ប្រទេសស៊ីរី បានទទួលរងនូវការហែកហួរយ៉ាងខ្លាំងដោយសារសង្គ្រាមស៊ីវិលនៅក្នុងប្រទេស ជាពិសេសការចូលរួមពី ក្រុមឧទ្ទាម ក្រុមភេរវកម្ម និងមហាអំណាចធំៗ ដូចជារុស្ស៊ី និងអាមេរិកជាដើម បានធ្វើឲ្យសង្គ្រាមមួយនេះកាន់តែស្មុគស្មាញ។ ដោយកើតចេញពីការតវ៉ាអហិង្សាក្នុងឆ្នាំ ២០១១ សង្គ្រាមមួយនេះបានរីកធំឡើង ហើយបានបង្កឲ្យមនុស្សស្លាប់ច្រើនជាង ៤៧ម៉ឺននាក់ រួមទាំងអ្នករងរបួសច្រើនជាង ១លាននាក់ និងប្រជាជនជាច្រើនលាននាក់ទៀតបានរត់ភៀសខ្លួនចេញពីប្រទេស។
បើទោះបីជាមានកត្តាជាច្រើន បង្កឲ្យកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីក៏ដោយ ប៉ុន្តែមានព្រឹត្តិការណ៍មួយ ដែលត្រូវបានគេទទួលស្គាល់ថា ជាចលករដ៏សំខាន់ក្នុងការជំរុញឲ្យកកើតនៃសង្គ្រាមនេះឡើង។ ព្រឹត្តិការណ៍នោះ ត្រូវបានគេទទួលស្គាល់ថា Arab Spring។ ជាការពិត Arab Spring មានឬសគល់ចេញពីការតវ៉ារបស់ប្រជាជនអេហ្ស៊ីប និងទុយនីស៊ី លើបញ្ហាសេដ្ឋកិច្ច និងនយោបាយក្នុងឆ្នាំ ២០១១។ ភាពជោគជ័យនៃចលនាបដិវត្តនៅក្នុងបណ្តាលប្រទេសទាំងនេះ ត្រូវបានគេឲ្យឈ្មោះថា Arab Spring ជាផ្លូវការ។
ពិតណាស់ថា ព្រឹត្តិការណ៍ខាងលើនេះគឺជាកត្តាជំរុញឲ្យប្រជាជន ក៏ដូចជាសកម្មជនគ្រាំទ្រលិទ្ធប្រជាធិបតេយ្យនៅក្នុងប្រទេសស៊ីរី មានចិត្តចង់ធ្វើបដិវត្តប្រឆាំងនឹងរដ្ឋាភិបាល។ ជាក់ស្តែងនៅក្នុងខែមីនា ឆ្នាំ២០១១ សិស្សសាលា ១៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងធ្វើទណ្ឌកម្ម បន្ទាប់ពីគូរគំនូរលើជញ្ជាំងទាក់ទងនឹងArab Sping។ ការធ្វើទណ្ឌកម្មសិស្សសាលាទាំង១៥នោះ បានបង្កឲ្យក្មេងប្រុសម្នាក់ស្លាប់ ហើយវាបានបង្កឲ្យមានការផ្ទុះកំហឹង និងការតវ៉ារបស់ប្រជាជននៅក្នុងប្រទេស។ ការតវ៉ាធ្វើឡើង ដើម្បីទាមទារឲ្យមានការដោះលែងសិស្សសាលា ដែលនៅសល់ និងរួមបញ្ជូលទាំងសិទ្ធសេរីភាពរបស់ប្រជាជនទាំងអស់នៅក្នុងប្រទេស។
ជាការឆ្លើយតប រដ្ឋាភិបាលស៊ីរី បាសា អាល់អាសាដ បានចាប់ខ្លួន និងសម្លាប់អ្នកតវ៉ាជាច្រើននាក់។ ការណ៍នេះ បានជំរុញឲ្យប្រជាជនកាន់តែផ្ទុះកំហឹងថែមទៀត ហើយទាមទារឲ្យប្រធានាធិបតីអាសាដលាលែងចេញពីតំណែង។ ប៉ុន្តែប្រធានាធិបតីស៊ីរី បានច្រានចោលលើសំណើរនោះ ដែលបង្កឲ្យសង្គ្រាមផ្ទុះឡើងរវាងអ្នកគាំទ្រ និងអ្នកប្រឆាំងអាសាដ។
ភាពចម្រូងចម្រាស់កាន់តែមានការវិវត្ត អាមេរិកចាប់ផ្តើមចូលទៅពាក់ព័ន្ធជាមួយបញ្ហាដ៏ក្តៅគគុកមួយនេះ។ នៅក្នុងសន្ទរកថាឆ្នាំ ២០១១ អតីតប្រធានាធិបតី ប៉ារ៉ាក់ អូប៉ាម៉ា បានថ្លែងថា រដ្ឋាភិបាលស៊ីរីត្រូវតែបញ្ឈប់ការបាញ់រះទៅលើហ្វូងបាតុករ ហើយត្រូវតែដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការចាប់ខ្លួនដោយអយុត្តិធម៌។ បន្ថែមពីលើនេះទៅទៀត រដ្ឋាភិបាល អាសាដ ត្រូវតែអនុញ្ញាតឲ្យមានអ្នកឃ្លាំងមើលសិទ្ធិមនុស្សនៅក្នុងប្រទេស និង ចាប់ផ្តើមកិច្ចចរចាជាមួយក្រុមបាតុករ។ បើមិនដូច្នោះទេ រដ្ឋាភិបាលស៊ីរីនឹងត្រូវប្រឈមមុខនឹងបញ្ហាឯកោពីពិភពលោក។
