ជាតិ
សង្គមជាតិ
រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបំបាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន អះអាងនិងប្តេជ្ញាចិត្តជាថ្មី ក្នុងការគាំទ្រ និងការអនុវត្តវិធានការប្រឆាំង នឹងអំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ព្រមទាំងចូលជាមួយរដ្ឋជាសមាជិកនិងអង្គការដទៃទៀត ដើម្បីទប់ស្កាត់អំពើនេះ។
ការចូលរួមលុបបំបាត់អំពើទាំងនេះរបស់កម្ពុជា គឺជាភាពចាំបាច់នៃសីលធម៌ និងភាពចាំបាច់នៃប្រតិបត្តិការដើម្បីធានាបាននូវប្រសិទ្ធិភាព និងភាពដែលអាចជឿទុកចិត្តបាន។ នេះបើយោងតាមប្រសាសន៍របស់សម្តេចហ៊ុន សែន នៅក្នុងវីដេអូខ្លីមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
សម្តេចបន្តថា អ្នកថែរក្សាសន្តិភាព ត្រូវតែទទួលខុសត្រូវចំពោះមុខប្រជាជន។ បើតាមប្រមុខរដ្ឋាភិបាល កងទ័ពមួកខៀវកម្ពុជាដែលកំពុងបេសកម្មនានា នៅអាហ្វ្រិកកណ្តាល ប្រទេសស៊ូដង់ លីបង់ និង ម៉ាលី បានប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយខាងលើនេះ ប្រកបដោយការទទួលខុសត្រូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និង វិន័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com