ជាតិ
បុណ្យភ្ជុំបិណ្ឌ
រថយន្ត
សង្គមជាតិ
រថយន្តក្រុង​ឥតគិតថ្លៃ រួមចំណែក​កាត់បន្ថយ​ការចំណាយ​របស់​កម្មក​រ​រោងចក្រ​
23, Sep 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រថយន្តក្រុង​ចំនួន​១២០​គ្រឿង ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​ត្រៀម​រួចជាស្រេច ដើម្បី​ដឹក​ដំណើរ​ពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​នានា​សម្រាប់​ពលរដ្ឋ នាឱកាស​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ដែលមាន​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦-៣០ ខែកញ្ញា​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ នឹង​ជិត​មកដល់ ធ្វើ​ឲ្យ​កម្មករ​នៅ​ភ្នំពេញ​មួយចំនួន ចង់ទៅ​ស្រុកកំណើត​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ទៅ​ជួបជុំ​ក្រុមគ្រួសារ​នា​ថ្ងៃ​ភ្ជុំបិណ្ឌ ដោយ​ពួកគេ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ពួកគេ​នឹង​ជ្រើសរើស​សេវា​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​របស់​សាលា​រាជធានី​ភ្នំពេញ​។



អត្ថបទទាក់ទង

អ្នកស្រី ឈួន ដា​ណេ ដែល​ធ្លាប់បាន​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​ចំនួន​២​ដង​រួចមកហើយ​កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងទៅនេះ បាន​បញ្ជាក់ថា អ្នកស្រី ដា​ណេ នឹង​នៅតែ​រង់ចាំ​ជិះ​រថយន្តក្រុង​របស់​សាលាក្រុង​ដដែល សម្រាប់ធ្វើ​ដំណើរ​ទៅ​ខេត្តកំពង់ចាម ដែលជា​ស្រុកកំណើត​របស់​អ្នកស្រី នា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ អ្នកស្រី​ដា​ណេ​បាន​បញ្ជាក់ថា អ្នកស្រី​ពិតជា​សប្បាយចិត្ត​ត្រេកអរ​ដែលមាន​សេវាកម្ម​ជិះ​រថយន្ត​ដោយ​ឥតគិតថ្លៃ​សម្រាប់​ជិះ​ទៅ​ស្រុកកំណើត  ដែល​អាចធ្វើ​ឲ្យ​អ្នកស្រី​កាត់បន្ថយ​ការចំណាយ​បាន​មួយកម្រិត​ដែរ​។​

«​ខ្ញុំ​ធ្លាប់បាន​ជិះឡាន​ហ្នឹង​ម្តង​រួចហើយ វា​ពិតជា​ទូលាយ ព្រោះ​វា​អត់​សូវ​ចង្អៀត​ដូច​ឡាន​ឈ្នួល​ប៉ុន្មាន​ទេ ហើយ​វាស​ប្បាយ​ទៀត​។ ពេល​ខ្ញុំ​ឡើង​ឡាន​ទៅ​ម្តងៗ ខ្ញុំ​តែងតែ​រួសរាន់​ទៅ​តាំងពីព្រឹក​បន្តិច ដើម្បី​ឲ្យ​ទាន់​ឡាន​គេ​ចេញដំណើរ​ទៅ​។ បើ​និយាយ​ពី​កន្លងមក​ខ្ញុំ​ជិះឡាន​ឈ្នូ​ល​ត្រូវ​ចំណាយ​អស់​៨​ម៉ឺន​រៀល​សម្រាប់​ជិះ​ទៅ និង​មកវិញ​។ អ៊ីចឹង​វា​ជួយ​កាត់បន្ថយ​ការចំណាយ​ដែរ​ពេលដែល​ខ្ញុំ​ជិះឡាន​ក្រុង​ដោយ​ឥតគិតថ្លៃ​ហ្នឹង​។ ខ្ញុំ​អាចយ​កលុយ​ដែល​ចំណាយ​នោះ​ទៅ​ទិញ​របស់​សម្រាប់​ញុំ​ា​តាមផ្លូវ ហើយ​សល់​ប៉ុន្មាន​ទុក​ទិញ​អ៊ី​វ៉ាន់​ផ្ញើ​ក្រុមគ្រួសារ​បាន​ទៀត​»​។ នេះ​ជាការ​រៀបរាប់​របស់​អ្នកស្រី ឈួន ដា​ណេ​។



​ជា​កម្មការិនី​រោងចក្រ អ្នកស្រី ដា​ណេ បន់​ឲ្យ​តែ​ឆាប់​ដល់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឆាប់ៗ ព្រោះ​ចង់ទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅឯ​ស្រុកកំណើត ប៉ុន្តែ​មុននឹង​អាច​ទៅ​ស្រុកកំណើត​បាន អ្នកស្រី​ដា​ណេ ត្រូវ​នៅ​ធ្វើការ​ដល់​ថ្ងៃ​ជិត​ភ្ជុំបិណ្ឌ​ធំ គឺ​ត្រូវ​រង់ចាំ​ដល់​ខាង​ក្រុមហ៊ុន​រោងចក្រ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​សិន​។

