ជាតិ
សុខភាព
អាហារ​អ្វីខ្លះ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​មិនគួរ​ទទួលទាន​?
30, Sep 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំងឺ​ទឹកនោមផ្អែម​ជាធម្មតា​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​។ នេះ​ក៏​ព្រោះតែ​រាងកាយ​របស់​ពួកគេ​មិនអាច​បង្កើត ឬ​ប្រើប្រាស់​អាំង​ស៊ុយ​លីន​ប្រកបដោយ​ប្រសិទ្ធភាព​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អ្វីដែល​អ្នកទទួល​ទាន​ចៀសវាង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ប្រុងប្រយ័ត្ន​ក្នុងការ​ទទួលទាន​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឳ្យ​ដឹង​ពី​អាហារ​ដែល​គួរ​ចៀសវាង ៖
១. បា​យស​
​បា​យស​ធ្វើ​ឳ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឆាប់រហ័ស​ដោយសារ​វា​មាន​ផ្ទុក​ជាតិ​សរសៃ​តិច ប៉ុន្តែ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ដែល​រាងកាយ​បំ​លែង​ទៅជា​ជាតិ​ស្ករ​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​កាត់បន្ថយ​បា​យស ហើយ​ព្យាយាម​ទទួលទាន​បាយ​អង្ករសម្រូប​ជំនួស​វិញ​ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់​។ ជាតិ​សរសៃ​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឳ្យ​មាន​ស្ថេរភាព​។​

២. ដំណាំ​ផ្លែឈើ​
​ទោះបីជា​ដំណាំ​ផ្លែឈើ​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន ប៉ុន្តែ​ដំណើរការ​ស​ម្ងួ​ត​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ធម្មជាតិ​នៃ​ផ្លែឈើ​កាន់តែ​ខ្ពស់​។ ដូច្នេះ​អ្នក​គួរ​ចៀសវាង ឬ​ទទួលទាន​ក្នុង​កម្រិត​សមល្មម​។ ហើយ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​ទទួលទាន​ផ្លែឈើ​ស្រស់ៗ​ជំនួស​វិញ​។​

៣. អាហារ​សម្បូរ​ជាតិ​ខ្លាញ់​
​ថ្វីត្បិតតែ​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិន​បណ្ដាល​ឳ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដោយផ្ទាល់ ប៉ុន្តែ​វា​រួមចំណែក​បង្កើន​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​របស់​រាងកាយ​។ លើសពីនេះទៅទៀត​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ត្រូវការ​ពេល​យូរ​ដើម្បី​រំលាយ​ដែល​អាច​ជះឥទ្ធិពល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ទោះជា​យ៉ាងណា​នេះ​មិនមែន​មានន័យថា​អ្នក​កំពុងមាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​និង​អ្នកជំងឺ​ទឹកនោមផ្អែម​មិនអាច​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​បានតែ​ម្ដង​នោះទេ គឺអាច​ញ៉ាំ​បាន​ក្នុង​បរិមាណ ឬ​កម្រិត​សមល្មម​។​

៤. គ្រឿង​បន្ថែម​ក្នុង​កាហ្វេ​

​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម​ច្រើន គឺ​មិនមែនជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ឡើយ​។ ដូច្នេះ​ដើម្បី​ការប្រសើរ​ចូរ​ចៀសវាង​បន្ថែម​គ្រី​ម ស្ករស ទឹក​ស្ករ និង​ទឹក​ស៊ី​រ៉ូ​ក្នុង​កាហ្វេ​ដើម្បី​ទប់ស្កាត់​ជាតិ​ស្ករ​ក្នុង​ឈាម​មិនអោយ​ឡើង​ខ្ពស់​។​

៥. ទឹក​ផ្លែឈើ​ដប ឬ​កំប៉ុង​
​ភាគច្រើន​នៃ​ភេសជ្ជៈ​ប្រភេទ​នេះ​មាន​ផ្ទុក​ជាតិ​ស្ករ​ដើម្បី​បង្កើន​រសជាតិ​។ ដូច្នេះ​អ្នក​គួរ​ជ្រើសរើស​ទឹក​ផ្លែឈើ​ស្រស់ៗ​ជំនួស​វិញ​។​

៦. អាហារ​កញ្ចប់​

​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ឬ​អ្នក​ដែល​មិន​ចង់​កើត​ជំងឺ​នេះ គួរ​ចៀស​ឲ្យ​ផុតពី​ការទទួល​ទាន​អាហារ​កញ្ចប់​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុងការ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​អាច​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ហើយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​ឈាម​បង្ក​ទៅជា​បញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ លើសពីនេះទៅទៀត ការទទួល​ទាន​អាហារ​កញ្ចប់​ច្រើន​ក៏បង្ក​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​ដែល​អាច​នាំអោយ​កើតមាន​ជំងឺ​ទឹកនោមផ្អែម​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com