សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អភិបាលក្រុង​មួយ​នៅ​បារាំង​តម្រូវ​ឲ្យ «​ពលរដ្ឋ​រីករាយ សើច​ញញឹម​» ពេញ​មួយ​សប្តាហ៍​
28, Sep 2019 , 10:29 am        
រូបភាព
ដោយ: ធីតា
​អភិបាលក្រុង Essarts-en-Bocage នៅ​ដេ​ប៉ា​តឺ​ម៉​ង់ Vendée ភាគ​ខាងលិច​ប្រទេស​បារាំង បានចេញ​ក្រឹត្យ​មួយ​ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន «​សប្បាយ និង​ញញឹម​» ពេញ​មួយ​សប្តាហ៍ ចន្លោះ​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១១ ខែតុលា ខាងមុខ​។ ក្រឹត្យ​ដែល​ចេញ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា កន្លងមក​នោះ គឺ​ដើម្បី​កាត់បន្ថយ​ភាព​តប់ប្រមល់​ផ្សេងៗ ហើយ​លោក Freddy Riffaud ចង់​ឲ្យ Essarts-en-Bocage ក្លាយជា «​ក្រុង​នៃ​ភាព​រីករាយ​» (Ville en Joie)​។​

 
«​ពិតណាស់ វា​ជា​ក្រឹត្យ​ជាក់លាក់ និង​ច្បាស់លាស់​មួយ​។ យើង​បាន​សិក្សា​យ៉ាង​យកចិត្តទុកដាក់ មុននឹង​ផ្សព្វផ្សាយ​ផ្លូវការ​»​។ នេះ​ជាការ​អះអាង​របស់លោក Freddy Riffaud អភិបាលក្រុង Essarts-en-Bocage ដែលមាន​ពលរដ្ឋ​រស់​នៅ​ប្រមាណ​៩០០០​នាក់​។​
 


តាម​ការផ្សាយ​របស់​សារព័ត៌មាន France Bleu លោក Freddy ដែល​ថ្នាក់ដឹកនាំ​មូលដ្ឋាន មិន​ពាក់ព័ន្ធ​កូតា​នយោបាយ​ណាមួយ​នោះ  បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​រីករាយ​ចន្លោះ​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១០​យប់ និង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​១០​នាក់ បាន​សើច​ជា​រៀងរាល់ថ្ងៃ​។ 
 
​ចន្លោះ​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១១ ខែតុលា ផងដែរ លោក​អភិបាលក្រុង បាន​ហាមឃាត់​ការប្រគំ​តន្ត្រី និង​ការចាក់​បទ​ចម្រៀង​គ្រប់​ប្រភេទ ដែល​បង្ហាញ​ពី​ភាព​កម្សត់​សោកសៅ និង​ការរៀបរាប់​រឿងរ៉ាវ​ដែលមាន​ការ​និរាស​ព្រាត់ប្រាស់​។​
 
​លោក Freddy បាន​អះអាងថា អ្វីៗ​មិន​ត្រឹមតែ​សរសេរ​នៅលើ​ក្រដាស​នោះឡើយ ដោយ​លោក​នឹង​ពង្រាយ​មន្ត្រីប៉ូលិស​តាម​សកម្មភាព​របស់​ពលរ​ដ្ឋ ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​សើច​រីករាយ​សប្បាយចិត្ត​។ លោក​លើកឡើងថា ភាព​រីករាយ​គួរតែ​ក្លាយជា​គោលការណ៍​សង្គម ប៉ុន្តែ​ក្នុង​បទ​សម្ភាស​ជាមួយ AFP អភិបាលក្រុង​រូបនេះ សម្តែង​ការសោកស្តាយ ចំពោះ​មនុស្ស​មួយចំនួន​ដែល​គិតថា ការ​បំផុស​ចលនា​រីករាយ​មិនមែនជា​រឿង​ធំដុំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com