​នៅពេលដែល​អ្នកសារព័ត៌មាន​ថ្មីៗ​បានបញ្ជាក់​ពី​ព័ត៌មាន​ដែលមាន​ខ្សែ​ចំណត​រថយន្តក្រុង​ដែល​ធ្ចើ​ដំណើរ​កាត់​តាម​ខេត្តកំពង់ចាម ធ្វើ​ឲ្យ​អ្នកស្រី យន់ ភា​រុម ដែលជា​កម្មករ​រោងចក្រ​មានស្រុក​កំណើត​នៅ​ខេត្ត​កំពង​ចាម​ដែរនោះ មានចិត្ត​ចង់​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​ដែរ​។ ដៃ​កាន់​ប្រអប់​បាយ បម្រុង​នឹង​ពិសា​របាយ​ថ្ងៃត្រង់​នៅ​ម៉ោង​១១​កន្លះ នៅក្នុង​រោង​ពិសា​របាយ​ជាមួយ​មិត្តភក្តិ​ដទៃទៀត​នោះ បន្ទាប់ពី​សម្រាក​ពី​ការងារ​កាត់ដេរ អ្នកស្រី  ភា​រុម បាន​បញ្ជាក់ថា អ្នកស្រី​នឹង​ទៅលេង​ស្រុកកំណើត​ដោយ​ជិះ​រថយន្ត​របស់​សាលាក្រុង​រាជធានី​ភ្នំពេញ ជាមួយ​ក្រុមគ្រួសារ​ទាំង​ទៅ និង​ទាំង​ត្រឡប់មកវិញ​។

​អ្នកស្រី យន់ ភា​រុម បាន​រៀបរាប់ថា អ្នកស្រី​មិនដែល​ធ្លាប់បាន​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​ម្តង​នោះទេ ដូច្នេះ​នៅពេលដែល​អ្នកស្រី​បាន​ឭ​ដំណឹង​ពី​ការ​ជិះ​រថយន្ត​ដោយ​ឥតគិតថ្លៃ​នេះ​ភ្លាម ធ្វើ​ឲ្យ​អ្នកស្រី​កាន់តែ​សប្បាយចិត្ត​បន្ថែមទៀត​។ អ្នកស្រី ភា​រុម បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់​ឲ្យ​មាន​សេវាកម្ម​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​អ៊ីចឹង​រហូត សម្រាប់​ពលរដ្ឋ​ខ្មែរ​យើង ពីព្រោះ​ពេលធ្វើ​ដំណើរ​ម្តងៗ​ត្រូវ​ចំណាយលុយ​ច្រើន ដូច្នេះ​បើ​មាន​អ៊ីចឹង​វា​ជួយ​កាត់បន្ថយ​ថវិកា​បាន​ខ្លះ​ដែរ​សម្រាប់​កម្មករ​ទូទៅ​»​។ 


កម្ម​ករ និង​កម្មការិនី ​ចេញពី​រោងចក្រ​ ទៅពិសាអាហារពេល​ថ្ងៃត្រង់

​មិនដែល​ធ្លាប់បាន​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ ទៅ​ស្រុកកំណើត​រាល់ពេល​បុណ្យទាន​ម្តងៗ កញ្ញា អ៊ុ​ល ស្រី​ពេជ្រ ដែល​អង្គុយ​នៅក្បែរ​អ្នកស្រី យន់ ភា​រុម ដែរ​នោះបាន​និយាយ​ប្រាប់ថា កញ្ញា​ក៏​ចង់​សាក​ធ្វើដំណើរ​ដោយ​រថយន្តក្រុង​របស់​សាលា​រាជធានី​ក្រុង​ដែរ​។ កញ្ញា អ៊ុ​ល ស្រី​ពេជ្រ ដែលជា​កម្មករ​រោងចក្រ​ដែរនោះ បាន​បញ្ជាក់ថា ខ្លួន​នឹង​ប្រញាប់ប្រញាល់​រួសរាន​ទៅ​ចំណត​រថយន្តក្រុង​ដែល​នៅ​ផ្លូវ​៦០​ម៉ែត្រ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ទាន់ពេល​ដែល​គេ​ចេញដំណើរ​ទៅ​ខេត្តកំពង់ចាម​ដែលជា​ស្រុកកំណើត​ខ្លួន​។​

​ព្រោះតែ​នឹកនា​ដល់​អ្នកផ្ទះ​ពន់ពេក កញ្ញា អ៊ុ​ល ស្រី​ពេជ្រ ក៏​ទន្ទឹងរង់ចាំ​ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​ភ្ជុំ​ធំ នឹង​ន្អា​ល​បាន​ជួបជុំ​ក្រុមគ្រួសារ ដើម្បី​បាន​ទៅ​វត្ត​ជុំគ្នា​ជាមួយ​បងប្អូន​សាច់ញាតិ​។ នេះ​បើតាម​ការរៀបរាប់​ពី​កញ្ញា ស្រី​ពេជ្រ​។​

​តាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៩ កម្មករ កម្មការិនី អាច​ជិះ​រថយន្តក្រុង និង​កាណូត ដោយ​ឥតគិតថ្លៃ​រយៈពេល​២​ឆ្នាំ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ ដល់ទី​១ ខែកញ្ញា ឆ្នាំ​២០២១៕

© រក្សាសិទ្ធិដោយ thmeythmey.com