ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ធម្មតា​ប្រចាំថ្ងៃ​ដែល​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​បន្តិច​ម្ដងៗ ហើយ​អ្នក​ចាំបាច់​គួរ​ដឹង​
24, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ទម្លាប់​មួយចំនួន​ដូចជា​ជក់បារី ឬ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សុខភាព ប៉ុន្តែ​ក្រៅពីនេះ​ក៏​នៅមាន​ទម្លាប់​ធម្មតា​ប្រចាំថ្ងៃ​ផ្សេងទៀត​ដែល​បង្កបញ្ហា​គួរអោយ​ព្រួយបារម្ភ​ផងដែរ​។ ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



​ខាងក្រោម​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​សាមញ្ញៗ ប៉ុន្តែ​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​បន្តិច​ម្ដងៗ ៖

១. ទុក​កាបូប​លុយ​ក្នុង​ហោ​ប៉ាវ​ក្រោយ​
​ទម្លាប់​នេះ​ជះឥទ្ធិពល​មិនល្អ​សោះឡើយ​ចំពោះ​ឆ្នឹង​ខ្នង​ដែល​កើតឡើង​នៅពេល​អ្នក​អង្គុយ​លើ​កាបូប​លុយ​បង្ក​ភាពមិន​ស្មើគ្នា​។

២. អង្គុយ​ពេញ​មួយថ្ងៃ​
​ការ​ចំណាយពេល​អង្គុយ​ច្រើន​ក្នុង​មួយថ្ងៃៗ​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​! ការ​អង្គុយ​យូរៗ​ពេក​ក្នុង​មួយថ្ងៃ​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ហា​និ​​ភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​រួមបញ្ចូល​ទាំង​ជំងឺ​ធាត់​ជ្រុល ឈឺសន្លាក់ ពុក​ឆ្អឹង លើសឈាម ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​បេះដូង​។​

៣. គេង​ច្រើនពេក​
​ការ​គេង គឺ​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ល្អប្រសើរ​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​គេង​លើសពី ៧ ​ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​ឡើយ​! ក៏​ព្រោះ​វា​អាច​បង្ក​ជា​ផលប៉ះពាល់​ជំនួស​វិញ​។ ការ​គេង​ច្រើនពេក​ជាប្រចាំ​ត្រូវបាន​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​រួមមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​បេះដូង ជំងឺ​ធាត់​ជ្រុល និង​ការថយចុះ​នៃ​មុខងារ​ខួរក្បាល​ជាដើម​។​

៤. ទទួលទាន​អាហារ​លឿន​ពេក
​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន ឬ​ទំពា​អាហារ​លឿន​ពេក​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​សុខភាព​ជាច្រើន​។ ក្រៅពី​ជះឥទ្ធិពល​ដល់​ទម្ងន់​ហើយ​នោះ ការទទួល​ទាន​លឿន​ក៏​បង្កើន​​ហានិភ័យ​នៃ​ជំ​ងឹ​បេះដូង ទឹកនោមផ្អែម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។ អ្នក​ដែល​ទទួលទាន​លឿន​ច្រើនតែ​ទទួលទាន​ច្រើន​ជ្រុល​នោះ​ក៏​ព្រោះតែ​ជាធម្មតា​ខួរក្បាល​ត្រូវការ​រយៈពេល​ជា​មធ្យម ២០ នាទី​ពី​ពេលដែល​អ្នក​ចាប់ផ្ដើម​ទទួលទាន​ដើម្បី​បញ្ជូន​សញ្ញា​ថា​ឆ្អែត​។​

៥. ដុសធ្មេញ​ភ្លាមៗ​ក្រោយ​ទទួលទាន​រួច​
​ការ​ដុសធ្មេញ​ក្រោយ​ទទួលទាន​អាហារ​រួច​ភ្លាម​អាច​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​សុខភាព​ធ្មេញ​។​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​រងចាំ​យ៉ាងហោចណាស់ ៣០ នាទី​ក្រោយ​ទទួលទាន​អាហារ​សិន​មុននឹង​​ដុស​សម្អាត​ធ្មេញ​។ ធ្មេញ​របស់​យើង​ទទួលបាន​ការការពារ​ពី​កាចា ហើយ​ជាតិ​អាស៊ីត​ដែល​ត្រូវបាន​បង្កើតឡើង​ពី​អាហារ​ផ្សេងៗ​ធ្វើ​ឲ្យ​កាចា​ធ្មេញ​ចុះខ្សោយ ដូច្នេះ​ប្រសិនបើ​ដុសធ្មេញ​ភ្លាម​ក្រោយ​ទទួលទាន​នោះ​ធ្មេញ​នឹង​ងាយ​ទទួលរង​ផលប៉ះពាល់​។​

៦. ត្បារ​ត្រចៀក​
​ការសម្អាត​ត្រចៀក​ជាមួយ​សំឡី​ត្បារ​ត្រចៀក​ផ្ដល់​ផល​អាក្រក់​ច្រើនជាង​ល្អ​។ នោះ​ក៏​ព្រោះតែ​ការប្រើប្រាស់​សំឡី​ត្បារ​ត្រចៀក​មិន​ត្រឹមត្រូវ​អាច​រុញ​អាចម៍ត្រចៀក​ចូលក្នុង​កាន់តែ​ជ្រៅ​។ វា​ក៏​អាច​បង្ក​រោគ​ឆ្លង​ក្នុង​ត្រចៀក រលាក និង​ហឹ​ង​ត្រចៀក​ផងដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com