អន្តរជាតិ
ចិន សម្ពោធ​ព្រលានយន្តហោះ​ទីក្រុង​ប៉េកាំង​ថ្មី​ដែល​អាច​ទទួល​អ្នកដំណើ​រ​៧០​លាន​ក្នុង​មួយឆ្នាំ​
25, Sep 2019 , 10:39 pm        
រូបភាព
អាកាសយានដ្ឋានអន្តរជាតិ Daxing
អាកាសយានដ្ឋានអន្តរជាតិ Daxing
​នៅ​ថ្ងៃទី​២៥ ខែកញ្ញា អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ ត្រូវបាន​បើក​ជា​ផ្លូវការ​នៅក្រោយ​អធិបតីភាព​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង មុន​ថ្ងៃ​គំរប់​ខួប​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី ៧០​។ អាកាសយានដ្ឋាន​មួយ​នេះ នឹងត្រូវ​បាន​គេ​រំពឹងថា នឹងមាន​ការប្រកួតប្រជែង​ជាមួយ​អាកាសយានដ្ឋាន​អាមេរិក និង​ក្លាយជា​បណ្ដុំ​អ្នកដំណើរ​ដ៏​ធំ​របស់​ពិភពលោក​។



​អាកាសយានដ្ឋាន​មាន​រាង​ដូចនឹង​ផ្កាយ​សមុទ្រ ដែលមាន​ទីតាំងនៅ​ភាគខាងត្បូង​ទីក្រុង​ប៉េកាំង នឹង​ជួយ​សម្រាល​បន្ទុក​អាកាសយានដ្ឋាន​អន្តរជាតិ Beijing Capital International Airport នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​។ អាកាសយានដ្ឋាន​នេះ បាន​ឈានដល់​កម្រិត​ពេញបន្ទុក ដោយមាន​យន្តហោះ​ធ្វើដំណើរ​ចេញចូល​ជាច្រើន​ពេក និង​បង្ក​ឲ្យ​មានការ​ពន្យារ​ជើងហោះហើរ​ជានិច្ច​។​

​អាកាសយានដ្ឋាន​នេះ មានឈ្មោះ​កាត់​ថា PKX នឹង​ក្លាយជា​ប្រភព​ដ៏​សំខាន់​ក្នុង​អភិវឌ្ឍ​ចិន ត្រូវបាន​សម្ពោធ​ដោយ​ប្រធានាធិបតី ស៊ី ជិន​ភីង​។ បើតាម​កម្មវិធី Umetrip ដែលជា​កម្មវិធី​ហោះហើរ​ចិន ជើងហោះហើរ​ដំបូង​បំផុត ត្រូវ​ចេញពី​អាកាសយានដ្ឋាន​មួយ​នេះ​នៅ​ម៉ោង​៣:៣០​នាទី​ថ្ងៃទី​២៥ ខែកញ្ញា​តែម្ដង​។​

​មាន​ចំងាយ​ឆ្ងាយ​ជាង​អាកាសយានដ្ឋាន​ចាស់​ជិត​ពីរដង ព្រលានយន្តហោះ Beijing Daxing International Airport  នឹង​បើក​ឲ្យ​ដំណើរការ​ពេញលេញ​នៅក្នុង​ឆ្នាំ ២០២៥ ជាមួយនឹង​ផ្លូវ​សម្រាប់​ហោះហើរ​ចំនួន ៤ និង​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួល​ភ្ញៀវទេសចរ ៧២​លាន​នាក់​ក្នុង​មួយឆ្នាំ​។ ជាពិសេស​នៅក្នុង​ឆ្នាំ ២០៤០​ខាងមុខ​ទៀត មជ្ឈមណ្ឌល​មួយ​នេះ​នឹង​ពង្រីក​ទៅជា ៨​ផ្លូវ រួមបញ្ចូល​មួយ​ផ្លូវ​ទៀត​សម្រាប់​យោធា​ប្រើប្រាស់​។

