កីឡាជាតិ
ជាតិ
អតីតកីឡាករជម្រើសជាតិអង់គ្លេស Steve McManaman មន្ត្រីមូលនិធិ FIFA នឹងមកកម្ពុជា
× អតីតកីឡាករជម្រើសជាតិអង់គ្លេស Steve McManaman មន្ត្រីមូលនិធិសហគមន៍សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA) នឹងមកបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចពីថ្ងៃទី២៥-២៦ ខែកញ្ញា កីឡាករ ដែលបានប្រកាសចូលនិវត្តពីអាជីពជាកីឡាករនៅឆ្នាំ២០០៥រូបនេះ នឹងចុះទៅកាន់អង្គការ Indochina Starfish Foundation ចំនួនពីរទីតាំង។
នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៩ លោក Steve McManaman មន្ត្រីមូលធិនិសហគមន៍ FIFA ដែលធ្វើការជាមួយស្ថាប័ន ឬអង្គការ ដែលប្រើប្រាស់កីឡាបាល់ទាត់ធ្វើជាឧបករណ៍ក្នុងការកែប្រែ និងដោះស្រាយបញ្ហារបស់យុវជនដែលជួបការលំបាកឲ្យភាពប្រសើរឡើង នឹងចុះទៅកាន់អង្គការ ISF Sports Ground ដែលមានទីតាំងស្ថិតនៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់មកនៅថ្ងៃទី២៦ កញ្ញា អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ នឹងចុះទៅអង្គការ ISF Chbar Ampov ដែលស្ថិតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ តែយ៉ាងណា សហព័ន្ធមិនបានបញ្ជាក់លម្អិតពីគោលបំណង នៃដំណើរទស្សនកិច្ចនេះឡើយ។
McManaman ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ជ្រើសរើសឲ្យចូលរួមក្នុងក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំដំបូងនៅឆ្នាំ១៩៩១ រហូតដល់ឆ្នាំ១៩៩៣ ដោយបានបង្ហាញខ្លួនចំនួន៧លើក និងរកបាន១គ្រាប់។ រូបគេបានក្លាយជាសមាជិកក្រុមជម្រើសជាតិអង់គ្លេសពីឆ្នាំ១៩៩៤-២០០១ ដោយបានបង្ហាញខ្លួនចំនួន៣៧លើក និងរកបាន៣គ្រាប់។
លោក Steve McManaman បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្លិប Liverpool ដោយធ្វើជាយុវជនពីឆ្នាំ១៩៨៨-១៩៩០។ បន្ទាប់មកខ្សែបម្រើរូបនេះ ត្រូវបាន Liverpool ដំឡើងឲ្យមកលេងឈុតធំពីឆ្នាំ១៩៩០-១៩៩៩ ដោយបានបង្ហាញខ្លួន២៧២លើករកបាន៤៦គ្រាប់។ អតីតកីឡាករវ័យ៤៧ឆ្នាំរូបនេះ បានផ្ទេរពី Liverpool ទៅកាន់ក្លិប Real Madrid ពីឆ្នាំ១៩៩៩-២០០៣។ សម្រាប់ការចំណាយពេល៤ឆ្នាំរួមរស់ជាមួយ Real Madrid រូបគេបង្ហាញខ្លួនបានចំនួន៩៤លើក និងរកបាន៨គ្រាប់។
បន្ទាប់មកកីឡាករ McManaman បានផ្ទេរពី Real Madrid ទៅរួមរស់ជាមួយ Manchester City ពីឆ្នាំ២០០៣-២០០៥ និងបានប្រកាសបញ្ចប់អាជីពជាកីឡាករនៅឆ្នាំ២០០៥ តែម្តង៕
Tag:
បាល់ទាត់
Steve McManaman
FIFA
© រក្សាសិទ្ធិដោយ thmeythmey.com