កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Vettel ស្គាល់​ជ័យជម្នះ​លើកដំបូង​នៅ​ទីលាន​សិង្ហ​បុរី តែ​ក្រុម Mercedes នាំមុខ​ពិន្ទុ​ដាច់​
23, Sep 2019 , 7:39 pm        
រូបភាព
​កីឡាករ Sebastian Vettel ឈ្នះ​ការប្រណាំង​រថយន្ត​លំដាប់​ពិភពលោក Formula One នៅឯ​ទីលាន​ក្នុងប្រទេស​សិង្ហ​បុរី Singapore Grand Prix រដូវ​កាល ២០១៩ នៅ​ថ្ងៃទី​២២ ខែកញ្ញា ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៥៨​នាទី និង​៣៣.៦៦៧​វិនាទី​។ នេះ​ជា​ជ័យជម្នះ​លើកដំបូង​របស់ Vettel បន្ទាប់ពី​អាក់ខាន​ការ​ឈ្នះ​រយៈពេល​១៣​ខែ​ចុងក្រោយ​។​



​នេះ​ជា​ជ័យជម្នះ​ដ៏​ចម្រូងចម្រាស​របស់​អ្នក​ប្រ​ណាំ​សញ្ជាតិ​អាល្លឺម៉ង់​ផងដែរ តាមរយៈ​ការ​ប្រជែង​មិត្ត​រួម​ក្រុម Ferrari របស់ខ្លួន កីឡាករ Charles Leclerc ដែល​ទទួលបាន​លេខ​២​ក្នុងការ​ប្រ​ណាំ​នៅ​ទឹកដី​អាស៊ី​នេះ​។​

Vettel ម្ចាស់​ជើងឯក​៤​សម័យ បានធ្វើ​ឲ្យ Charles Leclerc ដែលជា​មិត្ត​រួម​ក្រុម​មិន​សប្បាយចិត្ត​ឡើយ​។ Leclerc អ្នក​ប្រណាំង​សញ្ជាតិ​មូ​ណា​កូ​វ័យ​២១​ឆ្នាំ ស្ទើរតែ​ឈ្នះ​ក្នុងការ​ប្រណាំង​នេះ​ទៅហើយ ប៉ុន្តែ​ដោយសារ Vettel បំពាន អំឡុង​រូបគេ​បើក​ចេញពី​កន្លែង​ប្តូ​រកង់ (pit stop) នោះ​។​



​ភ្លាមៗ​នោះ Leclerc ក៏បាន​ប្រាប់​ក្រុមការងារ Ferrari តាម​វិទ្យុ​ផងដែរ​ថា​នេះ​ជា​អំពើ​អយុត្តិធម៌ ដែល Vettel ធ្វើបែបនេះ​មកលើ​ខ្លួន​។​
​ក្នុងការ​ប្រណាំង​នេះ​កីឡាករ Max Verstappen ដែល​បើកបរ​ឲ្យ Red Bull Racing Honda ទទួលបាន​លេខ ៣ ខណៈ Lewis Hamilton ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៤​។​

​ឆ្លងកាត់​ការប្រណាំង​ចំនួន​១៥​ទីលាន​រួចមក ម្ចាស់​ជើងឯក​ចាស់ Hamilton និង​ជា​ម្ចាស់​ជើងឯក F1 ៥​សម័យកាល ឈរ​កំពូល​តារាង​មាន​២៩៦​ពិន្ទុ តាម​ពីក្រោយ​ដោយ Valtteri Bottas ដៃគូ​ក្នុង​ក្រុម Mercedes រកបាន​២៣១​ពិន្ទុ ហើយ Leclerc នៅ​លេខ​រៀង​ទី​៣ មាន​២០០​ពិន្ទុ​។ Verstappen អ្នក​ប្រណាំង​សញ្ជាតិ​ហូ​ឡង់​ឈរ​លេខ​៤ មាន​២០០​ពិន្ទុ ខណៈដែល Vettel នៅ​លេខ​៥ មាន​១៩៤​ពិន្ទុ​។​



​បើ​ទោះ​ការ​ប្រ​ណាំ​នៅសល់​៧​ទីលាន​ទៀត​នោះ Hamilton អ្នក​ប្រណាំង​រថយន្ត​សញ្ជាតិ​អង់គ្លេស​វ័យ​៣៤​ឆ្នាំ ត្រូវបាន​គេ​ជឿជាក់ថា​នឹង​អាច​រក្សា​តំណែង​ជើងឯក​របស់គេ​សម្រាប់​រដូវ​កាល​២០១៩​នេះ​មិន​ខាន តាមរយៈ​ការនាំ​មុខ​ចំនួន​៦៥​ពិន្ទុ​។​

​អ្វីដែល​ពិសេស​នោះ គិត​ត្រឹម​ការប្រណាំង​នៅ​ទីលាន​ទី​១៥​នេះ Hamilton និង Bottas មិន​ត្រឹមតែ​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​នោះទេ ប៉ុន្តែ​ពួកគេ​ទាំងពីរ​ថែមទាំង​ជួយ​ក្រុម​ប្រណាំង Mercedes នាំមុខគេ​ផ្នែក​គ្រឿង​ម៉ាស៊ីន​ទៀតផង​។​

Mercedes ទទួលបាន​ពិន្ទុ​នាំមុខ​ដាច់ ៥២៧​ពិន្ទុ តាម​ពីក្រោយ​ដោយ​គូប្រជែង​ចាស់ Ferrari ដែលមាន​៣៩៤​ពិន្ទុ​។ Red Bull Racing Honda នៅ​លេខ​៣ មាន​២៨៩​ពិន្ទុ​៕




Tag:
 Formula One
  Mercedes
  Ferrari
© រក្សាសិទ្ធិដោយ thmeythmey.com