កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup៖ Spurs ត្រូវ​ក្រុម​នៃ​លី​គ​ទី​៤ Colchester ទម្លាក់​ត្រឹម​ជុំ​ដំបូង​
25, Sep 2019 , 11:14 am        
រូបភាព
​ក្រុម​លំដាប់​លី​គ​ទី​៤​អង់គ្លេស Colchester United បានផ្តល់​មេរៀន​ឈឺចាប់​ឲ្យ​ក្រុម Tottenham Hotspur ដោយ​ទម្លាក់​ក្រុម​ពី Premier League នេះ​ចេញពី​ពានរង្វាន់ EFL Cup ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​។​



Colchester ដែលជា​ក្រុម​ស្ថិតក្នុង​ក្របខណ្ឌ League 2 ទទួលបាន​កៅអី​ទៅកាន់​ជុំ​ទី​៤ តាមរយៈ​ការ​ឈ្នះ Spurs ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៤-៣ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ផ្លូវការ​ស្មើគ្នា ០-០ នា​ជំនួប​ជុំ​ដំបូង​នៅ​យប់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​។​



​ខ្សែបម្រើ​ឆ្នើម Christian Eriksen និង Lucas Moura បានធ្វើ​ឲ្យ​ក្រុម​មាន់​ខ្នាយ​មាស​ខក​ខានទៅ​វគ្គ​បន្ត ដ្បិត​មិនអាច​បញ្ចប់​ទី​បាន​រៀងខ្លួន​។ បរាជ័យ​របស់ Spurs បាន​នាំ​ឲ្យ Colchester ក្រោម​ការដឹកនាំ​របស់​លោក John McGreal ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​លើកដំបូង​ក្នុង​រយៈពេល​៤៤​ឆ្នាំ​ចុងក្រោយ​។​

​ក្រៅពី Spurs ក្រុម​ផ្សេងទៀត​ដែល​មកពី​លី​គ​កំពូល​អង់គ្លេស​សុទ្ធតែ​ឈ្នះ​ទាំងអស់​។ Leicester City បាន​យកឈ្នះ Luton Town ដោយ​លទ្ធផល ៤-០, Southampton ឈ្នះ Portsmouth ៤-០, Manchester City ឈ្នះ Preston North End ៣-០, Everton ឈ្នះ Sheffield Wednesday ២-០, Watford ឈ្នះ Swansea City ២-០ និង Arsenal លត់ Nottingham Forest ក្នុង​លទ្ធផល ៥-០៕


Tag:
 EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com