ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ប្រាប់​ជប៉ុន​ថា នៅតែ​សន្ទនា​ជាមួយ​អឺ​រ៉ុប​រឿង EBA តែ​មិនត្រូវ​បំពាន​អធិបតេយ្យ​
25, Sep 2019 , 10:52 am        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និង លោក MIKAMI Masahiro (រូបពីក្រសួងការបរទេស)
ជំនួបរវាងលោក ប្រាក់ សុខុន និង លោក MIKAMI Masahiro (រូបពីក្រសួងការបរទេស)
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​កិច្ចសន្ទនា​ជាមួយ​សហភាព​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ថ្លែង​ដូច្នេះ ក្នុងជំនួប​ជាមួយ​លោក MIKAMI Masahiro  ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។



​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​២៤ ខែកញ្ញា បាន​សរសេរ​ពីស​ម្តី​របស់លោក ប្រាក់ សុខុន នៅក្នុង​ជំនួប​នោះ យ៉ាង​ដូច្នេះ​ថា​៖«​ទន្ទឹមនឹង​កម្ពុជា ផ្តល់​សារៈសំខាន់​ដល់​ភាពជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប កម្ពុជា ក៏បាន​គូសបន្ទាត់​ក្រហម ដែល​មិនអាច​ឆ្លង​បាន នោះ​គឺ ដែន​អធិបតេយ្យ​របស់​កម្ពុជា​»​។

​សេចក្តី​ប្រកស​ព័ត៌មាន ពុំមាន​សរសរ​ពី​ការឆ្លើយតប​របស់​ឯក​អគ្គរាជទូត​ជប៉ុន ទៅកាន់​ប្រមុខ​ទូត​កម្ពុជា​អំពី​រឿង EBA ឡើយ​។ សេចក្តីប្រកាស​ព័ត៌មាន បាន​សរសេរ​អំពី​ការសរសើ​របស់​ឯកអគ្គ​រាជទូត​ជប៉ុន ចំពោះ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​។ លោក​ឯកអគ្គរាជទូត ក៏​សម្តែង​ក្តី​រីករាយ​ផងដែរ ចំពោះ​ការវិវត្ត​លើ​វិស័យ​ជាច្រើន​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។

​វា មាន​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ហើយ ដែល​សហភាព​អឺរ៉ុប ចាប់ផ្តើម​ដំណើរការ​នីតិវិធី​នៃ​ការដក EBA ពី​កម្ពុជា​។ ក្រោយ​ឆ្លង​កាន់​នីតិវិធី​៦​ខែ សហភាព​អឺរ៉ុប បានសម្រេច​ជំហាន​ដំបូង ក្នុងអំឡុង​ខែសីហា ឆ្នាំ​២០១៩ ដោយ​បានដាក់​របាយការណ៍​មកកាន់​កម្ពុជា ដើម្បី​ទាមទារ​លក្ខខណ្ឌ​មួយចំនួន ដូចជា​ឲ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស ជាដើម​។
​ភាគី​កម្ពុជា បានដាក់​របាយការណ៍​ឆ្លើយតប​ទៅវិញ ដោយបាន​ពន្យល់ថា កម្ពុជា មិនបាន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​ឬ​សិទ្ធិមនុស្ស​ឡើយ​។

​ជា​ជំហាន​បន្ទាប់ សហភាព​អឺរ៉ុប ត្រូវការ​ពេល​៣​ខែ​បន្ថែម ដើម្បី​បន្ត​សន្ទនា​ជាមួយ​កម្ពុជា​។ យ​៣​ខែក្រោយ​មកទៀត សហភាព​អឺរ៉ុប​នឹង ដាក់​របាយការណ៍​ចុងក្រោយ ជូន​រដ្ឋ​ជា​សមាជិក​ខ្លួន ដើម្បី​សម្រេច​ថា ដក EBA ពី​កម្ពុជា ឬ​បន្ត​ទុក​។ រដ្ឋ​ជា​សមាជិក អាច​នឹងត្រូវ​ការ​ពេល​៦​ខែ ក្នុងការ​សម្រេច​។ ដូច្នេះ ដំណើរការ​នីតិវិធី​នៃ​ការដក EBA ចេញពី​កម្ពុជា ត្រូវការ​ពេល​សរុប​ដល់​ទៅ​១៨​ខែ​។

​យ៉ាងណា ប្រមុខ​រដ្ឋាភិបាល ប្រកាស​កន្លងមក​ថា មិន​បារម្ភ​ពី​រឿង​សហភាព​អឺរ៉ុប ដក EBA នោះទេ​។ ប្រមុខ​រដ្ឋាភិបាល ប្រាប់​ប្រជាជន​ថា ទោះ បាត់ EBA ក៏​កម្ពុជា មិន​ស្លាប់​ដែរ​៕

Tag:
 កម្ពុជា​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com