កីឡាជាតិ
ជាតិ
ការសហការ​គ្នា​ក្នុង​ក្រុម​បានល្អ ជួយ​ឲ្យ​ក្រសួងមហាផ្ទៃ ឈ្នះ​ពាន​ធំ​សម្តេច សុខ អាន​
24, Sep 2019 , 6:29 pm        
រូបភាព
ក្រុមក្រសួងមហាផ្ទៃលើកពានធំក្នុងពានរង្វាន់សម្តេចវិបុលបញ្ញា សុខ​ អាន ក្រោយយកឈ្នះក្រសួងការពារជាតិ ១៣-១២
ក្រុមក្រសួងមហាផ្ទៃលើកពានធំក្នុងពានរង្វាន់សម្តេចវិបុលបញ្ញា សុខ​ អាន ក្រោយយកឈ្នះក្រសួងការពារជាតិ ១៣-១២
ដោយ:
​ក្រុមកីឡា​ប៉េតង់​ក្រសួងមហាផ្ទៃ​បានក្លាយ​ជា​ម្ចាស់​ជើងឯក​ពាន​ធំ​ក្នុង​ការប្រកួត​ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន ក្រោយ​ពួកគេ​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិរ​បស់​ម្ចាស់​មេដាយមាស​ពិភពលោក សុខ ចាន់​មាន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​សហការ​ក្នុង​ក្រុម​បានល្អ ជា​កត្តារួម​ចំណែក​ក្នុង​ជ័យជម្នះ​របស់​ក្រសួងមហាផ្ទៃ​។ ជាមួយ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​រៀបចំ ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ចាត់ទុក​ពានរង្វាន់​នេះ​ថា ជាការ​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​។​



​ទីបំផុត​ក្រុម​កីឡាករ​ក្រសួងមហាផ្ទៃ​អាច​សងសឹក​ក្រុម​ក្រសួងការពារជាតិ ដែល​បាន​យកឈ្នះ​ពួកគេ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ថ្នាក់ជាតិ​បាន​ហើយ​។ ការសង​សឹក​នេះ ធ្វើឡើង​ក្រោយ​ពួកគេ​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​យ៉ាង​ប្រផិតប្រផើយ ១៣-១២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​គ្រង​ជើងឯក​ពាន​ធំ​ក្នុង​ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន ប្រចាំឆ្នាំ​២០១៩​។



​ក្រៅពី​ការព្យាយាម​ហ្វឹកហាត់ និង​សិក្សា​ពី​ចំណុចខ្សោយ​របស់ខ្លួន​ក្នុងការ​ប្រកួត​មុនៗ ការយល់​ចិត្ត​គ្នា និង​លេង​សហការគ្នា​បានល្អ​ក្នុង​ក្រុម គឺ​កត្តា​រួមចំណែក​នៃ​ភាពជោគជ័យ​ដ៏​រំភើប​របស់​ក្រសួងមហាផ្ទៃ​។ «​ពួកយើង​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ ដែល​បាន​យកឈ្នះ​ក្រុម​រៀមច្បង​។ យើង​ធ្លាប់​ចាញ់​ពួកគាត់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ប៉ុន្តែ​លើក​នេះ យើង​បាន​យកឈ្នះ​វិញ ដោយសារតែ យើង​សហការគ្នា​លេង​បានល្អ ហើយ​យើង​នឹង​ព្យាយាម​បង្កើន​សមត្ថភាព ដើម្បី​ការពារ​ពាន​មួយ​នេះ​នៅ​ឆ្នាំក្រោយ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ខែម សុភ័ក្ត្រ ដែលជា​អ្នក​រួមចំណែក​ដ៏​ធំ​ក្នុង​ជ័យជម្នះ​នេះ​។ 

