ជាតិ
សុខភាព
សាធារណរដ្ឋ​ឆែក​មាន​គម្រោង​បង្កើត​មន្ទីរពេទ្យ​ទំនើប​នៅ​កម្ពុជា
28, Sep 2019 , 3:29 pm        
រូបភាព
លោក Marek Librickey នាជំនួបជាមួយ​លោក​ប្រាក់ សុខុន កាលពីថ្ងៃទី១៨ ខែកញ្ញា។ រូបថត ក្រសួងការបរទេស
លោក Marek Librickey នាជំនួបជាមួយ​លោក​ប្រាក់ សុខុន កាលពីថ្ងៃទី១៨ ខែកញ្ញា។ រូបថត ក្រសួងការបរទេស
​សាធារណរដ្ឋ​ឆែក កំបុង​សិក្សា​លើ​គម្រោង​បង្កើត​មន្ទីរពេទ្យ​ទំនើប​មួយ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោយ​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ជាមួយ​លោក Marek Libricky ឯកអគ្គរដ្ឋទូត​ឆែក​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ក្រុង​បាងកក​។​

 
​ក្នុងជំនួប​ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា កន្លងមក នៅ​ទី​ស្តី​ក្រសួងការបរទេស  លោក ប្រាក់ សុខុន និង​លោក Marek Librickey បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ការទូត​តាំងពី​ទសវត្សរ៍​៥០ និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ រវាង​ប្រទេស​ទាំងពីរ​។​
 
​គម្រោង​សហប្រតិបត្តិការ​ជាច្រើន​វិស័យ ត្រូវបាន​លើកឡើង ដែល​ក្នុងនោះ មាន​វិស័យ​សុខាភិបាល​ផងដែរ​។ ភាគី​ឆែក បង្ហាញ​ពី​ឆ​ន្ទះ​របស់ខ្លួន​ក្នុងការ​ចូលរួម​លើកកម្ពស់​ការថែទាំ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈ​គម្រោង​បង្កើត​មន្ទីរពេទ្យ​ទំនើប​ដ៏​មាន​គុណភាព​មួយ​នៅ​កម្ពុជា​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ភាគី​ទាំងពីរ​មិនទាន់​បង្ហាញ​ពី​គម្រោង​លម្អិត​នោះឡើយ​។ ក្រៅពី​វិស័យ​សុខាភិបាល កម្ពុជា និង​ឆែក ក៏មាន​មាន​គម្រោង​កិច្ច​ប្រតិបត្តិ​ជាច្រើន​ទៀត​លើ​វិស័យ កសិកម្ម ការពារជាតិ អាកាសចរណ៍ បរិស្ថាន ទឹកស្អាត និង​ទេសចរណ៍​បៃតង​។ កន្លងមក ឆែក​បាន​លុបចោល​បំណុល ដែល​កម្ពុជា​ជំពាក់ ហើយ​បាន​បង្វែរ​បំណុល​មួយចំនួន​ទៅជា​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​។​
 
​ចំពោះ​កិច្ចប្រតិបត្តិការ​កម្ពុជា​-​ឆែក​លើ​វិស័យ​កសិកម្ម ផ្ដោតលើ​ការ​វេច​ខ្ចប់ និង​ម៉ាស៊ីនកិនស្រូវ​សម្រាប់​ផលិត​អង្ករ បម្រើ​ឲ្យ​ការនាំចេញ​។ ចំណែក​វិស័យ​ថាមពល​វិញ កម្ពុជា​បាន​ទិញ​ថាមពល​ពី​ឡាវ ២,៩០០​មេ​ហ្គា​វ៉ា​ត់ ភាគី​ប្រទេស​ឆែក​អាច​សិក្សា​ពី​ការសាងសង់​ខ្សែបណ្ដាញ​អគ្គិសនី ពី​ប្រទេស​ឡាវ មក​កម្ពុជា និង​ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​ថាមពល​កកើត​ថ្មី​។ វិស័យ​ទេសចរណ៍​បៃតង ជា​វិស័យ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ពី​ទ្វីបអឺរ៉ុប និង​អាមេរិក​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com