ជាតិ
ពីនេះ ពីនោះ
«ចរកជន, ជនប្រវេសន៍,អាណិកជន, ពលករទេសន្តរ៍ប្រវេសន៍, ដំណុះប្រជាជន និងតំហាយប្រជាជន» មានន័យខុសគ្នាដូចម្តេច?
× សទ្ទានុក្រមរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពន្យល់ថា «ចរកជន មានន័យខុសពី ពាក្យ ជនប្រវេសន៍,អាណិកជន,ដំណុះប្រជាជន និងតំហាយប្រជាជន»។
«ចរកជន»សំដៅលើជនដែលគ្មានទីលំនៅជាប់លាប់ និងផ្លាស់ទីពីតំបន់មួយទៅកាន់តំបន់មួយផ្សេងទៀតជាប្រចាំដើម្បីចិញ្ចឹមជីវិត ឬដោយសារលក្ខខណ្ឌមុខរបររបស់ខ្លួន(ការចិញ្ចឹមសត្វ ឬធ្វើមុខជំនួញ...)។
«ជនប្រវេសន៍»សំដៅលើជនបម្លាស់លំនៅ។ «អាណិកជន»សំដៅលើ ជនដែលរស់នៅក្នុងប្រទេសណាមួយក្រៅពីប្រទេសរបស់ខ្លួន។ «អាណិកជន»ស្ថិតនៅក្រោមបទបញ្ញត្តិដោយឡែកនៃប្រទេសណាមួយដែលខ្លួនកំពុងរស់នៅ និងការពារដោយស្ថានបេសកម្មការទូត ឬស្ថានកុងស៊ុលនៃប្រទេសដរបស់ខ្លួន។
«ពលករទេសន្តរ៍ប្រវេសន៍»ជាពលករដែលឆ្លងដែនទៅកាន់ប្រទេសណាមួយក្នុងគោលបំណងធ្វើការងារ ហើយត្រឡប់មកកាន់ប្រទេសខ្លួនវិញ ក្រោយពីបញ្ចប់ការងាររួច។ ឧទាហរណ៍៖ បច្ចុប្បន្នមានពលករទេសន្តរ៍ប្រវេសន៍ជាច្រើននៅប្រទេស ថៃ ម៉ាឡេស៊ី ចិន ជប៉ុន ជាដើម។
«ដំណុះប្រជាជន»ការកើតមាន ឬកំណើនប្រជាជនយ៉ាងឆាប់រហ័ស នៅតំបន់ណាមួយនៃពិភពលោក ដោយមានចំណូលប្រជានជនពីក្រៅប្រទេស ធ្វើឲ្យតំបន់មួយដែលពីមុនគ្មានប្រជាន ឬមានប្រជាជនរស់នៅតិចបែរទៅជាមានប្រជាជនច្រើន។ ចំណែក«តំហាយប្រជាជន»មានន័យផ្ទុយពី«ដំណុះប្រជាជន»ដែលមានន័យថា ការថយចុះចំនួនប្រជាជននៅក្នុងតំបន់ណា នៃពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com