FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
​អ្នកស្រី Grecco ដែលជា​ម្តាយ​ដ៏​មហិមា ឈ្នះ​ពាន «​អ្នកគាំទ្រ​ល្អ​បំផុត​» របស់ FIFA
25, Sep 2019 , 9:59 pm        
រូបភាព
​អ្នកស្រី Silvia Grecco ទទួលបាន​ពានរង្វាន់​អ្នកគាំទ្រ​ល្អ​បំផុត FIFA Fan Award ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​មិន​ធ្លាប់មាន នា​ពិធី​ប្រគល់​ពាន The Best FIFA Football Awards ប្រចាំឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​២៣ ខែកញ្ញា នាទី​ក្រុង Milan ប្រទេស​អ៊ីតាលី​។​



អត្ថបទទាក់ទង

​តាមរយៈ​ការចាប់​អារយ​ម្មណ៍​របស់​អ្នកយកព័ត៌មាន​របស់​ទូរទស្សន៍​ប្រេ​ស៊ី​ល បាន​នាំ​ឲ្យ​អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់ Palmeiras អ្នកស្រី Silvia Grecco រូបនេះ​ទទួលបាន​ពានរង្វាន់​អ្នកគាំទ្រ​ល្អ​បំផុត​សម្រាប់​ឆ្នាំ​២០១៩​។​



​អ្នករាយការណ៍​ព័ត៌មាន​ឲ្យ​ទូរទស្សន៍ បាន​កត់សម្គាល់ឃើញ​អ្នកគាំទ្រ​ក្រុម Palmeiras សញ្ញា​តិ​ប្រេ​ស៊ី​ល​រូបនេះ​និយាយ​ជាមួយ​កូនប្រុស​ពិការភ្នែក​របស់​អ្នកស្រី​ឈ្មោះ Nickollas អំឡុង​ជំនួប​ដ៏​ធំ​នៃ​លី​គ​កំពូល​ប្រេ​ស៊ី​ល​ទល់នឹង Corinthians ហើយក៏​ត្រូវ​អ្នក​កាន់​កាមេរ៉ា​ថត​ទុក​។

​ក្នុងជំនួប​នោះ អ្នកស្រី​ជា​អ្នក​អធិប្បាយ​ផ្ទាល់​ទៅកាន់​កូនប្រុស​ដែល​មិនអាច​មើលឃើញ​ការប្រកួត​ទាំងមូល​បាន​។ ក្រោយមក នៅពេល​អ្នកស្រី Grecco និង Nikollas ដែលមាន​អាយុ​១១​ឆ្នាំ​ចាក​ចេញពី​កីឡដ្ឋាន វីដេអូ​នោះ​ត្រូវបាន​ក្រុមការងារ​ទូរទស្សន៍​ផ្សាយ​នៅ​ទូទាំងប្រទេស​ប្រេ​ស៊ី​ល​តែម្តង​។​

Grecco បាន​ប្រាប់​វិទ្យុ CBN ក្នុង​ក្រុង Sao Paulo ថា​៖«​ពួកគេ​បាន​ចាក់ផ្សាយ​វី​ដូ​នោះ​ដោយ​រៀបរាប់​ទៅកាន់​អ្នកទស្សនា ថា​មាន​ម្តាយ​ម្នា​ក់បាន​អធិប្បាយ​អំពី​សកម្មភាព​ប្រកួត​របស់​កីឡាករ​នៅលើ​ទីលាន​ទៅកាន់​កូនប្រុស​របស់គាត់​ដែល​ពិការភ្នែក​និង​មាន​ជំងឺ​ផង​»​។​



​អ្នកស្រី​បន្ថែមថា «​ខ្ញុំ​មិន​ទាំង​ដឹងថា​ពួកគេ​កំពុង​ថត​ខ្ញុំ​ផង​ទេ​។ នៅពេលដែល​ខ្ញុំ​ចាក​ចេញពី​កីឡាដ្ឋាន​ខ្ញុំ​សម្គាល់​ឃើញ​មនុស្ស​ជាច្រើន​និយាយ​អំពី​សកម្មភាព​នោះ​។ នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ខ្ញុំ​បានធ្វើ​សម្រាប់​កូន ខ្ញុំ​ធ្វើបែបនេះ​ច្រើន​ឆ្នាំ​មកហើយ យ៉ាងហោចណាស់​ក៏​ម្តង​ក្នុង​មួយខែ​ដែរ ... ប៉ុន្តែ​ពួកគេ​ម​មើលមិនឃើញ​ព្រោះ​មនុស្ស​ច្រើន​»​។​

​អ្វីដែល​គួរ​ឲ្យ​កោតសរសើរ​នោះ Nickollas ដែល​បាន​កើតមុន​កាលកំណត់​ដល់​ទៅ​៤​ខែ ត្រូវបាន​អ្នកស្រី Grecco យកទៅ​ចិញ្ចឹម​រហូតដល់​សព្វថ្ងៃ​។ បើ​ទោះ​មិនមែនជា​កូនបង្កើត ប៉ុន្តែ​អ្នកស្រី​បានផ្តល់​ក្តី​ស្រឡាញ់ នឹង​ភាពទន់ភ្លន់​ដែល​មើលទៅ​លើសពី​អ្វីដែល​ម្តាយ​ដទៃ​បានផ្តល់​ឲ្យ​កូន​ទៅទៀត​។​



Grecco ដែលជា​អ្នកគាំទ្រ​ក្លិប Palmeiras ដ៏​ងប់​ង​ល់​មួយ​រូបនោះ​បន្ថែមថា​៖«​ខ្ញុំ​មិនមែនជា​ម្តាយបង្កើត​របស់ Nickollas ទេ​។ ខ្ញុំ​តែងតែ​រៀបរាប់​ល​ម្អិ​អំពី​សកម្មភាព​ប្រកួត​និង​បរិយាកាស​ក្នុង​កីឡដ្ឋាន​ទៅកាន់ Nickollas ហើយ​សូម្បីតែ​កីឡាករ​លាប​សក់ ពាក់​ស្បែកជើង​ពណ៌​អ្វី និង​ពាក់អាវ​ឈុត​ណា​ក៏​ប្រាប់​ទៅ​កូនប្រុស​គ្មាន​សល់​ដែរ​»​។​

​ភាព​អស្ចារ្យ​ទាំងនេះហើយ​ទើប​ធ្វើ​ឲ្យ​អ្នកស្រី Grecco ឈ្នះ​ពានរង្វាន់​អ្នកគាំទ្រ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ជាមួយនឹង​សំឡេងគាំទ្រ​ពី​ការបោះឆ្នោត​រហូតដល់ ៥៨,៣៦ ភាគរយ​។​
FIFA Fan Award ជា​ពាន​មួយ​ក្នុងចំណោម​ពាន​ទាំង​១១ ដែល​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) រៀបចំ​សម្រាប់​ផ្តល់ជូន​កីឡាករ កីឡាការិនី គ្រូបង្វឹក និង​អ្នកគាំទ្រ​ឆ្នើម​ជា​រៀងរាល់​១​ឆ្នាំ​ម្តង​៕


Tag:
 Best FIFA Fan
  Best FIFA Player
© រក្សាសិទ្ធិដោយ thmeythmey.com