ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៖ មិនគួរកែរដ្ឋធម្មនុញ្ញញឹកញាប់ទេ ព្រោះធ្វើឲ្យទន់ជ្រាយ លោក ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងក្នុងសិក្ខាសាលា (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)
× លោក ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអ្នកមានពិសោធច្រើនឆ្នាំម្នាក់លើវិស័យច្បាប់ លើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺជាការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមជាតិ ក៏ដូចជា ដើម្បីធានានូវសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម។ តែលោក យល់ថា មិនគួរកែប្រែញឹកញាប់នោះទេ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្សាយពីប្រសាសន៍របស់លោក ហ៊ី សោភា ដែលថ្លែងក្នុងសិក្ខាសាលាស្តីពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាភូមិន្ទរដ្ឋបាល យ៉ាងដូច្នេះថា៖« «...ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនមែនចេះតែធ្វើទេ ហើយក៏មិនគួរធ្វើជាញឹកញាប់ដែរ ព្រោះវា នឹងធ្វើឲ្យរដ្ឋធម្មនុញ្ញទន់ជ្រាយ ហើយវា ក៏នឹងប៉ះពាល់ដល់ភាពរឹងមាំ និងស្ថិរភាពនៃច្បាប់ដទៃទៀតផងដែរ»។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺជាខួប២៦ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា។ រយៈពេល២៦ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្លងកាត់ការធ្វើវិសោធនកម្មដល់ទៅ៩លើក។
មានត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ បានចែងអំពីការធ្វើវិសោធនកម្ម៖
មាត្រា១៤៣ថ្មី៖«ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ»។
មាត្រា១៥៣ថ្មី៖«ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្ដីស្នើរបស់តំណាងរាស្ត្រមួយភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល»។
មាត្រា១៥៤ថ្មី៖«ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវហាមឃាត់មិនឱ្យធ្វើនៅពេលប្រទេស ជាតិឋិតក្នុងភាពអាសន្ន ដូចមានចែងក្នុងមាត្រា៨៦»។
មាត្រា១៥៥ថ្មី៖«ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ»។
រដ្ឋធម្មនុញ្ញកម្ពុជា ដែលចាប់កំណើតជាថ្មីតាំងពីឆ្នាំ១៩៩៣មក មាន១៧ជំពួក និង១៦០មាត្រា។ ជំពួកទាំង១៧នោះ ចែងអំពីអធិបតេយ្យ, ព្រះមហាក្សត្រ, សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, របបនយោបាយ, សេដ្ឋកិច្ច, អប់រំ វប្បធម៌ និងសង្គមកិច្ច, រដ្ឋសភា, ព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា, រាជរដ្ឋាភិបាល, អំណាចតុលាការ, ក្រុមប្រឹក្សាធម្មនុញ្ញ, ការគ្រប់គ្រងរដ្ឋបាល, សមាជជាតិ, ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, និងអន្តរប្បញ្ញត្តិ។
រដ្ឋធម្មនុញ្ញកម្ពុជា មានចាត់ទុកថា មានលក្ខណប្លែកពីរដ្ឋធម្មនុញ្ញនៃបណ្តាប្រទេសនានាលើពិភពលោក នៅត្រង់ថា រដ្ឋធម្មនុញ្ញកម្ពុជា នៅមាន «រដ្ឋធម្មនុញ្ញបន្ថែម» មួយទៀត។ ច្បាប់រដ្ឋធម្មនុញ្ញបន្ថែមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ ដើម្បីដោះស្រាយការជាប់គាំងនយោបាយ៕
Tag:
រដ្ឋធម្មនុញ្ញ
ហ៊ី សោភា
© រក្សាសិទ្ធិដោយ thmeythmey.com