​នា​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ស្វិតស្វាញ​នៅ​ទីលាន​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​ក្រសួងមហាផ្ទៃ​បាន​នាំមុខ​ក្រសួងការពារជាតិ ១០-១ ក្រោយ​ប្រកួត​បាន​៤​សិត​។ ប៉ុន្តែ​ពីរ​ប្រកួត​ក្រោយមក ក្រុម​ក្រសួងការពារជាតិ​បាន​វាយបក​តាម​ស្មើ ១០-១០ ក្រោយ​ពួកគេ​រកបាន​៦​គ្រាប់​ក្នុង​សិត​ទី​៥ និង​៣​គ្រាប់​នៅ​សិត​ទី​៦​។ ក្រសួងមហាផ្ទៃ​បាន​នាំមុខ ១២-១០ សាជាថ្មី តែ​ក្រោយមក​ក្រសួងការពារជាតិ​បាន​វាយបក​តាម​ស្មើ ១២-១២ ដែល​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​តានតឹង​។ ប៉ុន្តែ​ទីបំផុត​ក្រសួងមហាផ្ទៃ ដែលមាន​កីឡាករ ស៊ិន វង់​, យ៉ា ច័ន្ទដារ៉ា​រិ​ទ្ធ​, ខែម សុភ័ក្ត្រ និង កឹម វីរៈ (​បម្រុង ១​នាក់​) បាន​យកឈ្នះ​ក្រសួងការពារជាតិ ១៣-១២ ដើម្បី​ឈ្នះ​ពាន​ធំ​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ផ្នែក​បុរស​។



​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បាន​សង្កេតឃើញថា កីឡាករ​កីឡាការិនី ក៏ដូចជា​មន្ត្រី​បច្ចេកទេស ដែល​ចូលរួម​ការប្រកួត និង​កាត់សេចក្តី​ក្នុង​ពានរង្វាន់​នេះ​មាន​កម្រិត​សមត្ថភាព និង​បច្ចេក​កើនឡើង បើ​ធៀប​នឹង​ការប្រកួត​ថ្នាក់ជាតិ​កន្លងមក​។ ការប្រកួត​ទៀតសោត​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ប្រកបដោយ​ភាពត្រឹមត្រូវ និង​យុត្តិធម៌​។ 
 
«​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការប្រកួត​រយៈពេល​៣​ថ្ងៃ គឺ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ ហើយ​កីឡាករ កីឡាការិនី​មកពី​តាម​បណ្តា​ក្លិប សមាគម​ទាំងអស់​បាន​ប្រកួត​គ្នា​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​គោរព​តាម​បទបញ្ជា​បច្ចេកទេស និង​វិន័យ​ត្រឹមត្រូវ​»​។ លោក ស សុខា លើកឡើង​បែបនេះ​ក្នុង​ពិធី​បិទ​ការប្រកួត​ពានរង្វាន់​ស​ម្តេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ កាលពី​ថ្ងៃទី​២២ កញ្ញា កន្លងទៅ​។ 



​លោក ស សុខា បានចាត់ទុក​ពានរង្វាន់​នេះ​ជាការ​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី ក៏ដូចជា​មន្ត្រី​បច្ចេកទេស ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ពិសេស​ការត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ លោក​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​នេះ​។

​ក្រុម​យោធភូមិភាគ​ពិសេស​គ្រង​ជើងឯក​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នារី ក្រោយ​យកឈ្នះ​ក្រុម​សេនា​រាជសីហ៍ ១៣-៤​។ ចំណែក​ក្រុមយុវជន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល ខ​.​ភ​.​ម ១៣-៤ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ក្នុង​ក្របខ័ណ្ឌ​យុវជន​។ កីឡាការិនី ភៀត ផា​រីតា និង អាយ គីម​ឆាយ របស់​ក្លិប​មជ្ឈមណ្ឌល ខ​.​ភ​.​ម បានរួម​គ្នា យកឈ្នះ អ៊ុំ ពុទ្ធា​យ៉ា និង ផាត វិច្ឆិកា របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​គ្រង​ជើងឯក​លើ​វិញ្ញាសា​២​នាក់​ទល់​២​នាក់​។ រីឯ​ក្រុម​យោធភូមិភាគ​ទី​៥ បាន​យកឈ្នះ​ក្រុម​ខេត្តតាកែវ ដើម្បី​លើក​ពាន​សមាគម​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​។ ចំណែក​រដ្ឋាករទឹក​ស្វយ័ត​គ្រង​ជើងឯក​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​វ័យចាស់ ក្រោយ​យកឈ្នះ​ក្រុម​សម្ព័ន្ធ​មានជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕




Tag:
 ប៉េតង់​
  ពាន​សម្តេច សុខ អាន​
  ខែម សុភ័ក្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com