅលើទីផ្សារគ្មានលំនឹង ព្រោះត្រូវប្រកួតប្រជែងជាមួយនឹងបន្លែដែលនាំចូលពីប្រទេសវៀតណាម។ ក្រុមអ្នកប្តូរពីការដាំបន្លែគីមីទៅបន្លែសរីរាង្គទាំងនោះ អះអាងថា ការដាំបន្លែសរីរាង្គ ធ្វើឱ្យពួកគេទទួលបានប្រាក់ចំណេញទ្វេដងទៅវិញ ព្រោះតម្លៃបន្លែសរីរាង្គនេះខ្ពស់ជាង និងមានស្ថិរភាព ដោយបានកំណត់យ៉ាងច្បាស់លាស់ជាមួយអ្នកបញ្ជាទិញ។
កសិករ ឆេង សុខឃឹម ដាំបន្លៃសរីរាង្គ ក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
អ្នកស្រី ឆេង សុខឃីម ជាអ្នកដាំបន្លែសរីរាង្គ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង បានប្តូរពីការដាំបន្លែគីមីទៅដាំបន្លែសរីរាង្គវិញចាប់ពីឆ្នាំ២០១៦ មក។ មុននឹងឈានដល់ការដាំបន្លែសរីរាង្គ កសិកររូបនេះ បានដាំបន្លែដោយប្រើថ្នាំគីមីអស់រយៈពេលជាង១០ឆ្នាំផងដែរ។ ក្រៅពីបានយល់ដឹងច្រើន ពីការដាំបន្លែគីមីធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពអ្នកផលិត អ្នកទទួលទាន និងបំពុលដល់បរិស្ថានហើយនោះ កត្តាធំបំផុតដែលជំរុញអ្នកស្រី សុខឃឹម ឲ្យងាកមកដាំបន្លែសរីរាង្គមកទល់បច្ចុប្បន្ន គឺបន្ទាប់ពីដាំបន្លែគីមីខាតច្រើន ក្នុងរយៈពេលប៉ុន្មានរដូវជាប់គ្នាមក។ នេះជាការលើកឡើងរបស់អ្នកស្រី ឆេង សុខឃីម ដោយលោកស្រី បន្ថែមថា មូលហេតុដែលបន្លែគីមីខាត ព្រោះតម្លៃបន្លែប្រភេទនេះនៅលើទីផ្សារ គឺប្រែប្រួល ឬគ្មានលំនឹង ដោយរដូវខ្លះ អាចឈានដល់តម្លៃជាង១ម៉ឺនក្នុងមួយគីឡូក្រោម ប៉ុន្តែរដូវខ្លះមានតម្លៃត្រឹម ៣០០ ទៅ ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រោម។
អ្នកស្រី សុខឃីម ពន្យល់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖«ពេលដល់រដូវសម្បូរបន្លែគីមី ដែលមកពីតំបន់ខេត្តផ្សេងៗគ្នា ពិសេសបន្លែនាំចូលពីវៀតណាម ធ្វើឲ្យបន្លែគីមីចុះ ថោករហូតមានកសិករយើងមួយចំនួនមិនលក់ ហើយសុខចិត្តភ្ជួរចោល»។ កសិករវ័យ៤០ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា៖«រដូវដែលបន្លែគីមីលក់បានថ្លៃ មិនអាចនិយាយថាចំណេញនោះទេ ព្រោះការចំណាយថ្លៃដើមក៏កាន់តែច្រើនផងដែរ ដូចជាចំណាយទៅលើថ្លៃថ្នាំគីមីកសិកម្ម និងថ្លៃកម្លាំងពលកម្មជាដើម»។
លោក ស្រេង គួយ ដាំបន្លែសរីរាង្គ ក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
បន្ទាប់ពីដាំបន្លែគីមីខាតប៉ុន្មានឆ្នាំជាប់គ្នា កសិករម្នាក់ទៀត គឺ លោក ស្រេង គួយ បានសម្រេចចិត្តមកដាំបន្លែសរីរាង្គវិញ នៅចុងឆ្នាំ២០១៨មក។ តាមបទពិសោធន៍ដាំបន្លែគីមីជិត២០ឆ្នាំកន្លងមក លោក ស្រេង គួយ ដែលជាកសិករនៅភូមិស្វាយរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង បានអះអាងថា ទីផ្សារបន្លែគីមី គឺឡើងចុះពីមួយថ្ងៃទៅមួយថ្ងៃ គ្មានតម្លៃច្បាស់លាស់ណាមួយដែលកសិករអាចកំណត់ ឬជជែកគ្នាបានជាមួយទីផ្សារ។
កសិកររូបនេះ រៀបរាប់យ៉ាងដូច្នេះថា៖«ឧទាហរណ៍ថ្ងៃនេះ ស្ពៃតឿយើងលក់បាន៣០០០រៀលក្នុងមួយគីឡូក្រោម ប៉ុន្តែស្អែកឡើងយើងលក់ស្ពៃតឿដដែលនេះ បានតម្លៃត្រឹម១០០០ ទៅ ១៥០០រៀលក្នុងមួយគីឡូក្រោម។ ហើយតម្លៃនេះបន្តធ្លាក់ចុះជាបន្តបន្ទាប់រហូតត្រឹមតម្លៃ៥០០រៀលក្នុងមួយគីឡូក្រោមក៏មានដែរ»។ លោកបញ្ជាក់ថា៖«តម្លៃគីមីធ្លាក់ថ្លៃមានរយៈពេលវែងជាងនៅពេលបន្លែឡើងថ្លៃ។ ប្រសិនបើថ្ងៃហ្នឹងបន្លែមានតម្លៃខ្ពស់ ហើយយើងលក់មិនទាន់ ក្នុងថ្ងៃហ្នឹងទេ បន្លែគីមីទាំងនោះនឹងបន្តធា្លក់ថ្លៃរហូតដល់ពេលបន្លែមិនសូវសម្បូរ បានឡើងថ្លៃមកវិញ»។
