អន្តរជាតិ
ប្រធានរដ្ឋសភា​អាមេរិក ប្រកាស​បើក​នីតិវិធី​ស៊ើបសួរ​ដើម្បី​ដកតំណែង​ប្រធានាធិបតី​លោក ត្រាំ​
25, Sep 2019 , 8:19 pm        
រូបភាព
លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក (ឆ្វេង) និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក (ឆ្វេង) និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ដោយ:
​ប្រធានសភា​តំណាង​អាមេរិក លោកស្រី Nancy Pelosi បានប្រកាស​បើក​នីតិវិធី​ស៊ើបសួរ​ផ្លូវការ​នៃ​ការបណ្តេញ​ប្រ​ធានា​ធីប​តី ដូ​ណា​ល់ ត្រាំ ពី​តំណែង​។ លោកស្រី អះអាងថា លោក​ត្រាំ បាន​ក្បត់​ពាក្យសម្បថ​នៅពេល​ចូលកាន់​តំណែង ដោយ​ចង់​សុំ​ជំនួយ​ពី​កម្លាំង​បរទេស​ដើម្បី​ដាក់​សម្ពាធ​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ លោក Joe Biden ខណៈ​ការបោះឆ្នោត​អាមេរិក​ជិត​មកដល់​នា​ឆ្នាំ​២០២០​ខាងមុខ​។​



​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​រដ្ឋធានី វ៉ាស៊ីនតោន លោកស្រី​ប្រធានរដ្ឋសភា Nancy Pelosi គូសបញ្ជាក់ថា ទង្វើ​ក្នុង​អាណត្តិ​លោក ត្រាំ បាន​លាតត្រដាង​អង្គហេតុ​មិន​ស្មោះត្រង់ នៃ​អំពើ​ក្បត់​របស់​ប្រធានាធិបតី​ចំពោះ​ពាក្យសម្បថ​របស់លោក​នៅ​ពេល​ចូលកាន់​តំណែង​, អំពើ​ក្បត់​ចំពោះ​សន្តិសុខ​ជាតិ និង​អំពើ​ក្បត់​ចំពោះ​សុចរិត​ភាព​នៃ​ការបោះឆ្នោត​អាមេរិក​។

អត្ថបទទាក់ទង

«​ម្ល៉េះ​ហើយ ខ្ញុំ​សម្រេច​ប្រកាស​ឲ្យ​សភា​តំណាង​អាមេរិក​ដំណើរការ​ទៅមុខ​ជាមួយ​ការ​ស៊ើបសួរ​ជា​ផ្លូវការ នៃ​ការបណ្តេញ [​ប្រធានាធិបតី​ពី​តំណែង​]»​។ លោកស្រី បញ្ជាក់​បែបនេះ ដោយ​សង្កត់ធ្ងន់ថា ប្រធានាធិបតី​ត្រូវ​ទទួល​រ៉ាប់រង​ចំពោះ​រឿងនេះ ហើយ​គ្មាន​បុគ្គល​ណាមួយ នៅលើ​ច្បាប់​ឡើយ​។

​ការ​ឈានដល់​ការប្រកាស​បើក​នី​តី​វិធីដក​តំណែង​ប្រធានាធិបតី​នេះ បាន​បញ្ឆេះ​ឡើង​ក្រោយ​លេច​ធ្លាយ​របាយការណ៍​មួយ​ថា លោក ត្រាំ ប៉ុនប៉ង់​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ជាប់ឆ្នោត​ថ្មី លោក Volodymyr Zelensky ឲ្យ​បើក​ការស៊ើបអង្កេត​ស្វែងរក​អំពើពុករលួយ​លើ​លោក Biden និង​កូនប្រុស ដែល​បានធ្វើ​ជំនួញ​ក្នុងប្រទេស​អឺរ៉ុប​ខាងកើត​នេះ​។

​ក្រោយ​ដឹង​រឿងនេះ លោក​ដូ​ណា​ល់ ត្រាំ បាន​ប្រតិកម្ម​លើ​បណ្តាញ​សង្គម Twitter ថា​៖«​ការ​បៀត​បៀត​ប្រធានាធិបតី​»​។ បន្ថែម​នេះ លោក បន្តថា​៖«​ជា​ថ្ងៃ​ដ៏​សំខាន់​នៅ​អង្គការសហប្រជាជាតិ ការងារ​ច្រើន និង​ជោគជ័យ​ច្រើន​, បែរជា​បក្ស​ប្រជាធិបតេយ្យ​ត្រូវ​បំផ្លាញ​វា​ទៅវិញ​»​។

​លោក ដូ​ណា​ល់ ត្រាំ សារភាពថា​បាន​ពិភាក្សា​រឿង​លោក Biden ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelensky ប៉ុន្តែ​ច្រានចោល​រឿង​ថា លោក​ភ្ជាប់​លុយ​រាប់លាន​ដុល្លារ​ក្នុង​ជំនួយ​ទៅកាន់​ក្រុង​កៀវ ដើម្បី​ឲ្យ​ពួកគេ​បើក​ការស៊ើបអង្កេត​លើ​លោក​អតីត​អនុ​ប្រធានាធិបតី​អាមេរិក ជំនាន់​លោក អូ​បា​ម៉ា ។

​ទន្ទឹមនេះ នៅ​ថ្ងៃ​អង្គារ ២៤ កញ្ញា មេដឹកនាំ​អាមេរិក​រូបនេះ បាន​បញ្ជាក់ថា លោក​បាន​ផ្អាក​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មាន​គោលដៅ​តែមួយគត់ គឺ​ដើម្បី​បង្ខំ​ឲ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប​បង្កើន​ការគាំទ្រ​ពួកគេ​ដល់​រដ្ឋាភិបាល​របស់លោក Zelensky៕

Tag:
 សហរដ្ឋអាមេរិក​
  រដ្ឋសភា​
  ដូ​ណា​ល់​ត្រាំ​
  Impeachment
© រក្សាសិទ្ធិដោយ thmeythmey.com