ជាតិ
បុណ្យភ្ជុំបិណ្ឌ
អាជ្ញាធរ​សុំ​មិន​ឲ្យ​ដំឡើងថ្លៃ​ឈ្នួល​រថយន្ត និង​ដឹក​អ្នកដំណើរ​ឲ្យ​ត្រឹមត្រូវ ក្នុងឱកាស​ភ្ជុំបិណ្ឌ​
24, Sep 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ឲ្យ​រក្សា​តម្លៃ​ដដែល​ចំពោះ​ការដឹកជញ្ជូន​អ្នកដំណើរ​ទៅមក​ភ្នំពេញ​និង​បណ្ដា​ខេត្ត ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៣​ខែកញ្ញា​នេះ​។​



​ក្នុង​លិខិត​ខាងលើនេះ សាលា​រាជធានី​បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​មួយចំនួន ដែល​កន្លងមក​បានរ​ក្សា​តម្លៃ​ដឹកជញ្ជូន​ឲ្យ​នៅ​ដដែល​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​តាម​ការអំពាវនាវ តែ​ម្ចាស់​ក្រុមហ៊ុន និង​រថយន្ត​មួយចំនួន​ផ្សេងទៀត​បាន​ដំឡើង​ថ្លៃឈ្នួល​។​

អត្ថបទទាក់ទង

​រដ្ឋបាល​ក្រុងភ្នំពេញ សូម​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងនោះ រក្សា​តម្លៃ​សេវា​របស់​នៅ​ដដែល​ក្នុងឱកាស​ភ្ជុំបិណ្ឌ​នេះ​។ ជាមួយគ្នានេះ​អាជ្ញាធរ​សុំ​ឲ្យ​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ទាំងនោះ ណែនាំ​ដល់​អ្នកបើកបរ​របស់​ខ្លួន​កុំ​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ និង​ត្រូវ​បើកបរ​គោរព​ច្បាប់​។ ទន្ទឹមគ្នា​នេះដែរ អាជ្ញាធរ​អំពាវ​ដល់​ប្រជាពលរដ្ឋ កម្មករ កុំ​ជិះ​ប្រជ្រៀត​គ្នា លើស​ចំណុះ ឬ​ជិះ​លើដំបូល​រថយន្តឈ្នួល ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​។​

«​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​ខាងលើនេះ​ប្រកបដោយ​ស្មារតី​យោគយល់​អធ្យាស្រ័យ​»​។ សេចក្ដីជូនដំណឹង​រប​ស់​សាលាក្រុង​គូសបញ្ជាក់​ដូចនេះ​។​

​គួរ​បញ្ជាក់ថា ក្រៅពី​ការអំពាវនាវ​សុំ​កុំ​ដំឡើងថ្លៃ​ឈ្នួល​រថយន្ត​ដូចខាងលើ​នេះ អាជ្ញាធរ​ក៏បាន​ត្រៀម​រថយន្តក្រុង​ចំនួន ១២០​គ្រឿង សម្រាប់​ដឹក​ប្រជាពលរដ្ឋ​ទៅមក​ភ្នំពេញ​និង​បណ្ដា​ខេត្ត​មួយចំនួន ដោយ​ឥតគិតថ្លៃ​៕


Tag:
 រថយន្តឈ្នួល​
© រក្សាសិទ្ធិដោយ thmeythmey.com