ក្រោយរៀបរាប់ចប់ កសិករវ័យ៥៨ឆ្នាំរូបនេះ ក៏បានប្រៀបធៀបតម្លៃគីមីនៅលើទីផ្សារបច្ចុប្បន្ន ជាមួយបន្លែសរីរាង្គ ដោយលោកបានអះអាងថា បន្លែសរីរាង្គមានតម្លៃល្អប្រសើរនិងថេរ ដែលស្ថិតនៅក្នុងកិច្ចសន្យាជាទីផ្សារ។ បើតាមលោក ស្រេង គួយ ការដាំបន្លែសរីរាង្គដែលអាចធ្វើបានយ៉ាងល្អ មានភាពល្អប្រសើរ និងទទួលបានតម្លៃជាក់លាក់ណាមួយគឺការចងក្រងគ្នាជាក្រុម។
លោក នៅ កែវ ប្រធានបណ្តុំកសិករដាំបន្លែសរីរាង្គ ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
លោក នៅ កែវ ប្រធានក្រុមនៃអ្នកដាំបន្លែសរីរាង្គនៅឃុំស្វាយប្រទាល លើកឡើងថា ការដាំបន្លែសរីរាង្គមិនអាចធ្វើតែមួយឬពីរគ្រួសារបាននោះទេ គឺត្រូវទាមទារការប្រមូលផ្តុំគ្នាពី១០ទៅ២០គ្រួសារក្នុងមួយក្រុម ដើម្បីផ្គត់ផ្គង់បន្លែឱ្យទីផ្សារ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 លោក បញ្ជាក់ដូច្នះថា៖««ការបង្កើតក្រុមអ្នកផលិតបន្លែសរីរាង្គនេះ គឺបានផ្សារភ្ជាប់ជាមួយទីផ្សារ និងកំណត់ថ្លៃរួចហើយ ដោយកសិករយើងចាំតែផលិតឱ្យគេជាមួយតម្លៃមួយខ្ពស់។ ទីផ្សារក្រៅពីការអ្នកទិញបន្លែហើយ ក៏ជាអ្នកស្វែងរកអ្នកបច្ចេកទេសពីអង្គការជំនាញ និងមន្ត្រីក្នុងមន្ទីរកសិកម្មខេត្ត រួមជាមួយភាគីពាក់ព័ន្ធដទៃទៀត ក្នុងការបង្រៀនដល់ក្រុមកសិកម្មផលិតបន្លែសរីរាង្គទាំងនោះ»។
អ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ
បច្ចុប្បន្ន ស្រុកស្អាង មានកសិករ៣០គ្រួសារ ដាំបន្លែសរីរាង្គ និងប្រមាណ៦០០គ្រួសារ ដាំបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ ដែលជាអ្នកបញ្ជាទិញបន្លែទាំងនេះ យកទៅលក់បន្តនៅតាមបណ្តាផ្សារទំនើបនានា នៅរាជធានីភ្នំពេញ។ នេះបើតាមអ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ។ អ្នកស្រី មានប្រសាសន៍ថា ក្រុមអ្នកផលិតបន្លែទាំងនេះអាចផ្គត់ផ្គង់ឱ្យទីផ្សារជិត៣០០គីឡូក្រោមក្នុងមួយថ្ងៃ។
អ្នកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ
ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិរូបនេះ ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះថា៖«តម្លៃបន្លែទាំងនោះនៅលើទីផ្សារ ដែលក្រុមកសិករទទួលបាន គឺស្ថិតក្នុងកិច្ចសន្យាមួយច្បាស់រវាងអ្នកផលិតជាមួយទីផ្សារដែលគេដឹង ស្គាល់ និងទុកចិត្តបាន។ ដោយឡែក បន្លែគីមីនៅលើទីផ្សារគឺគ្មានលំនឹងនោះទេ ថ្ងៃនេះលក់បានថ្លៃ ស្អែកឡើងគឺតម្លៃ ប្រាកដជាធ្លាក់ ដែលធ្វើឱ្យអ្នកផលិតបន្លែតាមមិនទាន់ទីផ្សារបែបនេះ។ បើបន្លែសរីរាង្គដែលកសិករបានចុះកុងត្រាជាមួយទីផ្សារតម្លៃ៤០០០រៀលក្នុងមួយគីឡូក្រោម ទោះបន្លែគេដទៃធ្លាក់ថ្លៃនៅត្រឹម៥០០រៀលក្នុងមួយគីឡូក្រោម ក៏បន្លែសរីរាង្គនៅរក្សាបានតម្លៃ៤០០០រៀលដដែល»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បន្លែ
គីមី
សរីរាង្គ
ស្អាង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម