FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Messi ឈ្នះ Best FIFA Player លើក​ទី​៦ រីឯ Klopp បាន​ពាន​គ្រូ​ល្អ​បំផុត​
24, Sep 2019 , 7:55 am        
រូបភាព
Lionel Messi ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៩ របស់ FIFA (Best FIFA Player of the Year) ជា​លើក​ទី​៦ ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​លើស​គូប្រជែង Virgil van Dijk និង Cristiano Ronaldo​។ លោក Jurgen Klopp ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ល្អ The Best FIFA Men’s Coach ខណៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ល្អ​បំផុត FIFA Puskas Award បាន​ទៅ​ខ្សែប្រយុទ្ធ Daniel Zsori​។​




 
​ពិធី​ប្រគល់​ពាន The Best FIFA Football Awards បានធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃទី​២៣ ខែកញ្ញា នាទី​ក្រុង Milan ប្រទេស​អ៊ីតាលី ក្រោម​ការរៀបចំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។ ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Barcelona និង​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Messi ទទួលបាន​ពាន​កីឡាករ​ល្អ​បំផុត​នេះ តាមរយៈ​ការបោះឆ្នោត​ពី​ក្រុម​គ្រូបង្វឹក ប្រធាន​ក្រុម និង​អ្នកសារព័ត៌មាន ដោយ​ក្នុងនោះ Messi បាន​៤៦​សំឡេង Van Dijk បាន​៣៨​សំឡេង និង Ronaldo ដែល​អវត្តមាន​ក្នុង​កម្មវិធី​នេះ ទទួលបាន ៣៦​សំឡេង​។​

  
 
Messi វ័យ​៣២​ឆ្នាំ បាន​ជួយ​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​ឈ្នះ La Liga នៅ​រដូវ​កាល ២០១៨-១៩ ជាមួយនឹង​ការបង្ហាញ​ខ្លួន​៥០​ប្រកួត​ស៊ុត​បញ្ចូល​ទី​៥១​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​១៩​លើក​ផងដែរ​។ 
 
​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ស្ត្រី​អាមេរិក Megan Rapinoe ឈ្នះ​ពាន​កីឡាការិនី​ស្ត្រី​ឆ្នើម​ប្រចាំឆ្នាំ (Best women's player award)​។​

  
 
​អ្នកចាត់ការ​ទូទៅ Jurgen Klopp ដែល​បាន​ជួយ Liverpool ឈ្នះ​ពាន UEFA Champions League រដូវ​កា​មុន​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បុរស​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់ FIFA ដោយ​ប្រជែង​ឈ្នះ​លោក Pep Guardiola និង​អ្នកចាត់ការ​ទូទៅ Spurs លោក Mauricio Pochettino​។​

  
 
​ចំណែក ខ្សែប្រយុទ្ធ​សញ្ជាតិ​រូ​ម៉ា​នី Daniel Zsori ឈ្នះ​ពានរង្វាន់​គ្រាប់​បាល់​ល្អ​បំផុត Puskas Award​។ 
​អ្នកចាំទី​ល្អ​បំផុត The Best FIFA Goalkeeper បាន​ទៅ​អ្នកចាំទី​របស់ Liverpool និង​ជម្រើសជាតិ​ប្រេ​ស៊ី​ល​កីឡាករ Alisson Baker​។​

  
 
-FIFA FIFPro World11 (Team of the Year): 

+​អ្នកចាំទី​: Alisson
+​ខ្សែការពារ​: Matthijs de Ligt, Marcelo, Sergio Ramos, Virgil van Dijk
+​ខ្សែបម្រើ : Frenkie de Jong, Eden Hazard, Luka Modric
+​ខ្សែប្រយុទ្ធ : Cristiano Ronaldo, Kylian Mbappe, Lionel Messi។
 


ការបោះឆ្នោត​ពី​កម្ពុជា​
​កីឡាករ​ឆ្នើម​៖ 
-​លោក Felix Dalmas (គ្រូបង្វឹក)៖ Lionel Messi, Cristiano Ronaldo, Virgil Van Dijk
-​កីឡាករ សឿ​យ វិសាល​ (ប្រធានក្រុម)៖ Cristiano Ronaldo, Lionel Messi, Virgil Van Dijk
-​លោក អ៊ឹង ចំរើន (អ្នក​សារព័ត៌មាន)​៖ Virgil Van Dijk, Cristiano Ronaldo, De Ligt Matthijs
 
​គ្រូបង្វឹក​ឆ្នើម​៖
-​លោក Felix Dalmas៖ Jurgen Klopp, Pep Guardiola, Mauricio Pochettino
-​កីឡាករ សឿ​យ វិសាល​៖ Pep Guardiola, Jurgen Klopp, Mauricio Pochettino
-​លោក អ៊ឹង ចំរើន​៖ Pep Guardiola, Jurgen Klopp, Ten Hag Erik
 
​កីឡាការិនី​ឆ្នើម​៖
-​លោក អ៊ុំ សាវង្ស (គ្រូបង្វឹក)​៖ Megan Rapinoe, Alex Morgan, Wendie Renard
-​កីឡាការិនី សំរឹទ្ធ និមល​ (ប្រធានក្រុម) ៖ Megan Rapinoe, Alex Morgan, Julie Ertz
-​លោក អ៊ឹង ចំរើន​៖ Megan Rapinoe, Vivianne Miedema, Ada Hegerberg
 
​គ្រូបង្វឹក​ឆ្នើម​ផ្នែក​ក្រុម​នារី​៖ 
-​លោក អ៊ុំ សាវង្ស​៖ Jill Ellis, Futoshi Ikeda, Sarina Wiegman
-​កីឡាការិនី សំរឹទ្ធ និមល​៖ Jill Ellis, Milena Bertolini, Is Antonia "Toña"
-​លោក អ៊ឹង ចំរើន​៖ Jill Ellis, Joe Montemurro, Reynald Pedros៕
 


Tag:
 Best FIFA Player
© រក្សាសិទ្ធិដោយ thmeythmey.com