ក្រុមហ៊ុន​ចិន​បោះទុន​ជាង​១០​លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​ជី និង​ថ្នាំ​កសិកម្ម នៅ​ខេត្ត​ត្បូងឃ្មុំ
ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​បោះទុន​ជាង​១០​លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​ជី និង​ថ្នាំ​កសិកម្ម នៅ​ខេត្ត​ត្បូងឃ្មុំ
24, Sep 2019 , 7:19 pm        
រូបភាព
ឧបករណ៍សម្ងួតស្លឹកថ្នាំជក់ របស់ក្រុមហ៊ុនហាម៉ីនីវីន អិនវេសមេន  នៅខេត្តត្បូងឃ្មុំ។ រូបថត ក្រសួងកសិកម្ម ។
ឧបករណ៍សម្ងួតស្លឹកថ្នាំជក់ របស់ក្រុមហ៊ុនហាម៉ីនីវីន អិនវេសមេន នៅខេត្តត្បូងឃ្មុំ។ រូបថត ក្រសួងកសិកម្ម ។
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហា​ម៉ី​នី​វីន អិន​វេស​មេន នឹង​សាងសង់​រោងចក្រ​ផលិត​ជី និង​ថ្នាំ​កសិកម្ម លើ​ផ្ទៃដី​១៥​ហិច​តា ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១០​លាន​ដុ​លា្ល​រ​។ រោងចក្រ​នេះ នឹង​ចាប់ផ្តើម​សង់​ឡើង​នៅ​ដើមឆ្នាំ​២០២០ នៅក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​



​បើតាម​ការចុះផ្សាយ​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ស្រង់​សម្តី​លោក លោក ផាន់ ដុង​ហ្វេ​ង ប្រធាន​ក្រុមហ៊ុន​ចិន​ខាងលើ​ថា ក្រោយ​ការដាក់ឱ្យ​ដំណើរការ​ក្នុង​ជំហាន​ទីមួយ រោងចក្រ​នេះ អាច​ផលិត ជី និង​ថ្នាំ​កសិកម្ម បាន​ចំនួន​៥​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ    នឹង​ពង្រីក​ការផលិត​បាន​រហូត​១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ នៃ​ជំហាន​ទី​២​។ ដើម្បី​ធានាបាន​នូវ​គុណភាព ប្រសិទ្ធភាព ដែល​ស្របតាម​លក្ខខណ្ឌ​របស់​ដី​នៃ​មុខ​ដំណាំ និង​ការប្រើប្រាស់​ជី​ឲ្យ​ត្រូវ​តាម​បច្ចេកទេស ក្រុមហ៊ុន​នឹង​រៀបចំ​មន្ទីរពិសោធន៍​គុណភាព​ដី​មុន​ការផលិត​ការផលិត​ជី និង​ថ្នាំ​កសិកម្ម​ឈាន​មកដល់​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ផាន់ ដុង​ហ្វេ​ង​។​

​ក្រុមហ៊ុន ហា​ម៉ី​នី​វីន អិន​វេស​មេន បាន​បោះទុន​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា អស់​រយៈពេល​៣​ឆ្នាំ​មកហើយ ពោល​តាំងពី​ឆ្នាំ​២០១៦​។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​ផ្ទៃដី​១,៣​ពាន់​ហិច​តា សម្រាប់​វិនិយោគ លើ​ដំណាំ​ថ្នាំជក់ ចេក ពោត និង​រោងចក្រ​កែច្នៃ​ជី​-​ថ្នាំ​កសិកម្ម​។ ក្នុងនោះ​ក្រុមហ៊ុន​បាន​ដាំ​ថ្នាំជក់​លើ​ផ្ទៃដី​២០០​ហិច​តា​។ ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏មាន​ឧបករណ៍​ស​ម្ងួ​ត​សន្លឹក​ថ្នាំជក់ ដែល​អាច​ផលិត​បាន​២-៣​ពាន់​តោន​ក្នុង​មួយឆ្នាំ នឹង​ឈានទៅដល់​៥​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​៕

Tag:
 កសិកម្ម​
  ជី​
  ថ្នាំពុល​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com