​ពិតណាស់ថា ក្នុង​ឆ្នាំ ២០៤០ អាកាសយានដ្ឋាន​មួយ​នេះ ត្រូវបាន​គេ​ប្រមាណ​ថា នឹង​អាច​ទទួល​ភ្ញៀវទេសចរ​បាន ១០០​លាន​នាក់ ដែលជា​ចំនួន​ដ៏​ច្រើនជាងគេបង្អស់ ក្នុងចំណោម​ព្រលាន​ដែលមាន​សំណង់​អាគារ​តែម​យ​ប៉ុណ្ណោះ​។ ព្រលានយន្តហោះ​អាមេរិក Atlanta អាច​ទទួល​ភ្ញៀវទេសច​រ​បាន​រហូតដល់​ជាង ១០០​លាន​នាក់ ប៉ុន្តែ​មាន​អាគារ (Terminal) ចំនួន​ពីរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Channel New Asia​។

​អាកាសយានដ្ឋាន​ភាគខាងត្បូង​ទីក្រុង​ប៉េកាំង​មួយ​នេះ មាន​ទំហំ ៧​សែន​មែត្រ​ការ៉េ ឬ​ស្មើរ​នឹង​ទំហំ​តារាង​បាល់ទាត់​ចំនួន ១០០ ។ វា​ជា​បណ្ដុំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ដ៏​ធំ​មួយ ក្នុងចំណោម​អាកាសយានដ្ឋាន​ពិភពលោក​ផ្សេងទៀត​។ ចំពោះ​ការ​គូស​ប្លង់​វិញ អាគារ​មួយ​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​លោកស្រី Zaha Hadid ស្ថាបត្យករ​ល្បីឈ្មោះ​ដែល​បានទទួល​មរណភាព​ក្នុង​ឆ្នាំ ២០១៦​។ សម្រាប់​ការ​រចនា​ផ្នែក​ខាងក្នុង​វិញ អាគារ​ទាំងមូល​មាន​លំអរ ដោយ​ផ្កា បន្ទាត់កោង ភ្លើង ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មាន​ភាព​ការពេញចិត្ត​។ ចំណែក​នៅ​ខាងក្រោម​អាកាសយានដ្ឋាន​វិញ វា​មាន​ស្ថានីយ​រថភ្លើង សម្រាប់​ឲ្យ​អ្នកដំណើរ​ជិះ​ទៅ​កណ្តាល​ទីក្រុង​ប៉េកាំង​ត្រឹមតែ ២០​នាទី​ប៉ុណ្ណោះ​។​

​បន្ថែម​ពីលើ​នេះ​ទៅទៀត ការចំណាយ​លើ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ Daxing បាន​អស់ ១៧,៥​ពាន់​លាន​ដុល្លារ ឬ​អាច​ច្រើនជាង​នេះ ប្រសិនបើ​គិត​ជាមួយ​ផ្លូវ​រថភ្លើង​ទៅក្នុង​តម្លៃ​នេះ ។​

​សូមបញ្ជាក់ថា អាកាសយានដ្ឋាន​ចិន​ភាគខាងត្បូង និង​ភាគ​ខាងកើត គឺជា​អាកាសយានដ្ឋាន​ដ៏​សំខាន់​នៅក្នុង​ស្រុក Daxing​។ ចំណែក​អាកាសចរណ៍​បរទេស​ចំនួន​៥០​ក្រុមហ៊ុន រួមបញ្ចូល​ក្រុមហ៊ុន British Airways និង Finnair មាន​គម្រោង​នឹង​ផ្លាស់ប្តូរ​ប្រតិបត្តិការ​របស់ខ្លួន​ក្នុង​រយៈពេល​ពីរ ឬ​បី​ត្រីមាស​ទៀត​ទៅ​អាកាសយានដ្ឋាន​ថ្មី​នេះ​ផងដែរ​៕


Tag:
 ចិន​
  អាកាសយានដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com