ជាតិ
នយោបាយជាតិ
កម្ពុជា ប្រាប់ជប៉ុនថា នៅតែសន្ទនាជាមួយអឺរ៉ុបរឿង EBA តែមិនត្រូវបំពានអធិបតេយ្យ ជំនួបរវាងលោក ប្រាក់ សុខុន និង លោក MIKAMI Masahiro (រូបពីក្រសួងការបរទេស)
× រដ្ឋាភិបាលកម្ពុជា នៅតែបន្តកិច្ចសន្ទនាជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ថ្លែងដូច្នេះ ក្នុងជំនួបជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃ២៤ ខែកញ្ញា បានសរសេរពីសម្តីរបស់លោក ប្រាក់ សុខុន នៅក្នុងជំនួបនោះ យ៉ាងដូច្នេះថា៖«ទន្ទឹមនឹងកម្ពុជា ផ្តល់សារៈសំខាន់ដល់ភាពជាដៃគូជាមួយសហភាពអឺរ៉ុប កម្ពុជា ក៏បានគូសបន្ទាត់ក្រហម ដែលមិនអាចឆ្លងបាន នោះគឺ ដែនអធិបតេយ្យរបស់កម្ពុជា»។
សេចក្តីប្រកសព័ត៌មាន ពុំមានសរសរពីការឆ្លើយតបរបស់ឯកអគ្គរាជទូតជប៉ុន ទៅកាន់ប្រមុខទូតកម្ពុជាអំពីរឿង EBA ឡើយ។ សេចក្តីប្រកាសព័ត៌មាន បានសរសេរអំពីការសរសើរបស់ឯកអគ្គរាជទូតជប៉ុន ចំពោះការរីកចម្រើនរបស់កម្ពុជា។ លោកឯកអគ្គរាជទូត ក៏សម្តែងក្តីរីករាយផងដែរ ចំពោះការវិវត្តលើវិស័យជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
វា មានរយៈពេលជាងកន្លះឆ្នាំហើយ ដែលសហភាពអឺរ៉ុប ចាប់ផ្តើមដំណើរការនីតិវិធីនៃការដក EBA ពីកម្ពុជា។ ក្រោយឆ្លងកាន់នីតិវិធី៦ខែ សហភាពអឺរ៉ុប បានសម្រេចជំហានដំបូង ក្នុងអំឡុងខែសីហា ឆ្នាំ២០១៩ ដោយបានដាក់របាយការណ៍មកកាន់កម្ពុជា ដើម្បីទាមទារលក្ខខណ្ឌមួយចំនួន ដូចជាឲ្យស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ជាដើម។
ភាគីកម្ពុជា បានដាក់របាយការណ៍ឆ្លើយតបទៅវិញ ដោយបានពន្យល់ថា កម្ពុជា មិនបានធ្វើអ្វីឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យឬសិទ្ធិមនុស្សឡើយ។
ជាជំហានបន្ទាប់ សហភាពអឺរ៉ុប ត្រូវការពេល៣ខែបន្ថែម ដើម្បីបន្តសន្ទនាជាមួយកម្ពុជា។ យ៣ខែក្រោយមកទៀត សហភាពអឺរ៉ុបនឹង ដាក់របាយការណ៍ចុងក្រោយ ជូនរដ្ឋជាសមាជិកខ្លួន ដើម្បីសម្រេចថា ដក EBA ពីកម្ពុជា ឬបន្តទុក។ រដ្ឋជាសមាជិក អាចនឹងត្រូវការពេល៦ខែ ក្នុងការសម្រេច។ ដូច្នេះ ដំណើរការនីតិវិធីនៃការដក EBA ចេញពីកម្ពុជា ត្រូវការពេលសរុបដល់ទៅ១៨ខែ។
យ៉ាងណា ប្រមុខរដ្ឋាភិបាល ប្រកាសកន្លងមកថា មិនបារម្ភពីរឿងសហភាពអឺរ៉ុប ដក EBA នោះទេ។ ប្រមុខរដ្ឋាភិបាល ប្រាប់ប្រជាជនថា ទោះ បាត់ EBA ក៏កម្ពុជា មិនស្លាប់ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com