ជាតិ
​​​ន​យោ​បាយ​ជាតិ​
បណ្ឌិត សុខ ទូច៖ លោក សម រង្ស៊ី ជាត្រកូលអភិជន មិនមកជាប់គុកទេ
25, Sep 2019 , 1:00 pm        
រូបភាព
លោក សុខ ទូច ដែលមានងារជាបណ្ឌិតសភាចារ្យនិងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា សន្និដ្ឋានថា លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង នឹងមិនមកកម្ពុជាឡើយ។ លោក សម រង្ស៊ី ប្រកាសថា លោក នឹងដឹកនាំកម្លាំងចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរ។



លោក សម រង្ស៊ី មិនអាចមកកម្ពុជា តាមការសន្យា ព្រោះលោក ដឹងខ្លួនថា ការអំពាវនាវឲ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ងើបបះបោរជាមួយលោក គឺមិនអាចទៅរួច។ នេះហេតុផលមួយរបស់លោក សុខ ទូច ដោយលោក បន្ថែមហេតុផលមួយទៀតថា ភរិយារបស់លោក សម រង្ស៊ី គឺអ្នកស្រី ជូឡុង សូមូរ៉ា ជាអ្នកហាមឃាត់ មិនឲ្យលោក សម រង្សី ធ្វើមាតុភូមិនិវត្ត។

ការអះអាងរបស់លោក សុខ ទូច គឺធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពីផែនការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ លោក បកស្រាយដូច្នេះថា៖«...កុំសង្ឃឹមថាមក មិនមកទេ។ មានមេមួយទៀតធំណាស់ ដែលមិនឲ្យមក គឺប្រពន្ធ។ ខ្ញុំបានសិក្សារួចហើយ [Reseach] ទៅណាមកណា ឲ្យតែឡើងផុតពីស្រុកខ្មែរទៅ លិខិតឆ្លងដែន [Passport] គឺប្រពន្ធកាន់»។

ប្រធានរាជបណ្ឌិត្យសភារូបនេះ បរិយាយទៀតថា៖«មកក្នុងអាយុ៧០ ជាប់គុកតែ១០ឆ្នាំឡើង៨០....។ សម រង្ស៊ី [និង] ភរិយា គឺត្រកូលអភិជន។ បើត្រកូលអភិជន មិនមកដេកទុកទេ ជនរួមជាតិត្រូវចាំ។ អ្នកដែលដេកគុក គឺយុវជនសាមញ្ញ ដែលមិនដឹងអី គឺអ្នកផ្កាប់មុខ»។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បញ្ជាក់ជារឿយៗថា កាលបរិច្ឆេទនិងផែនការវិលត្រឡប់របស់លោកមកកាន់កម្ពុជា នឹងមិនផ្លាស់ប្តូរឡើយ។ លោក អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស រួមដំណើរមកជាមួយលោក ហើយក៏អំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងស្រុក ត្រៀមទទួលលោកផងដែរ។ ទន្ទឹមនេះ លោក បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល ហើយងាកទៅចូលរួមជាមួយលោក៕

Tag:
 សម រង្ស៊ី
  សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com