ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីខ្មែរដល់ទៅ៥រូប ទៅឈ្វេងយល់ពីប្រព័ន្ធរដ្ឋបាលនៅអាល្លឺម៉ង់
24, Sep 2019 , 2:22 pm        
រូបភាព
រដ្ឋមន្រ្តីកម្ពុជាដល់ទៅ៥រូប ត្រូវចេញទៅបំពេញទស្សនកិច្ចនៅអាម្លឺម៉ង់ នៅថ្ងៃទី២៤ ខែកញ្ញានេះ រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិនិងការអភិវឌ្ឍក្នុងភាពជាដៃគូ ហើយក៏ដើម្បីសិក្សាឈ្វេងយល់បន្ថែមអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់សហព័ន្ធអាល្លឺម៉ង់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។



ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង ជាអ្នកដឹកនាំគណៈប្រតិភូកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចដ៏កម្រនេះ។ រដ្ឋមន្រ្តី៤រូបទៀត គឺលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអបនាយករដ្ឋមន្រ្តី រួមទាំងថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

សេចក្តីប្រកាសព័ត៌មាន សរសេរថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា នឹងជួបថ្នាក់ដឹកនាំសភាសហព័ន្ធអាល្លឺម៉ង់ និង ថ្នាក់ដឹកនាំនៃបណ្តាក្រសួង-ស្ថាប័នសំខាន់ៗរបស់អាល្លឺម៉ង់ រួមមាន ក្រសួងសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច ក្រសួងការបរទេស និង ក្រសួងមហាផ្ទៃ ដោយផ្តោតទៅលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាល្លឺម៉ង់។

ប្រភពដដែល បានឲ្យដឹងទៀតថា គណៈប្រតិភូកម្ពុជា ក៏នឹងជួបថ្នាក់ដឹកនាំនៃរដ្ឋសហព័ន្ធអាល្លឺម៉ង់ និង ថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋានមួយចំនួនផងដែរ ដើម្បីឈ្វេងយល់ពីតួនាទីនិងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យសាធារណៈចំបាច់នានា ដូចជា អប់រំ សុខាភិបាល ព្រៃឈើ និង បរិស្ថាន ជាដើម៕

Tag:
 កម្ពុជា
  អាល្លឺម៉ង់
  រដ្ឋបាលសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com