មែនទែនទៅ បាតុកម្មរបស់ប្រជាជនមិនមែនបង្កឡើងដោយសារតែបញ្ហាការចាប់សិស្សសាលាប៉ុណ្ណោះទេ ប៉ុន្តែវាមានបញ្ហាមួយចំនួនដូចជា អសមត្ថភាពរបស់រដ្ឋាភិបាល ប្រជាជនខ្វះសេរីភាពគ្រប់គ្រាន់ លក្ខខណ្ឌនៃការរស់នៅក្នុងប្រទេស ដែលធ្វើឲ្យប្រជាជនមិនពេញចិត្តរដ្ឋាភិបាល។ បញ្ហាមួយទៀតគឺជម្លោះសាសនារបស់ប្រជាជន និងរដ្ឋាភិបាល។ បានន័យថាប្រជាជនស៊ីរីមួយចំនួនគោរពសាសនាឥស្លាម និកាយស៊ុននី (Sunni) ខណៈពេលសមាជិករដ្ឋាភិបាលមួយចំនួនប្រកាន់យកនិកាយ Shia ។ ជាពិសេស បញ្ហាសេដ្ឋកិច្ច អត្រាឥតការងារធ្វើខ្ពស់ អំពើពុករលួយ គ្រោះរាំងស្ងួត ក៏ជាបញ្ហាចម្បងផងដែរនៅក្នុងប្រទេស។ ដោយក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០០០ បន្ទាប់ពីមរណៈភាពឪពុក ក្រុមសិទ្ធិមនុស្សមនុស្សបី-បួនក្រុមបានចោទអាសាដថា បានសម្លាប់ និងធ្វើទណ្ឌកម្មអ្នកពួកអ្នកប្រឆាំងនយោបាយរបស់គាត់។
រឿងចម្រូងចម្រាស់នៅក្នុងប្រទេសស៊ីរី មិនមែនត្រឹមតែជាសង្គ្រាមរវាងរដ្ឋាភិបាល និងប្រជាជនឡើយ ប៉ុន្តែមានការពាក់ព័ន្ធទៅនឹងប្រទេស និងក្រុមមនុស្សមួយចំនួនទៀត។ ជាក់ស្តែង រុស្ស៊ី អ៊ីរ៉ង់ ក្រុមHezbollah គឺជាអ្នកគាំទ្ររដ្ឋាភិបាលស៊ីរី ចំណែកអាមេរិក អារ៉ាប៊ីសាអូឌីត Qatar តួកគី និងប្រទេសអ៊ឺរ៉ុបមួយចំនួនគាំទ្រក្រុមបះបោរនៅក្នុងប្រទេស។ បន្ថែមពីលើនេះទៅទៀត មានភាគីម្ខាងទៀត គឺក្រុមភេវកម្ម ដូចជា ISIS និងAl-Qaeda ក៏ចូលរួមក្នុងភាពវឹកវរនេះដែរ។
ក្នុងន័យនេះ វាគឺជាសង្គ្រាមមួយ ដែលស្មុគស្មាញ ព្រោះដោយសារ ភាគីរដ្ឋាភិបាល និងក្រុមបះបោរ បានរួមខ្លួនប្រយុទ្ធជាមួយក្រុមភេវកម្ម ខណៈពេលក្រុមទាំងពីរក៏វៃគ្នាទៅវិញទៅមកដែរ។ សង្គ្រាមកាន់តែស្មុគស្មាញជាងនេះទៀត នៅពេលអាមេរិក ដឹកនាំយុទ្ធនាការអន្តរជាតិប្រឆាំងនឹងក្រុមភេវកម្មនៅក្នុងប្រទេសស៊ីរីតាំងពីឆ្នាំពី២០១៤ កន្លងមក។ ជាពិសេសចាប់ពីខែមេសា ឆ្នាំ២០១៧ និង២០១៨មក អាមេរិកបានចាប់ផ្តើមវាយប្រហារទីតាំងអាវុធគីមីរបស់ស៊ីរី។
ដោយសារតែសង្គ្រាមមួយនេះ ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា ប្រជាជនស៊ីរីជាង ១៣លាននាក់ត្រូវការជំនួសមនុស្សធម៌ដូចជាថ្នាំពេទ្យ និងអាហារ ហើយប្រជាជនជិត៣ លាននាក់កំពុងរស់នៅក្នុងស្ថានភាពលំបាក។ បន្ថែមពីលើនេះ ប្រជាជនស៊ីរីច្រើនជាង ៥,៦ លាននាក់បានភៀសខ្លួនទៅប្រទេសផ្សេង ចំណែកប្រជាជន ៦,១លានអ្នកត្រូវគេបង្ខំឲ្យចាកចេញពីប្រទេស៕