កីឡាអន្តរជាតិ
អន្តរជាតិ
មនុស្ស​២​នាក់​ជាប់គុក​៥ខែ និង១៤ខែ​ដោយសារ​តែ​ថតរូប​សព កីឡាករ Sala
23, Sep 2019 , 10:54 pm        
រូបភាព
ដោយ: ថ្មីៗ
​បុគ្គលិក​ពីរ​នាក់​ដែល​បម្រើការ​នៅ​ក្រុមហ៊ុន​កា​ម៉េ​រា​សុវត្ថិភាព​មួយ​របស់​អង់គ្លេស  ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ កាលពី​ថ្ងៃ​ចន្ទ ដោយសារតែ​ពួកគេ​បាន​ថតរូប​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ក្រាហ្វិក​នៃ​បំណែក​សាកសព​របស់​កីឡាករ​អា​ហ្ស​ង់​ទីន Emiliano Sala ដែល​បាន​ស្លាប់​ដោយ​ធ្លាក់​យន្តហោះ កាលពី​ខែមករា កន្លងមក​។​

 
Sala អាយុ​២៨​ឆ្នាំ បាន​ហោះហើរ​ពី​ក្រុង Nantes ប្រទេស​បារាំង ឆ្ពោះទៅ​ក្រុង Cardiff ប្រទេស​វេស​ល៍ ហើយ​ក្រោយ​យន្តហោះ បាន​បាត់​ខ្លួន​នៅ​តំបន់​ព្រែក English Channel​។ យោងតាម​ការផ្សាយ​រប​ស់ Reuters ក្រោយ​ការរកឃើញ​សាកសព ស្ត្រី​ឈ្មោះ Sherry Bray អាយុ​៤៨​ឆ្នាំ និង​បុរស Christopher Ashford អាយុ​៦២​ឆ្នាំ បាននាំគ្នា​ថតរូប​បំណែក​សព​របស់ Sala ហើយ​ក្រោយមក​ល្បី​សុះសាយ​ពេញ​បណ្តាញ​សង្គម​។​
 
​លោក Anthony Johns ដែល​បម្រើការ​នៅ​សេវាកម្ម​អយ្យការ​ផ្នែក​ឧក្រិដ្ឋកម្ម​របស់​ចក្រភព​អង់គ្លេស បាន​គូសបញ្ជាក់ថា ទង្វើ​របស់​ជន​ទាំងពីរ​នោះ បង្ក​ភាព​សោកសៅ និង​ការឈឺចាប់​កាន់តែខ្លាំង​សម្រាប់​គ្រួសារ និង​មិត្តភក្តិ​របស់ Sala​។​
 
​អ្នកជំនាញ​ច្បាប់​រូបនេះ បាន​លើកឡើងថា នេះ​ជា​ទង្វើ​ដែល​មិនអាច​ទទួលយកបាន និង​ខុសច្បាប់​។ Bray ត្រូវបាន​តុលាការ Swindon Crown Court ដាក់ពន្ធនាគារ​១៤​ខែ រីឯ Ashford ត្រូវ​ជាប់​ចំនួន​៥​ខែ ទៅតាម​កម្រិត​ទោស​របស់​ពួកគេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com