អន្តរជាតិ
អាមេរិក បញ្ជាក់​ពី​ជំហរ​ប្រើប្រាស់​មធ្យោបាយ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​អ៊ីរ៉ង់​
23, Sep 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីដូណាល់ ត្រាំ
ប្រធានាធិបតីដូណាល់ ត្រាំ
​អាមេរិក​នៅ​ថ្ងៃទី​២២ ខែកញ្ញា​បានប្រកាសថា ខ្លួន​នឹង​រៀបចំ​សំណុំរឿង​ប្រឆាំងនឹង​អ៊ីរ៉ង់​ទៅ​ពិភាក្សា​នៅក្នុង​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​សប្តាហ៍​នេះ​។ ការណ៍​នេះ ត្រូវបាន​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ អះអាងថា ជាការ​ប្រើ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​អ៊ីរ៉ង់​ពិសេស​ក្រោយ​ការវាយប្រហារ​លើ​រោច​ក្រ​ផលិត​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​រួចមក​។​



​បញ្ហា​អ៊ីរ៉ង់ ទំនងជា​របៀបវារៈ​សំខាន់​មួយ​នៃ​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រចាំឆ្នាំ​២០១៩ នេះ ខណៈ​អាមេរិក​នឹង​យក​សំណុំរឿង​ប្រឆាំង​អ៊ីរ៉ង់​ទៅ​ជជែក​ក្នុង​វេទិកា​អន្តរជាតិ​នេះ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​នៅ​មហាសន្និបាត​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ហើយ​លោក​អាច​បញ្ចូល​សំណុំរឿង​អ៊ីរ៉ង់​ក្នុង​សុន្ទរកថា​របស់ខ្លួន​ផងដែរ​។​

​មុន​ការ​ថ្លែង​របស់លោក ត្រាំ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ទុក​ការគំរាមកំហែង​ប្រើប្រាស់​យោធា​ដែល​លោក ត្រាំ ប្រកាស​ក្ដែ​ងៗ​ប្រឆាំងនឹង​អ៊ីរ៉ង់​នៅ​ម្ខាង ហើយ​ប្រើប្រាស់​មធ្យោបាយ​ការទូត​ជំនួស​វិញ​។  នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC នៅ​ថ្ងៃទី​២២ ខែកញ្ញា ប្រមុខ​ការទូត​អាមេរិក​បានលើកឡើង​ថា​៖ « ប្រធានាធិបតី ត្រាំ និង​ខ្ញុំ នឹង​ប្រើ​វិធី​ការទូត​គ្រប់​ជំហាន​»​។  ក្នុងន័យនេះ​លោក​ចង់​សង្កត់ធ្ងន់ថា អាមេរិក​នឹង​ជ្រើស​យក​វិធីសាស្ត្រ​ប្រាកដប្រជា​មួយ ដើម្បី​ទទួលបាន​លទ្ធផល​ការទូត​ដ៏​សមប្រកប​។​

​បើ​ការទូត​បរាជ័យ អាមេរិក​នឹង​ដើរ​ផ្លូវ​ផ្សេង​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ុ​ម​ប៉េ​អូ ដែល​ប្រមើលមើល​ទុក​មុន​ថា ប្រសិនបើ​ផ្លូវ​ការទូត​មិន​ជោគជ័យ ហើយ​អ៊ីរ៉ង់​នៅតែ​ផ្គើន​ធ្វើ​រឿង​ដដែល នោះ​លោក ត្រាំ នឹង​សម្រេចចិត្ត​ដ៏​សំខាន់​មួយ​ដើម្បី​សម្រេច​គោលដៅ​ក្នុងការ​ទប់ស្កាត់​អ៊ីរ៉ង់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

​មុនពេល​ចាកចេញ​ពី​សេត​វិមាន​ទៅ​រដ្ឋ​តិច​សាស​នៅ​ថ្ងៃទី​២២ ខែកញ្ញា លោក ត្រាំ បាន​បង្ហើប​ផងដែរ​ពី​លទ្ធភាព​នៃ​ជំនួប​ឥត​ព្រាងទុក​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី បន្ទាប់ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ ប្រធានាធិបតី​អាមេរិក​បានលើកឡើង​ថា លោក​មិន​មានបំណង​ចង់​ជួប​ជាមួយ​ប្រធានាធិបតី រូ​ហា​នី ឡើយ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា ជំនួប​រវាង​អាមេរិក និង​អ៊ីរ៉ង់​ក៏​មិនអាច​កើតឡើង​ដែរ ព្រោះ​លោក​ជា​មនុស្ស​បត់បែន​។​

​ចំណែក​ភាគី​ខាង​អ៊ីរ៉ង់​វិញ លោក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ចា​វ៉ាដ ហ្សា​រី​ហ្វ  បញ្ជាក់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN ថា ប្រធានាធិបតី​អ៊ីរ៉ង់ ក៏មាន​ឆន្ទៈ​ចង់​ជួប​ជាមួយ​លោក ត្រាំ នៅ​អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់ថា ភាពចម្រូងចម្រាស់រ​វា​ង​អាមេរិក និង​អ៊ីរ៉ង់​កាន់តែខ្លាំង​ឡើង បន្ទាប់ពី​មានការ​វាយប្រហារ​លើ​រោងចក្រ​ផលិត​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ ភាគី​ខាង​ទីក្រុង​វ៉ាស៊ីនតោន បាន​ចោទ​ទីក្រុង​តេ​ហេ​រ៉ង់​ថា​ជា​អ្នកបង្ក​បញ្ហា​នេះ ប៉ុន្តែ​ភាគី​ទីក្រុង​តេ​ហេ​រ៉ង់​បាន​រុញ​បញ្ហា​នេះ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ថា​ជា​អ្នកធ្វើ​រឿងនេះ​៕


Tag:
 ​អាមេរិក​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com